រដូវ​បិទ​នេសាទ នៅ​តែ​មិន​គោរព

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ មាន​ខណ្ឌ​ផ្នែ​គ និង​សង្កាត់​រដ្ឋបាល​ជលផល កាលពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៦ បាន​សហការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ដាក់​របាំ​សាច់​អួន​៨​កន្លែង ក្នុងភូមិ​សាស្ត្រ ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ដែល​ត្រូវ​បាន​ជនខិលខូច​លួចលាក់​ធ្វើ​បទល្មើស​ក្នុង​រដូវ​បិទ​នេសាទ ។

លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា បទល្មើស​នេសាទ​នៅ​តែ​លួច​កើត​មាន​ឡើង បើ​ទោះជា​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ខិតខំ​ចុះ​បង្ក្រាប​យ៉ាងណា​ក្តី ក៏​ប៉ុន្តែ​វា​មិន​មាន​ទ្រង់ទ្រាយ​ធំដុំ​នោះ​ទេ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២ កញ្ញា ២០១៦ នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង មន្ត្រី​ផ្នែក និង​សង្កាត់​ជលផល រួម​ទាំង​មន្ត្រី​យោធា​កងរាជអាវុធហត្ថ និង​នគរបាល​ផង សរុប​ចំនួន​២១​នាក់ ប្រើប្រាស់​កម្លាំង​កាណូត​បា​ឡា​ស្មាច់​ចំនួន​៦​គ្រឿង បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដាក់រ​បាំងសាច់​អួន​ក្រឡា​ញឹក នៅ​ចំណុច បឹង​ជួន​តូច ចំណុច​បឹង​ជួន​ធំ ចំណុច​បឹង​ព្រលូង និង​ចំណុច​កោះ​បូ​សាលា ក្នុងភូមិ​សាស្ត្រ ឃុំ​សំរោង​សែន ស្រុក​កំពង់ លែង។

ជា​លទ្ធផល​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ដាក់​របាំ​សាច់​អួន​បាន​៨​កន្លែង ស្មើនឹង​៨៥០​ម៉ែត្រ លប​លូ​សាច់​អួន​១៦​មាត់ បង្គោល​៣០០​ដើម និង​ចាក់​លែង​ត្រី​៤០​គីឡូ​ចូល​ទន្លេ​វិញ។ ក្នុង​ថ្ងៃ​នោះ​ដែរ មន្ត្រី​ជំនាញ​បាន​ប្រមូល​អ្នកនេសាទ​បាន​ប្រមាណ​៣០​នាក់ មក​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ជលផល និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​នេសាទ​ដោយ​ខុសច្បាប់ ដូច​ជា​ដាក់រ​បាំងសាច់​អួន របាំង​ស្បៃ​មុង ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ជាដើម ។

សូម​បញ្ជាក់​ថា ក្នុង​ថ្ងៃ​បង្ក្រាប​បទល្មើស​នោះ សមត្ថកិច្ច​មិន​បាន​ចាប់​អ្នក​ប្រព្រឹត្តិ​បទល្មើស​ណា​ម្នាក់​ផ្តន្ទាទោស​នោះ​ទេ គឺ​គ្រាន់តែ​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​តែ​ប៉ុណ្ណោះ​៕