តើ​យើង​ត្រូវ​បង្អួត​អ្នក​សុំទាន ទៅ​កាន់​ភ្ញៀវ​ទេសចរណ៍?

ខេត្តសៀមរាប ៖ ក្មេង ចាស់ ប្រុស ស្រី ដែល​នាំ​គ្នា​មក​សុំទាន នៅ​លើ​ខ្នងភ្នំ​គូលែន ជា​រៀងរាល់ថ្ងៃ ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ជា​ច្រើន​ធុញថប់​ចំពោះ​អ្នក​សុំទាន ដែល​ធ្វើ​ឱ្យ​អាប់ឱន​កិត្ត​យស​កូន​ខ្មែរ​សព្វថ្ងៃ​។ ជា​ពិសេស​ពលរដ្ឋ​ដែល​បាន​មក​ពី​ខេត្ត​មួយ​ចំនួន ដូច​ជា​បាត់ដំបង កំពង់ចាម កំពង់ធំ ជាដើម​នាំ​គ្នា​ឡើង​ទៅ​ស្នាក់​នៅ​ប្រកប​របរ​លក់ដូរ​នំចំណី ព្រមទាំង​វត្ថុ​អនុស្សាវរីយ៍​ទៅ​ឱ្យ​ភ្ញៀវ​ទេសចរណ៍ ដោយ​រកបាន​កម្រៃ​សមរម្យ​សម្រាប់​ចិញ្ចឹមជីវិត​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ប្រជាពលរដ្ឋ​ខ្លះ ដែល​ជា​ម្ចាស់​ស្រុក​នៅ​លើ​ខ្នងភ្នំ​វិញ មិន​មាន​លទ្ធភាព​រក​ចំណូល ទៅ​លើ​វិស័យ​ទេសចរណ៍​នោះ​ទេ គឺ​ពួក​គេ​បាន​ត្រឹមតែ​ធ្វើ​ជា​អ្នក​សុំទាន​ពី​អ្នក​ទេសចរណ៍​ទៅ​វិញ​។ ជា​រៀងរាល់ថ្ងៃ នៅ​តាម​កាំជណ្ដើរ​ឡើង​ទៅ​កាន់​ព្រះ​អង្គ​ធំ​លើ​ខ្នងភ្នំ​គូលែន មាន​ស្ត្រី និង​បុរស​វ័យចាស់​ៗ រួម​ទាំង​កុមារ​ជា​ច្រើន​ទៀត បាន​អង្គុយ​តម្រៀប​គ្នា​រង់ចាំ​សុំទាន​អ្នក​ទេសចរណ៍​ដែល​មក​កម្សាន្ត​។ ជុំវិញ​តំបន់​ភ្នំ​គូលែន គឺជា​ឧទ្យាន​ជាតិ ដែល​មាន ធម្មជាតិ​ចម្រុះ​រីក​ស្រស់បំព្រង​គ្រប់​រដូវ ព្រមទាំង​ជា​អតីត​រាជធានី ម​ហិ​ន្ទ្រ​ប​ព​ត៌ ដោយ​បាន​បន្សល់​ទុក​នូវ​ប្រាសាទបុរាណ និង​កន្លែង​សក្ការបូជា​ខាង​សាសនា​ជា​ច្រើន​ទៀត​។

អ្វី​ដែល​អ្នក ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចាប់អារម្មណ៍​ខ្លាំង​ជាងគេ​បំផុត​នោះ គឺ​ទឹកជ្រោះ​នៃ​ជីវិត​សត្វលោក ដែល​នៅ​បាត​អូរ ក្រោម​ទឹក មាន​ឆ្លាក់​រូប​ទេវ នៃ​លទ្ធិ​ព្រហ្មញ្ញ​ជា​ច្រើន ហើយ​ហូរ​ធ្លាក់​ចុះ​ធ្វើ​ឱ្យ​អ្នក​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍ ចូល​ចិត្ត​នាំ​គ្នា​ចុះ​ងូត​ជម្រះ​មន្ទិល​នានា​ទៀត​ផង​។​លោក ឈឿ​ម តាំង មេឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ បាន​ប្រាប់​ថា លោក​ទទួលស្គាល់ បច្ចុប្បន្ន​នេះ ពិតជា​មាន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ស្រុក​នៅ​លើ​ខ្នងភ្នំ​គូលែន​ក្រីក្រ​រហូត​ដល់​ក្លាយទៅជា​អ្នក​សុំទាន​ពិតមែន​។

លោក​បន្ត​ថា នៅ​ឃុំ​ខ្នងភ្នំ​មាន​ប្រជាពលរដ្ឋ រស់នៅ​ចំនួន​ជាង ៩៤០​គ្រួសារ ហើយ​ក្នុង​នោះ​មាន​ប្រហែល​ជាង ២០​នាក់ ដែល​ប្រកប​របរ​សុំទាន​ជា​រៀងរាល់ថ្ងៃ​។​លោក​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​អ្នក​សុំទាន​ទាំងនោះ​មក​ពី​ភូមិ​ពពេល ភូមិ​តា​ពេញ និង​ភូមិ​អន្លង់​ធំ​ខ្លះ​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ គួរ​រម្លឹក​ផង​ដែរ​ថា មូលហេតុ​ដែល​ពួក​គេ​មក​សុំទាន​នៅ​លើ​ខ្នងភ្នំ​គូលែន កន្លែង​ព្រះ​អង្គ​ធំ​នា​ពេល​នេះ គឺ​បណ្ដាល​មក​ពី​ពួក​គេ​គ្មាន​ដី​ធី្ល ធ្វើ ចម្ការ​គ្រប់គ្រាន់ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​បាន​អភិរក្ស និង​កំណត់​ដី​ឧទ្យាន​ជាតិ យ៉ាង​តឹងតែង និង​មូលហេតុ​ខ្លះ​ទៀត គឺ​អ្នក​នោះ​ជា​ជន​ពិការ​៕