កំហុស ៩ យ៉ាង ឪពុកម្តាយធ្វើឱ្យកូន ក្លាយជាក្មេងបរាជ័យ

6 Videos


មាតាបិតារមែងចង់ឱ្យកូនល្អ ទើបព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអនាគតរុងរឿងរបស់កូន ។ តើគ្រប់រាល់ទង្វើដែលមាតាបិតាគិតថាល្អ ពិតជាផ្តល់ផលល្អ ឬជះឥទ្ធិពលវិជ្ជមានដល់កូនឬយ៉ាងណា ? ការយកចិត្តទុកដាក់ និងការព្រួយបារម្ភ ស្ថិតពេញក្នុងបេះដូងរបស់អ្នកម្តាយ ក៏ដូចជាលោកឪពុក សុទ្ធតែចង់ឱ្យកូនសប្បាយចិត្ត សុខភាពល្អ និង ក្លាយជាបុគ្គលជោគជ័យនាពេលអនាគត ។

កត្តាសង្គមជាច្រើនអាចនឹងបង្កផលប៉ះពាល់ដល់អនាគតរបស់ក្មេង ដូចជា ជីវភាពរស់នៅប្រចាំថ្ងៃ បរិស្ថាន កម្រិតទទួលបានការអប់រំ ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចជាដើម ។ ការអប់រំកូនដើម្បីឈានទៅកាន់អនាគតជោគជ័យ គឺពុំអាចត្រូវបានកំណត់ជាក់លាក់ក្នុងសៀវភៅ ឬ ឯកសារស្រាវជ្រាវណាមួយឡើយ ប៉ុន្តែមានការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា កាយវិការ និងឥរិយាបថខុសឆ្គងមួយចំនួនរបស់ឪពុកម្តាយ អាចនឹងប៉ះពាល់បង្កបញ្ហាដល់ការឈានទៅរកភាពជោគជ័យរបស់កុមារនាពេលអនាគត ជាពិសេសភាពតានតឹង និង ការព្រួយបារម្ភ ។

១ – មិនលើកទឹកចិត្តឱ្យកូនមានភាពឯករាជ្យ
ផ្លូវចិត្តរបស់កុមារ ពុំគួរត្រូវបានគ្រប់គ្រងពេកទេ ព្រោះការនេះអាចនឹងធ្វើឱ្យកុមារបាត់បង់ទំនុកចិត្ត និងការជឿជាក់លើខ្លួនឯង ហើយនៅពេលធំឡើងពួកគេងាយនឹងរងសម្ពាធពីមិត្តភក្តិ។ ការលើកទឹកចិត្តឱ្យកូនធ្វើអ្វីដោយខ្លួនឯង ជាគន្លឹះពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហាចំពោះមុខ និងទំនាក់ទំនងជាមួយបុគ្គលជុំវិញខ្លួនបានល្អ។

២ – គ្រប់គ្រងត្រួតត្រាកូនលើកកម្រិត
ការត្រួតត្រាហួងហែងកូនច្រើនពេក ធ្វើឱ្យកុមារមានភាពតានតឹង និងការព្រួយបារម្ភច្រើន រហូតដល់បាត់បង់ភាពរីករាយក្នុងការរស់នៅតិច ឬច្រើន ឬទាំងស្រុងតែម្តង។

៣ – ស្រែកគំហក
ការប្រើភាសាគ្រោតគ្រាត ដូចជា ស្រែក គំរាម ជេរ ប្រមាទ ឬប្រើពាក្យបន្ទុចបង្អាក់ទឹកចិត្ត ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់កុមារចុះខ្សោយ និងផ្តល់ផលអវិជ្ជមានដល់ឥរិយាបថរបស់កុមារ ថែមទាំងជាដើមចមនៃជំងឺបាក់ទឹកចិត្តទៀតផង។

កំហុស ៩ យ៉ាង ឪពុកម្តាយធ្វើឱ្យកូន ក្លាយជាក្មេងបរាជ័យ

៤ – ប្រើអំណាចផ្តាច់ការ
ម្តាយឪពុកមួយចំនួនប្រើឥរិយាបថដាច់ខាតជាមួយកូន ដូចជា «កូនត្រូវតែរៀនជាប់លេខមួយរាល់ខែ នេះជាបញ្ជា ! » ។ ឃ្លានេះស្តាប់ទៅដូចជាការដាក់រនាំងខ្ពស់មួយឱ្យក្មេងឆ្លងកាត់ឱ្យបានដោយពុំផ្តល់ជណ្តើរ ឬឧបករណ៍អ្វីសោះ។ ជាការល្អ មាតាបិតាគួរតែណែនាំ ពន្យល់ហេតុផល លើកទឹកចិត្ត ចង្អុលបង្ហាញដឹកដៃឱ្យកូនរៀនបានលេខមួយ ជាជាងប្រើអំណាចផ្កាប់មុខបែបនេះ ។

៥ – និយាយទូរសព្ទមិនចាប់អារម្មណ៍នឹងកូន
ការប្រើគ្រឿងអេឡិចត្រូណិចរហូតភ្លេចសំឡឹងមុខគ្នាទៅវិញទៅមកនៅពេលសន្ទនា ជាកត្តាប៉ះពាល់ដល់ផ្លូវចិត្តរបស់កុមារ ពោលគឺ ផលប៉ះពាល់ចិត្តសាស្ត្ររយៈពេលវែងរបស់កុមារតែម្តង ។

៦ – បណ្តោយឱ្យកូនមើលទូរទស្សន៍ច្រើនពេក
តាមការស្រាវជ្រាវបានបង្ហាញថា ក្មេងវ័យក្រោម៣ឆ្នាំ ដែលមើលទូរទស្សន៍ច្រើនពេក ច្រើនតែប្រើអំពើហិង្សា ឬ ធ្វើបាបមិត្តរួមថ្នាក់ ។ ការមើលទូរទស្សន៍ច្រើនពេក បង្កជាបញ្ហាដល់ការយកចិត្តទុកដាក់របស់កុមារ អាចបណ្តាលឱ្យប៉ះពាល់ដល់បំណិនអាន និងបំណិនគណិតវិទ្យា ។

កំហុស ៩ យ៉ាង ឪពុកម្តាយធ្វើឱ្យកូន ក្លាយជាក្មេងបរាជ័យ

៧ – ខ្វះភាពកក់ក្តៅ និងការយកចិត្តទុកដាក់
ក្នុងវ័យកុមារ និងវ័យជំទង់ កង្វះភាពកក់ក្តៅជាចំណែកមួយបណ្តាលឱ្យក្មេងមានឥរិយាបថឆ្គាំឆ្គង អារម្មណ៍គ្មានសុវត្ថិភាព និង ក្លាយជាក្មេងលាក់អារម្មណ៍ ។ ក្មេងក្នុងវ័យនេះ ត្រូវការការលើកសរសើរ និងការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួន ហើយប្រសិនបើពួកគេមិនត្រូវបានថែទាំទេនោះ ពួកគេអាចក្លាយជាមនុស្សមិនចូលចុះសង្គម និងមានជំងឺព្រួយបារម្ភនៅពេលក្រោយ ។

៨ – ដាក់ទណ្ឌកម្មដោយការទះគូទកូន
ការទះតប់ តិចឬច្រើន ប៉ះពាល់ដល់ឥរិយាបថរបស់កុមារ ដូចជា ធ្វើឱ្យក្មេងកាន់តែរពឹស កាចឆ្នាស់ និង មានចរិតប្រឆាំងច្រើនជាងសម្រប ។ កាន់តែធ្ងន់ធ្ងរនោះ ការវាយតប់នេះទៀតសោតអាចបណ្តាលឱ្យក្មេងមានបញ្ហាផ្លូវចិត្ត និងមិនសូវចេះប្រើការត្រិះរិះពិចារណា ។

៩ – ឱ្យកូនគេងខុសពេល

កំហុស ៩ យ៉ាង ឪពុកម្តាយធ្វើឱ្យកូន ក្លាយជាក្មេងបរាជ័យ

ការគេងមិនទៀងទាត់ ជាបច្ច័យអាក្រក់ចំពោះអាកប្បកិរិយាក្មេង ដូចជា រពឹស បង្កបញ្ហា មានទំនាស់ជាមួយមិត្តភក្តិ និង បញ្ហាផ្លូវចិត្ត ។ ហេតុផល គឺថា ម៉ោងពេលមិនទៀងទាត់ប៉ះពាល់ដល់ការវិវត្តខួរក្បាលក្នុងវ័យកុមារដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពកុមារពេញមួយជីវិត ។

លក្ខិណា