ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បិទ​វគ្គ​ហ្វឹកហ្វឺន​នៅ​កងពលតូច​លេខ​១៤ ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ វគ្គ​ហ្វឹកហ្វឺន​នៅ​ហ្នឹង​កន្លែង  វគ្គ​បំប៉ន​បញ្ជាការ ខ​.​គ និង​វគ្គ​ពង្រឹង​វរៈ​សេនា​តូច​លេខ​១៤២ នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១៤ ដែល​បាន​ដំណើរការ​អស់​រយៈពេល​០៥​ខែ​កន្លង​មកនេះ បាន​ប្រារព្ធ​ពិធី​បិទ​កាលពី​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​។

លោក​ឧត្តមសេនីយ៍ទោ គឹ​ម សេង​ង​ន មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១៤ មាន​ប្រសាសន៍​ថា ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​២០១៦ របស់​កងពលតូច​អន្តរាគមន៍​លេខ​១៤ នា​ពេល​នេះ ស្រប​បរិយាកាស​អំណោយផល និង​ភាព​ធូរស្រាល​នៃ​សភាពការណ៍​រួម​របស់​ប្រទេស​ជាតិ​ដែល​កំពុង​វិវឌ្ឍន៍​រីក​ចំរើន​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោ​ទ​នៈ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយឡែក​ចំពោះ​សន្តិសុខ​ទិស​របស់​អង្គភាព​ទទួលខុសត្រូវ ក៏​មាន​សភាព​ស្ងប់ស្ងាត់​ដោយ​យើង​នៅ​តែ​បន្ត​អនុវត្តន៍​ម៉ឺងម៉ាត់​ចំពោះ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង និង​អាជ្ញាធរ​មូលដ្ឋាន​យើង​រក្សា​បាន​ស្ថេ​រ​ភាព​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ជា​វិជ្ជមាន​។ ជាមួយ​ភារកិច្ច​ស្នូល​របស់​អង្គភាព​ក្រៅពី​កិច្ច​ការពារ​បូរណភាព​ទឹកដី អង្គភាព​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​សហការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​បាន​បន្ត​ពង្រឹងកម្លាំង​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ឆ្លើយ​តប​ភារកិច្ច​ដោយ​បាន​បញ្ចូល​យោធិន​គ្រប់​ថ្នាក់​ទៅ​ចូលរួម​បំប៉ន​រៀនសូត្រ​នូវ​គ្រប់មុខ​ជំនាញ តាម​បណ្ដា​សាលា​ក្នុង និង​ក្រៅប្រទេស តាម​ផែនការ​របស់​ថ្នាក់លើ​។ វគ្គ​ហ្វឹកហ្វឺន​នៅ​ហ្នឹង​កន្លែង​មាន​រយៈពេល​៣០​ថ្ងៃ​, វគ្គ​ហ្វឹកហ្វឺន​ថ្នាក់​បញ្ជាការ ខ​.​គ មាន​រយៈពេល​៦១​ថ្ងៃ និង​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​វរ​សេនា​តូច​លេខ​១៤២ មាន​រយៈពេល​៦១​ថ្ងៃ មាន​សិក្ខាកាម​សរុប​៦២៥​នាក់​។

លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មេបញ្ជាការ​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១៤ ដែល​បាន​ដឹកនាំ​គ្រប់គ្រង​កម្លាំង​បាន​ល្អ និង​អភិវឌ្ឍន៍​ទីបញ្ជាការ​មានការ​រីក​ចំរើន​គួរ​ឲ្យ​កត់សម្គាល់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ កងទ័ព​ជា​របង​ការពារ​ទឹកដី​នៃ​ប្រទេស​ជាតិ​ដ៏​សំខាន់ ដូច្នេះ​យើង​ត្រូវ​ពង្រឹងកម្លាំង​គ្រប់ពេលវេលា​ក្នុង​ការ​ត្រៀមប្រយុទ្ធ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ចំពោះ​កងកម្លាំងប្រដាប់អាវុធ ពិសេស​កម្លាំង​ជួរ​មុខ​ដោយ​បាន​ផ្ដល់​ស្បៀង គ្រឿង​ឧ​ប​ភោ​ប​បរិ​ភោ​ប ថ្នាំពេទ្យ និង​សម្លៀក​បំពាក់​ជាដើម​។ យើង​ទាំងអស់​គ្នា​ជា​កង​យោធពលខេមរភូមិន្ទ​ត្រូវ​ស្មោះត្រង់​ជាមួយ​ជាតិ សាសនា ព្រះ​មហា​ក្ស​, ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត​នូវ​រាល់​ការ​ប៉ុនប៉ង​ទាំងឡាយ​ណា​ដែល​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​កើត​ចេញពី​ការ​បោះ​ឆ្នោត​។ ការ​បើក​វគ្គ​ហ្វឹកហ្វឺន គឺ​ដើម្បី​ឲ្យ​កងទ័ព​យើង​ចេះ​ពី​លំ​ហាត់​របៀប  អប់រំ​ចិត្តសាស្ត្រ  វិន័យ​កងទ័ព  ជំនាញ​យុទ្ធវិធី  ឋានលេខា  បច្ចេកទេស​អាវុធ​ថ្មើរជើង និង​ចំណេះដឹង​ផ្សេង​ៗ​ទៀត​។

ក្នុង​ឱកាស​នោះ ក៏​មាន​ធ្វើ​ពិធី​បំពាក់​មេដាយ​ការងារ  គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ​ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ផង​ដែរ​។ លោក​ឧត្តម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​១៥៥​កា​រ៉ុ​ង មី​១១៨​កេស  និង​ធុង​ទឹក​ចម្រោះ​ចំនួន​០៥ ដល់​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១៤​។ ដោយឡែក​យោធិន​ចូល​និវត្តន៍​ចំនួន​៦៨​នាក់ ឧបត្ថម្ភ​ម្នាក់​មី​០១​កេស  អង្ករ​០១​កា​រ៉ុ​ង និង​ថវិកា​៥០.០០០​រៀល​៕