ស្លាប់​35​នាក់​ដោយសារ​ការ​បុក​គ្នា​រវាង​រថយន្ត​បឺស និង​រថយន្ត​ស៊ីទែន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

អាជ្ញាធរ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៣៥​នាក់ ស្លាប់​កាលពី​ថ្ងៃ​ទី​៤ កញ្ញា ក្នុង​ការ​បុក​គ្នា​ចំ​ពីមុខ​រវាង​រថយន្ត​បឺស​មួយ​គ្រឿង និង​រថយន្ត​ន​កាំ​មី​ញ៉ុ​ង​ស៊ីទែន​មួយ​នៅ​ខេត្ត​ហ្សា​ប៊ុល​ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន ។

អភិបាលខេត្ត​លោក BISMILLAH AFGHANAMAL ថ្លែងប្រាប់ AFP ថា រថយន្ត​បឺស​រត់​រវាង​ទីក្រុង​កាន់​ដា​ហារ និង​ក្រុង​កា​ប៊ុល ពេល​បុក​គ្នា​ជាមួយ​រថយន្ត​ស៊ីទែន ។ គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣៥​នាក់ និង​របួស​ជាង​២០​នាក់ ។ ការ​បុក​គ្នា​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​រថយន្ត​ទាំង​២ និង​មាន​ជន​រង​គ្រោះ​ច្រើន​នាក់ ក្នុង​នោះ​មាន​នារី និង​កុមារ ។ សាកសព​មនុស្ស​ទាំងឡាយ​ត្រូវ​ភ្លើង​ឆេះ​រោល​មើល​លែង​ស្គាល់ ។

យោង​តាម​លោក GHULAM FARAHI ប្រមុខ​រង​ប៉ូលិស​ខេត្ត​ហ្សា​ប៊ុល​ថា អ្នក​របួស​មួយ​ចំនួន​បញ្ជូន​មក​មន្ទីរពេទ្យ​ក្រុង​កាឡា​តទី​ប្រជុំ​ខេត្ត ព្រមទាំង​ទៅ​កាន់​ខេត្ត​ជិតខាង​កាន់​ដា​ហារ ។

ផ្លូវថ្នល់​រវាង​ក្រុង​កាន់​ដា​ហារ និង​ក្រុង​កា​ប៊ុល​កាត់​តាម​តំបន់​នានា​ដែល​មាន​សកម្មភាព​ខ្លាំង​របស់​ពួក​ឧទ្ទាម​តា​លី​បង់ ។ អ្នក​បើករថយន្ត​តែង​បើក​លឿន​ៗ ចៀសវាង​កុំឱ្យ​ជួប​ពួក​តា​លី​បង់ ៕