ក្រុម​យុវជន​បង្កើត​យុទ្ធនាការ​១០០​សន្លឹក​ដើម្បី​ប្រមូល​រូបថត​បណ្ឌិត កែម ឡី

គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​បណ្ឌិត កែម ឡី បង្កើត​យុទ្ធនាការ​មួយ​ឈ្មោះ​ថា “យុទ្ធនាការ ១០០​សន្លឹក” ដើម្បី​ប្រមូល​រូបថត​ដែល​បង្ហាញ​ពី​សកម្មភាព​សង្គម​របស់​បណ្ឌិត កែម ឡី នា​ពេល​កន្លង​ទៅ យក​មក​តាំង​ពិព័រណ៍​នៅ​ក្នុង​ពិធី​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​របស់​លោក។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ទី​៣០ កញ្ញា។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា និង​ជា​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​បណ្ឌិត កែម ឡី លោក ទឹម ម៉ាឡៃ ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា គោល​បំណង​នៃ​យុទ្ធនាការ​នេះ គឺ​ដើម្បី​រំឭក​ដល់​សកម្មភាព និង​ដឹង​គុណ​ចំពោះ​បណ្ឌិត កែម ឡី ដែល​បូជា​កម្លាំង​កាយ​ចិត្ត និង​ជីវិត​សម្រាប់​បុព្វហេតុ​ជាតិ។

លោក ទឹម ម៉ាឡៃ បញ្ជាក់​ថា រូបថត​ដែល​នឹង​ត្រូវ​ជ្រើសរើស​សម្រាប់​យក​ទៅ​តាំង​ពិព័រណ៍​នៅ​ថ្ងៃ​បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​រូបថត​ពេល​បណ្ឌិត កែម ឡី នៅ​មាន​ជីវិត និង​រូប​នៅ​អំឡុង​ពិធី​បុណ្យ​សព​របស់​លោក។ រូបថត​ទាំង​នោះ​អាច​ជា​រូប​បណ្ឌិត កែម ឡី តែ​ម្នាក់​ឯង រូប​ពីរ​នាក់​ជាមួយ​គាត់ ឬ​រូប​ជា​ក្រុម និង​រូប​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក ជាដើម។

រូបថត​បណ្ឌិត កែម ឡី កាល​នៅ​រស់​ចំនួន ១០០​សន្លឹក និង​រូប​ក្នុង​ពិធី​បុណ្យ​សព ១០០​សន្លឹក​ផ្សេង​ទៀត​ដែល​មាន​គុណភាព​ល្អ នឹង​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​យក​ទៅ​តាំង​ពិព័រណ៍​ក្នុង​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​របស់​លោក​បណ្ឌិត ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​តុលា ខាង​មុខ៖ «ខ្ញុំ​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កន្លែង​ណា​ក៏ដោយ សង្ឃឹម​ថា​គាត់​នឹង​អាច​ផ្ញើ​រូបថត​អនុស្សាវរីយ៍​របស់​គាត់​ឲ្យ​មក​ក្រុម​ការងារ ដើម្បី​ចងក្រង​ជា​ឯកសារ ឬ​ក៏​បង្ហាញ»

សាធារណជន​ដែល​មាន​រូបភាព​បណ្ឌិត កែម ឡី ឬ​រូប​ជាមួយ​បណ្ឌិត កែម ឡី ឬ​ក៏​រូប​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក អាច​ផ្ញើ​រូប​ទាំង​នោះ​ទៅ​កាន់​អ៊ីមែល​ដែល​មាន​អាសយដ្ឋាន [email protected]

ជុំវិញ​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នេះ ក្រុម​យុវជន​ដែល​ទទួល​បាន​ការ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​ពី​រូប​លោក ក៏​កំពុង​មមាញឹក​ក្នុង​ការ​ចងក្រង និង​ចេញ​ផ្សាយ​សៀវភៅ​ទស្សនទាន​របស់​បណ្ឌិត កែម ឡី ដែរ។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង និង​ជា​សមាជិក​ក្រុម​ចងក្រង​សៀវភៅ លោក ហង្ស វិទូ ថ្លែង​ថា ក្រុម​ការងារ​របស់​លោក​បាន​រៀបចំ​ទស្សនៈ បទ​វិភាគ និង​រឿង​កំប្លែង​របស់​បណ្ឌិត កែម ឡី រួច​រាល់​ហើយ និង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ និង​ឃ្លោងឃ្លា​មួយ​ចំនួន។

លោក ហង្ស វិទូ ឲ្យ​ដឹង​ទៀត​ថា សៀវភៅ​កម្រាស់​ជាង ១០០​ទំព័រ​ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ កត់ត្រា​ទុក​នូវ​រាល់​ទស្សនទាន​របស់​បណ្ឌិត កែម ឡី ពេល​ដែល​លោក​បញ្ចេញ​វោរហាស័ព្ទ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពេល​ដែល​លោក​បង្រៀន​យុវជន ពេល​ដែល​លោក​ចុះ​អប់រំ​ពលរដ្ឋ​តាម​មូលដ្ឋាន និង​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​សម្រាប់​អង្គការ​ជាតិ និង​អន្តរជាតិ។ លោក​បន្ត​ថា ក្រុម​របស់​លោក​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​សៀវភៅ​នេះ​ចេញ​ផ្សាយ​មុន​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​បណ្ឌិត កែម ឡី ដើម្បី​ឲ្យ​សាធារណជន​បាន​អាន និង​ចងចាំ​នូវ​ពាក្យពេចន៍ និង​សេចក្តី​ទូន្មាន​របស់​បណ្ឌិត កែម ឡី៖ «សង្ឃឹម​ថា​បន្ទាប់​ពី​បោះពុម្ព​រួច បង​ប្អូន​នឹង​ជាវ​ដើម្បី​មើល ហើយ​សង្ឃឹម​ថា​បង​ប្អូន​នឹង​យល់​ពី​ទស្សនៈ​របស់​គាត់ ហើយ​យក​ទស្សនៈ​របស់​គាត់​ទៅ​អនុវត្ត​ដើម្បី​ឲ្យ​លា​ចាក​លោក​ទៅ គាត់​បាន​ស្ងប់​ចិត្ត»

ទោ​បី​ជា​យ៉ាង​ណា បញ្ហា​ប្រឈម​របស់​ក្រុម​យុវជន​នេះ គឺ​កង្វះ​ខាត​បច្ចេកទេស​ក្នុង​ការ​រចនា​សៀវភៅ និង​សំខាន់​បំផុត គឺ​កង្វះ​ថវិកា​បោះពុម្ពផ្សាយ​សៀវភៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។