និស្សិត​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក ជិះ​ម៉ូតូ​ដួល​បាក់​ក​ស្លាប់

ខេត្តស្វាយរៀង ៖ និស្សិត​ម្នាក់​ស្រវឹងស្រា​ជោគ​ជិះ​ម៉ូតូ​យ៉ាង​លឿន ហើយ​បាន​បាត់បង់​ភាព​ម្ចាស់​ការ ក៏​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ដួល​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធម្ម កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ នៅ​ត្រង់​ចំណុច​ខាង​មុខ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ស្ថិត​នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយ​រៀង​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គង់​សុ​ជាតិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​វិទ្យាល័យ​ស្វាយ​រៀង​មាន​ទីលំនៅ​ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​។ ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ ជន​រង​គ្រោះ មាន​សភាព​ស្រវឹងស្រា​ជោគ ហើយ​បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ចេញពីផ្ទះ​ក្នុង​គោលបំណង ទៅ​ជួប​មិត្តភក្តិ នៅ​សកល​វិទ្យាល័យ​ស្វាយ​រៀង។

លុះ​បើក​ម៉ូតូ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត ធ្លាក់​ពីលើ​ផ្លូវជាតិ​លេខ​១​ទៅ​បុក​នឹង​បង្គោល​ភ្លើង​នៅ​ខាងស្តាំ​ដៃ​ពេញទំហឹង បណ្តាល​ឲ្យ​ហោះ​ផ្លោង​ទៅ​បុក​បង្គោល​ភ្លើង​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​ញាក់សាច់​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​រួច​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​ម៉ូតូ​ខូចខាត​យ៉ាងដំណំ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ឲ្យ​ឪពុក​ម្តាយ​យក​ទៅ​ជួសជុល​វិញ​ដែរ​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ បើកបរ​មាន​ល្បឿន​លឿន ក្នុង​ស្ថានភាព​ស្រវឹង និង​អត់​មាន​ពាក់មួក​សុវត្ថិភាព​៕