ជម្លោះ​ដណ្ដើម​កាន់​កាប់​ដី​ដែល​មិន​ទាន់​កំណត់​ព្រំ​ប្រទល់​ច្បាស់លាស់​នៅ​ខេត្ត​កំពង់ឆ្នាំង

សហគមន៍​ព្រៃ​ឈើ​ស្ទឹង​ខ្សាច់​ស និង​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៧០​គ្រួសារ កំពុង​ដណ្ដើម​គ្នា​កាន់​កាប់​ដី​ព្រៃ​ដែល​មិន​ទាន់​កំណត់​ព្រំ​ប្រទល់ ឬ​កម្មសិទ្ធិ​ច្បាស់លាស់។ ភាព​មិន​ច្បាស់លាស់​នេះ បាន​ឈាន​ដល់​តំណាង​សហគមន៍ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ឃាត់​គ្រឿងចក្រ ដែល​ពលរដ្ឋ​ខ្លះ​អះអាង​ថា​បាន​ជួល​ឲ្យ​កាយ​ដី​ទួល និង​ព្រៃ​លើ​ដី​របស់​ខ្លួន​មាន​លិខិត​កាន់​កាប់។

តំណាង​សហគមន៍​ព្រៃ​ឈើ​ស្ទឹង​ខ្សាច់​ស ឋិត​នៅ​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ ឲ្យ​ដឹង​ថា សហគមន៍ អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ គ្រោង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ដើម្បី​ដោះស្រាយ​រឿង​គ្រឿងចក្រ ១​គ្រឿង​ដែល​បាន​ឃាត់​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បរិបូរណ៍។

តំណាង​សហគមន៍​ព្រៃ​ឈើ លោកស្រី ប៉ិញ អាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា អេស្ការ​ដែល​បាន​ឃាត់​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ក្នុង​ព្រៃ​សហគមន៍​ត្រង់​ចំណុច​ខ្លុង​រលើង ត្រូវ​ពលរដ្ឋ​ខ្លះ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​វិញ។ លោកស្រី​បដិសេធ​នូវ​ការ​ស្នើសុំ​នេះ ដោយ​លោកស្រី​យល់​ថា បើ​ដោះលែង នោះ​ជន​ល្មើស​នឹង​ប្រើ​គ្រឿងចក្រ​នេះ​ទៅ​កាយ​បំផ្លាញ​ព្រៃ​ឈើ​សហគមន៍​ទៀត៖ «សម្រាប់​ខ្ញុំ​អត់​ឲ្យ​មាន​ការ​ដោះលែង​ទេ ព្រោះ​បើ​សិន​យើង​ដោះលែង​ដូច​លែង​ឲ្យ​ជន​ល្មើស​ហ្នឹង​បាន​ដៃ​បណ្ដោយ។ ឈូស​ឆាយ​ដី​ព្រៃ​ពេញ​ទំហឹង​ហើយ ព្រោះ​អី​ព្រះរាជអាជ្ញា​ទៅ​ចាប់​ដែរ សូម្បី​អភិបាល​ស្រុក​ក៏​បាន​ទៅ​ដល់​កន្លែង​ហ្នឹង ថា​កន្លែង​ហ្នឹង​ថា​ជា​តំបន់​ព្រៃ ហើយ​កន្លែង​យើង​ដាំ​កូន​ឈើ​កាល​ពី​មុន​ទៀត»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​យោធា​ដែល​ជា​ម្ចាស់​គ្រឿងចក្រ លោក មាស សារ៉េត ហៅ ឌី បាន​ច្រាន​ចោល​ការ​អះអាង​របស់​តំណាង​សហគមន៍​ស្ទឹង​ខ្សាច់​ស ដែល​ថា​ដី​នៅ​ចំណុច​ខ្លុង​រលើង ជា​ដី​ព្រៃ​សហគមន៍។ លោក​ថា ការ​ពិត​ដី​នៅ​តំបន់​នោះ គឺ​ជា​ដី​របស់​ពលរដ្ឋ​មាន​លិខិត​កាន់​កាប់​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ-ឃុំ​តាំង​ពី​មុន​ឆ្នាំ​២០០០ និង​ខ្លះ​នៅ​ឆ្នាំ​២០០៨ ហើយ​លោក​គ្រាន់​តែ​ជា​អ្នក​ស៊ី​ឈ្នួល​ប៉ុណ្ណោះ៖ «គេ​ទទួល​ស្គាល់​តែ​ដី​ស្ទឹង​ខ្សាច់​ស ដី​ស្ទឹង​ខ្សាច់​ស​ហ្នឹង​គឺ​ជា​ដី​គេ​ប្រគល់​ទៅ​ឲ្យ​សហគមន៍។ ដល់​អ៊ីចឹង​ទៅ សហគមន៍​បាន​បែងចែក​គ្នា​អស់​ទៅ​ហើយ! ជាមួយ​តែ​សហគមន៍​គ្នា​គេ​ហ្នឹង​នោះ ហើយ​បង្វិល​មក​យក​ដី​ប្រជាពលរដ្ឋ​ដែល​មាន​ពាក្យ​កាន់​កាប់​របស់​គេ​ត្រឹមត្រូវ។ អ៊ីចឹង​ហើយ​បាន​នៅ​ក្នុង​ពាក្យ​ស្នើសុំ​របស់​គេ​មាន​តាំង​ពី​មេ​ឃុំ និង​ចៅហ្វាយ​ស្រុក​ដែល​ស៊ីញេ​ឲ្យ​គេ ដើម្បី​ដាក់​ជូន​លោក​អភិបាល​ខេត្ត​ពិនិត្យ (លិខិត​ភ្ជាប់​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ចំនួន ៣៦​នាក់ ដើម្បី​អន្តរាគមន៍​រំដោះ​គ្រឿងចក្រ

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៣៦​នាក់ លោក ប៉ាល់ ឆាំ ដែល​គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​គ្រឿងចក្រ​ឲ្យ​ដឹង​ថា នៅ​គ្រា​ដែល​សហគមន៍​ពុំ​ទាន់​មាន​លិខិត​ទទួល​ស្គាល់​ជា​ផ្លូវ​ការ និង​កំណត់​ព្រំ​ប្រទល់​ច្បាស់លាស់​ដោយ​ក្រសួង​មាន​សមត្ថកិច្ច យ៉ាង​ហោច​ណាស់​មាន​អ្នក​ភូមិ​នៃ​ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ និង​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ ប្រមាណ ៧០​គ្រួសារ កំពុង​មាន​ដី​កាន់​កាប់​នៅ​តំបន់​នេះ៖ «វា​មិន​មែន​ពាក់ព័ន្ធ​តែ​ប៉ុណ្ណឹង​ទេ​ណា​ក្មួយ (ពលរដ្ឋ ៣៦​គ្រួសារ) ខ្ញុំ​ប្រាប់​ឲ្យ​ហើយ​មាន ៧០​គ្រួសារ បើ​សិន​ជា​មាន​ការ​ធ្វើ​ការ​តវ៉ា​ទៀត ហើយ​ខ្ញុំ​អ៊ីចឹង ខ្ញុំ​បាន​ចង់​ឲ្យ​រក​យុត្តិធម៌​ដោះស្រាយ​មើល តើ​វា​សមស្រប​ឬ​អត់​ដែល ៧០​គ្រួសារ​ហ្នឹង​គេ​មក​យក​ដោយ​ស្វ័យប្រវត្តិ ហើយ​ម្ចាស់​ទឹក​ដី​បែរ​ជា​អត់​បាន»

មេ​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ លោក ប្លង់ វ៉ាត ធ្លាប់​ស្នើ​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ចុះ​ពិនិត្យ និង​វាស់វែង​ជាក់ស្ដែង​លើ​ដី​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នេះ បែងចែក​ជូន​ពលរដ្ឋ និង​នៅ​សល់​ទំហំ​ប៉ុន្មាន ដាក់​ចូល​ជា​ព្រៃ​សហគមន៍។ បើ​ដី​នៅ​តំបន់​នេះ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​កំណត់​ព្រំ​ប្រទល់ ឬ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ច្បាស់លាស់​នោះ បញ្ហា​នឹង​នៅ​តែ​បន្ត​កើត​មាន​រហូត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។