កងរថក្រោះ​តួ​ក​គី​បើក​រណសិរ្ស​ថ្មី​នៅ​ស៊ី​រី ខណៈ​អា​មេ​រិ​ក​ប្រើ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុ​ក្កែ​ត​ចូល​ស៊ី​រី​ដែរ

តួ​ក​គី​កាលពី​ថ្ងៃ​ទី​៣ កញ្ញា បាន​បញ្ជូន​រថក្រោះ​ទៅ​កាន់​ភូមិ AL-RAI របស់​ស៊ី​រី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​នេះ​ជា​ការ​បើក​រណសិរ្ស​មួយទៀត តាំងពី​ចាប់ផ្តើម​អន្តរាគមន៍​របស់​ខ្លួន​ចូល​ដែនដី​ស៊ី​រី​ពី​ខែសីហា​មក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល ANATOLIE រាយការណ៍​ថា រថក្រោះ​ចំនួន​២០​គ្រឿង នា​វេលា​រសៀល​បាន​លុក​ចូល​ភូមិ​នេះ​ចេញពី​ខេត្ត​ព្រំដែន KILIS ដើម្បី​ជួយ​ទ្រទ្រង់​ខាង​យោធា​ដល់​ពួក​ឧទ្ទាម​ស៊ី​រី បន្ទាប់​ពី​វាយ​បណ្តេញ​រួច​ហើយ​ពួក​ជី​ហា​ដ​ចេញពី​ភូមិ​ជា​ច្រើន​នៅ​ភាគ​ខាងជើង​ស៊ី​រី ។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពួក​ឧទ្ទាម​បាន​វាយ​រុលទៅមុខ​យ៉ាង​រហ័ស ដណ្តើម​យក​បាន​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នូវ​តំបន់​ជា​ច្រើន​តាម​ព្រំដែន​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​កងកាំភ្លើងធំ​តួ​ក​គី និង​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ឯកជន​ស៊ី​រី DOGAN បញ្ជាក់​ថា រថក្រោះ​តួ​ក​គី​យ៉ាងតិច​២០​គ្រឿង និង​រថពាសដែក​ដឹក​ទ័ព​៥​គ្រឿង ព្រមទាំង​បណ្តា​រថយន្ត​កាំ​មី​ញ៉ុ​ង និង​រថពាស​ដែក​ឯទៀត​ៗ​បាន​ឆ្លងកាត់​ព្រំដែន ។ ក្នុង​ប្រតិបត្តិការ​ជើង​គោក​ថ្មី​នេះ បណ្តា​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​ង​ការ​បាញ់កាំភ្លើង​ធំ ។ ចំណែក​បណ្តា​យន្តហោះ​ប្រដេញ​តួ​ក​គី​បាន​កម្ទេច​ទីតាំង​២​បស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ខាងត្បូង​ភូមិ AL-RAI ។ នាយសេនាធិការ​កងទ័ព​តួ​ក​គី​ក្នុង​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​ថា ភូមិ​២ និង​ព្រ​លាន​យន្តហោះ​មួយ​នៅ​ជុំវិញ AI-RAI ត្រូវ​បាន​ពួក​ឧទ្ទាម​ជួយ​ទ្រទ្រង់​ដោយ​ក្រុង​អង់កា​រ៉ា​វាយ​ដណ្តើម​យក​បាន ។

រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ភូមិ AL RAI ត្រូវ​បាន​វាយ​កាន់កាប់​ម្តងម្នាក់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ពួក​ឧទ្ទាម ។ កាលពី​ថ្ងៃ​ទី​២៤ សីហា ចម្ងាយ​៦០​គីឡូម៉ែត្រ​ពី​ទីនោះ ពួក​ឧទ្ទាម​ស៊ី​រី​ស្និទ្ធ​តួ​ក​គី​វាយ​យក​បាន​ទីក្រុង JARABLOUS ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដោយសារ​ការ​ជួយ​វាយលុក​ផ្ទេ​ក​បន្ទោរ​មួយ​របស់​តួ​ក​គី​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វាយលុក​មានឈ្មោះ​ថា «BOUCLIER DE L’EUPHRATE» ។

ចំណែក​កងទ័ព​អា​មេ​រិ​ក​វិញ កាលពី​យប់​ថ្ងៃ​ទី​២ មក​ទី​៣ កញ្ញា បាន​វាយប្រហារ​លើ​គោលដៅ​ទាំងឡាយ​របស់​ពួក​ជី​ហា​ដ​ដោយ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចល័ត​ដែល​ទើប​ដាក់​ពង្រាយ​នា​ពេល​ថ្មី​ៗ​នេះ ជិត​ព្រំដែន​តួ​ក​គី​-​ស៊ី​រី ។ នេះ​ជា​ការ​អះអាង​តាម TWITTER របស់​បេសកជន​ពិសេស​ប្រធានាធិបតី​អា​េ​ម​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អម​ក្រុមចម្រុះ​ប្រឆាំង​រដ្ឋ​អ៊ិ​ស្លា​ម​លោក BRETT MCGURK ។

ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​អង់កា​រ៉ា​គូសបញ្ជាក់​ថា នេះ​ជា​វិធានការ​នៃ​កិច្ច​សហប្រតិបត្តិការ​អា​េ​ម​រិ​ក​-​តួ​ក​គី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋអ៊ិ​ស្លា​ម ៕