នារី​ស្រស់​ស្អាត​ម្នាក់​ថា​ចោរ​ចូល​ប្លន់​ដល់​ក្នុងផ្ទះ សមត្ថកិច្ច​ថា​មិនទំនង​សោះ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​​ម្នាក់​បាន​អះអាង​ថា ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ប្លន់​ដល់​ក្នុងផ្ទះ​យក​រថយន្ត ម៉ូតូ និង​រើ​កកាយ​យក​ទ្រព្យសម្បត្តិ​អស់ ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​បាន​និ​យា​យ​ថា មិន​ទាន់​អាច​ជឿជាក់​ទាំងស្រុង​ថា ជា​ករណី​ចោរប្លន់​ពិតប្រាកដ ឬ​បែប​ណា​ឡើយ ព្រោះ​ការ​រៀបរាប់​របស់​នារី​រង​គ្រោះ​ហាក់ដូចជា​មិនសូវ​ទំនង​សោះ ។ ហេតុការណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្នុង​បុរី ឡាយ​គង់ ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នារី​រង​គ្រោះ​មានឈ្មោះ ឆេ​ង កញ្ញា អាយុ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ បាន​អះអាង​ប្រាប់​នគរបាល​ថា នាង​បាន​បាត់បង់​រថយន្ត​ម៉ាក Lexus RX 330 មួយ​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា Click ១​គ្រឿង ព្រ​ទ្យ​សម្បត្តិ និង​លុយ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

នារី​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ថា មុន​ពេល​កើត នាង​បាន​ចេញពី​កំសាន្ត​សប្បាយ​នៅ​ក្នុង​ក្លិប Darling នៅ​ណា​ហ្គា​វើ​ល ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​បាន​បើកបរ​រថយន្ត​តែ​ម្នាក់ឯង​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ពេល​ទៅ​ដល់​ផ្ទះ​ចុះ​ពីលើ​រថយន្ត ស្រាប់តែ​ត្រូវ​បាន​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​រថយន្ត និង​ម៉ូតូ ។ បន្ទាប់​មក​ក្រុម​ចោរ​បាន​បើករថយន្ត​ដឹក​នាង​មួយ​ជុំរក​កន្លែង​ចាក់​សាំង លុះ​ពេល​ចាក់​សាំង​ពេញ​ហើយ ក៏​នាំ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ចូល​ទៅ​រើ​កកាយ​យក​ទ្រព្យសម្បត្តិ និង​លុយកាក់​មួយ​ចំនួន​ទៀត រួច​ទើប​ចាប់​នាង​ចង និង​បាន​នាំ​គ្នា​បើករថយន្ត និង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ មន្ត្រី​នគរបាល​មួយ​រូប​បាន​ឲ្យ​ដឹង​ថា នៅ​មិន​ទាន់​ជឿជាក់​ថា ជា​ករណី​ប្លន់​ពិតប្រាកដ ឬ​បែប​ណា​នៅឡើយ​ទេ ព្រោះ​មុន​ដំបូង​នារី​រង​គ្រោះ បាន​ប្រាប់​ថា ក្រុម​ចោរ​មាន​គ្នា​៣-៤​នាក់ ប៉ុន្តែ​ក្រោយមក​ប្រាប់​ថា មាន​គ្នា​តែ​២​នាក់​ប៉ុណ្ណោះ ហើយ​ជិះ​ម៉ូតូ​១​គ្រឿង​តាម​ប្លន់​នាង​ដល់​ក្នុងផ្ទះ ។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​មានការ​សង្ស័យ​នោះ គឺ​ត្រង់​ថា ចោរ​មាន​គ្នា​តែ​២​នាក់ ហើយ​ប្លន់​យក​រថយន្ត​ផង និង​ម៉ូតូ​ផង ចុះ​ម៉ូតូ​ដែល​ពួក​ចោរ​ជិះ​ធ្វើ​សកម្មភាព​នោះ​ទុក​នៅឯណា? ឯ​ចំណុច​មួយទៀត គឺ​នាង​ប្រាប់​ថា ក្រោយ​ពេល​ប្លន់​បាន​រថយន្ត​ហើយ ចោរ​មិន​ព្រម​គេចខ្លួន​ទេ បែរជា​បើករថយន្ត​ដឹក​នាង​មួយ​ជុំរក​កន្លែង​ចាក់​សាំង​ពេញ​ហើយ​ទើប​ដឹក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​បន្ត​ចូល​ទៅ​រើ​កកាយ​ក្នុងផ្ទះ​យក​បាន​លុយ​មួយ​ចំនួន រួច​ទើប​គេចខ្លួន​បាត់ ។ ឯ​ចំណុច​មួយទៀត​នាង​និយាយ​ថា ពេល​ចោរ​ធ្វើ​សកម្មភាព​ប្លន់​នោះ​បាន​សំឡុត​សួរ​នាង​ថា តើ​រថយន្ត​១​គ្រឿង​នេះ ឪពុក​អញ​ទិញ​ឲ្យ​នាង​ឯង​មែន​ទេ? ចំណែក​ផ្ទះ​នេះ​ក៏​ផ្ទះ​ឪពុក​អញ​ទិញ​ឲ្យ​ដែរ​មែន​ទេ? ។

ទាំង​អស់នេះ​គឺជា​ចំណុច​ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង ថា​តើ​រឿង​ពិត​វា​យ៉ាងណា ៕