នៅ​តែ​លក់ទំនិញ​បាត់​គុណភាព

ខេត្ត​ប៉ៃលិន ៖ ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ជា​ច្រើន ដូច​ជា​មី​កញ្ចប់​តូច ធំ ទឹកក្រូច​ដប​ជ័រ ម្សៅ​ស៊ុប​ខ្នរ អូ​វ៉ា​ន់ទី​ន កាហ្វេ​កញ្ចប់ នំ​កញ្ចប់ ទឹកម្ទេស ជាដើម ត្រូវ​បាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ទន្ទឹម​គ្នា​នោះ​ដែរ ខាង​កាំកុងត្រូល​ក៏​បាន​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​តាម​ភូមិ​ឱ្យ​យល់​ដឹង​អំពី​ស្លាក​សញ្ញា​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ដែល​អាច​ប្រឈម​នឹង​ការ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ក្មេង​ចាស់​ថែម​ទៀត​ផង ។

ហេតុការណ៍​ចុះ​ពិនិត្យ​ទំនិញ​ខូចគុណភាព​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ភ្នំ​ព្រាល ភូមិ​ដីស្អិត ក្នុង​ផ្សារ​ឃា ភូមិ​អូរ​ដូនតា​លើ អូរ​ដូនតា​ក្រោម ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា បញ្ហា​សុខភាព​ជា​រឿង​មួយ​ដ៏​សំខាន់​បំផុត គេ​ចង់បាន​សម្រាប់​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី ខណៈ​ដែល​យើង​ទទួល​អាហារ​មានគុណ​ភាពល្អ តែបើ​ប៉ះ​ចំ​ម្ហូបអាហារ​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​បង្ក​ទៅ​ជា​ជំងឺ​រោគា និង​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ជាក់​ជា​មិន​ខាន ។ ជា​ពិសេស​ក្មេង​តូច​ៗ​ដែល​ហូប​អាហារ​មាន​សារធាតុ​គីមី ឬ​ហួស​កាលបរិច្ឆេទ​អាច​ធ្វើ​ឱ្យ​រលាក​បំពង់ក​. ក្តៅខ្លួន រាក​រុស ក្អួតចង្អោរ និង​ទទួល​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀត​ដែរ ។

លោក​បន្ត​ទៀត​ថា នៅ​តាម​ភូមិ​មួយ​ចំនួន​ខាងលើ ភ្នាក់ងារ​របស់​លោក​មិន​ធ្លាប់​ចុះ​ទៅ​ពិ​ន្យិ​ពី​មុន​មក​នោះ​ទេ តែ​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ទើប​ខាង​លោក​ចុះ​ទៅ​ពិនិត្យ​រក​ឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ជា​ច្រើន ដែល​របស់​ទាំងនេះ បើ​ធ្លាក់​ដល់​ដៃ​អ្នក​ភូមិ​ដូច​ជា​ក្មេង​តូច​ៗ​នោះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ជាក់​ជា​មិន​ខាន។ លើស​ពី​នេះ​លោក ក៏​បាន​ពន្យល់​ដល់​អាជីវករ​ឱ្យ​ចេះ​មើល​ថ្ងៃ​កំណត់​របស់​ទំនិញ បើ​ឃើញ​ហួស​សុពលភាព​ហើយ​ត្រូវ​បោះចោល​ភ្លាម មិន​ត្រូវ​បន្ត​លក់​ជូន​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ហូប​នោះ​ទេ ។ ម្យ៉ាងវិញទៀត ការ​លក់ដូរ​ស្រា​.​ស​នៅ​តាម​តូប​នានា​ក្នុងភូមិ ខាង​លោក​ក៏​សុំ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជៀសវាង​មាន​ករណី​ពុល​ដូច​ខេត្ត​មួយ​ចំនួន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ហើយ​ត្រូវ​ឱ្យ​អ្នក​ផលិត​ស្រា​.​ស​បិទ​លេខ​ទូរស័ព្ទ​នៅ​លើ​សំបក​ដប កំប៉ុង ដើម្បី​ពេល​មាន​ករណី​ពុល​កើតឡើង​ងាយស្រួល​ឱ្យ​ខាង​សមត្ថកិច្ច​ទាក់ទង​សួរ​រក​ម្ចាស់​ដើម​ផង​ដែរ ។

ចំណែក​ក្រុម​អាជីវករ​ដែល​លក់ដូរ​តាម​ភូមិ និង​ក្នុង​ផ្សារ​ខាងលើ បានឱ្យ​ដឹង​ថា ទំនិញ​ភាគច្រើន គឺ​ពួក​គាត់​នាំ​យក​មកពីផ្សារ​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន ហើយ​មួយ​ចំនួន​ទៀត​យក​មក​ពី​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។ ពួក​គាត់​បន្ត​ទៀត​ថា ដោយសារ​មិន​ធ្លាប់​ដឹង​ពី​ការ​មើល​កាលបរិច្ឆេទ ទើប​ទំនិញ​មួយ​ចំនួន​ដែល​ទើបនឹង​ទិញ​យក​មក​លក់ដូរ ស្រាប់តែ​ហួស​កាលកំណត់ លុះ​ខាង​កាំកុងត្រូល​បាន​ពន្យល់​ណែនាំ​ដូច្នេះ ទើប​ពួក​គាត់​មានការ​យល់​ដឹង​ច្បាស់ ហើយ​នៅ​ពេល​ក្រោយ​នឹង​មានការ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំឱ្យ​ខាតបង់​ថវិកា ព្រមទាំង​ជៀសវាង​ប៉ះពាល់​ដល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ផង​ដែរ ៕