ចិន និង​អ៊ុយ​ក្រែ​ន ព្រមព្រៀង​គ្នា​ផលិត​យន្តហោះ​យក្ស​ធំ​ជាង​A380​ទៅ​ទៀត

ក្រុមហ៊ុន​អ៊ុយ​ក្រែ​ន ANTONOV និង​ក្រុមហ៊ុន​ចិន AEROSPACE INDUSTRY CORPORATION OF CHINA (AICC) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ផលិត​យន្តហោះ​យក្ស AN-225 MRIYA ថ្មី ។

ផលិត​កាលពី​ឆ្នាំ​១៩៨៨ យន្តហោះ​កា​ហ្គោ​យក្ស​សម័យ​កាលនោះ ផលិត​តែ​១​គ្រឿង​គត់ ហើយ​បណ្តា​អ្នកឯកទេស​ខាង​យន្តហោះ​ស្គាល់​ច្បាស់ ព្រោះ​វា​ជា​យន្តហោះ​ធំ​ជាងគេ​បំផុត ដែល​ហោះហើរ​លើ​អាកាស ។​ទំហំ​យន្តហោះ​នេះ​ធំ​ជាង​យន្តហោះ A380 របស់​ក្រុមហ៊ុន AIRBUS ជា​យន្តហោះ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ទៅ​ទៀត ។ យន្តហោះ AN-225 មាន​ប្រវែង​១១​ម៉ែត្រ វែង​ជាង​យន្តហោះ A380 ដែល​មាន​ត្រឹម​៧៣​ម៉ែត្រ ។ យន្តហោះ AN-225 មាន​ប្រវែង​៨៤​ម៉ែត្រ ក៏​មាន​ទម្ងន់​ធ្ងន់​ជាង A380 ដល់​ទៅ​៣៨% គឺ​ស្ទើរតែ​៦០០​តោន​ឯណោះ ។

យន្តហោះ AN-225 ថ្មី​មាន​ម៉ាស៊ីន​រេ​អាក់​ទ័​រ​៦ ហើយ​មាន​ប្រវែង​៨៨​ម៉ែត្រ អាច​ដឹក​បាន​ដល់​២៥៣​តោន​ក្នុង​ចម្ងាយ​ផ្លូវ​លើស​ពី​១០.០០០​គីឡូម៉ែត្រ ។ និយាយ​រួម​មក យន្ត​ហោះ​​យក្ស​នេះ​អាច​ដឹក​ក្នុង​តួ​របស់​វា​នូវ​យន្តហោះ AIRBUS A340 (​ទម្ងន់​២៤០​តោន​) ដែល​ពុំ​ទាន់​ដំឡើង​រវាង​ក្រុង​ទូ​លូ​ស និង​ក្រុង SEATTLE សហរដ្ឋ​អា​មេ​រិ​ក ។

ឧទាហរណ៍​ប្រទេស​អូស្ត្រាលី​នា​ពេល​ថ្មី​ៗ​នេះ​ធ្លាប់​ជួល​យន្តហោះ​យក្ស​នេះ ដើម្បី​ដឹក​ឧបករណ៍​មជ្ឈមណ្ឌល​អគ្គិសនី​មួយ​មាន​ទម្ងន់​១១៧​តោន ពី​ចុង​មួយ​ទៅ​ចុង​មួយទៀត​របស់​ប្រទេស ។ ដូច្នេះ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អ៊ុយ​ក្រែ​ន ANTONOV នឹង​ផលិត​ម៉ូ​ដែល​ទី​២ នៃ​យន្តហោះ​នេះ​សម្រាប់​ប្រទេស​ចិន មុន​ពេល​ប្រគល់​ផលិតកម្ម​ឱ្យ​ដល់​ក្រុមហ៊ុន​ចិន AICC ។ យោង​តាម​កិច្ចព្រមព្រៀង​គឺ​ចិន​ដែល​នឹង​ផលិត​ក្រោម​អាជ្ញាប័ណ្ណ​របស់ ANTONOV ចាប់ពី​ឆ្នាំ​២០១៩​ទៅ នូវ​យន្តហោះ​កា​ហ្គោ​យក្ស​ធុន​នេះ​ថ្មី​ៗ​ទៀត ៕