សាហាវ ! ចិន​-​វៀតណាម​ព្រួត​គ្នា​ដេញ​វ៉ៃ​នគរបាល​និង​សន្តិសុខ​ខ្មែរ​

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​នគរបាល​និង​សន្តិសុខ​៣​នាក់​ត្រូវ​ជនបរទេស​ទំនើង​១​ក្រុម​មាន​ចិន​និង​វៀតណាម​ដេញ​វាយ​រហូត​ដល់​មុខ​បន្ទប់​​នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ផ្កាយ​៥​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ម៉ោងជាង​២​ទាប​ភ្លឺ ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៦ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​ម្នាក់​ជា​នគរបាល ឯ​២​នាក់​ទៀត​ជា​សន្តិសុខ​កាស៊ីណូ​ផ្កាយ​៥ ប៉ុន្តែ​សុំ​មិន​ប្រាប់​ពី​អត្តសញ្ញាណ​ឡើយ ។ ចំណែក​ជន​បង្ក​មាន​ប្រុស​ៗ​ជនជាតិ​ចិន​៤​នាក់ និង​នារី​វ័យក្មេង​ស្រស់​ស្អាត​វៀតណាម​ម្នាក់ ។

ជួប​ផ្ទាល់​ជាមួយ​អ្នក​យក​ព័ត៌មាន​«​កោះសន្តិភាព​»​នៅ​ព្រឹក​ថ្ងៃ​ទី​៤​កញ្ញា​នេះ ក្រុម​សន្តិសុខ​កាស៊ីណូ​ផ្កាយ​៥​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន ដោយ​ដំបូង​ក្រុម​បង្ក​ស្រវឹង​ស្រែក​ឡូឡា ពេល​នោះ​សមត្ថកិច្ច និង​សន្តិសុខ​ទៅ​ហាមឃាត់ ព្រោះ​ខ្លាច​រំខាន​ដល់​ភ្ញៀវ​ដទៃ ស្រាប់តែ​ក្រុម​ជន​ទំនើង​ទាំងនោះ​ដេញ​វាយ​ទាំង​នគរបាល និង​សន្តិសុខ​តែ​ម្តង ។ ក្រុម​សន្តិសុខ​បន្ត​ថា នគរបាល​ម្នាក់​ត្រូវ​របួស​ត្រង់​ពោះ ឯ​សន្តិសុខ​២​នាក់​ទៀត​របួស​តិចតួច ហើយ​រត់​ចូល​បន្ទប់​ស្ទើរតែ​មិន​ទាន់ ព្រោះ​ក្រុម​ជន​បង្ក​ដេញ​វាយ​រហូត​ដល់​មុខ​បន្ទប់ ។

ប្រភព​បាន​ប្រាប់​ទៀត​ថា ក្រុម​ជន​បង្ក​ចាប់​បាន​អី​គប់​ហ្នឹង​មាន​ដែក​ជ្រុង ដុំ​ថ្ម ចង្ក្រានហ្គាស​ជាដើម ប៉ុន្តែ​ពួក​គេ​មិនដឹង​ថា បញ្ហា​ខាងលើ​នេះ​ត្រូវ​បាន​ដោះស្រាយ​យ៉ាងណា​ជាមួយ​ជន​រង​គ្រោះ​តែ ស្រាប់តែ​ក្រុម​បង្ក​ត្រឡប់​ទៅ​វិញ​អស់​ដោយ​រលូន​តែ​ម្តង ។

គួរ​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ជនជាតិ​ចិន​សម្រុក​មក​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ហាក់​មាន​ចំនួន​ច្រើន​ឡើង​ៗ មិនដឹង​ថា​មក​ប្រកប​របរ​អ្វី​នោះ​ទេ ហើយ​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​មួយ​ចំនួន​ត្រូវ​បាន​ជនជាតិ​ចិន​ជួល​រស់នៅ​ជា​ក្រុម​ៗ​ទៀត​ផង ៕