ហេតុ​អី​បានជា​ចង់​លោត​ឆត្រ​ឆ្លង​ដែន ចូល​ប្រទេស​វៀតណាម​ម្លេះ?

ខេត្តព្រៃវែង ៖ ឈើប្រណិត​ប្រភេទ​កម្រ​ចំនួន ១៥​ដុំ ស្មើនឹង ១៥.៧៥​ម៉ែត្រគូប បាន​ដឹក​តាម​រថយន្ត​មួយ​គ្រឿង​ដែល​ពាក់​ស្លាក​លេខ (​ខ​.​ម​) បាន​លោត​ឆត្រ​បម្រុង​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម តាមច្រក ព្រំដែន​ អន្តរជាតិ​បន្ទាយ​ចក្រី​មិន​បាន​សម្រេច ហើយ​ក៏​មានការ​បែកធ្លាយ​រឿងរ៉ាវ​ដល់​កងរាជអាវុធហត្ថ​ស្រុក​ព្រះស្តេច ដេញចាប់​បាន​នៅ​ចន្លោះ​ម៉ោង​ប្រមាណ​ជា ៦ ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ពា​នី ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

បើ​តាម​កងរាជអាវុធហត្ថ​ស្រុក​ព្រះស្តេច​បានឱ្យ​ដឹង​ថា មាន​រថយន្ត​មួយ​គ្រឿង​បាន​ដឹកស្រូវ​ពេញ​ពី​ខាងលើ​តែ​បង្កប់​ទៅ​ដោយ​ឈើប្រណិត​ប្រភេទ​កម្រ បាន​លោត​ឆត្រ​ឆ្លង​ដែន​បម្រុង​ចូល​ទៅ ប្រទេស​វៀតណាម តែ​មិន​អាច​ឆ្លង​ទៅ​រួច ក៏​ត្រឡប់​ក្រោយមក​វិញ ហើយដោយ​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ព្រះស្តេច ក៏​បាន​ធ្វើការ​ដេញចាប់​ដើម្បី​ឆែកឆេរ តែ​នៅ​ក្នុង​ប្រតិបត្តិការ​ដេញចាប់​នោះ រថយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ០២ ៣-៤៥៤៦ មិន​បាន​ឈប់​តាម​សម្រួល​នោះ​ទេ ដែល​ធ្វើ​ឱ្យ​មាន​ដេញចាប់​យ៉ាង​យូរ​គួរសម ហើយ​នៅ​ពេល​ចាប់​រថយន្ត​បាន ក៏​បាត់​អ្នកបើកបរ​តែ​ម្ដង​។

សមត្ថកិច្ច​ក៏​បាន​អូស​យក​រថយន្ត​នោះ​មក​ធ្វើការ​ឆែកឆេរ​នៅ​ខាង​មុខ​កងរាជអាវុធហត្ថ​ស្រុក​ព្រះស្តេច ហើយ​រក​ឃើញ​ថា រថយន្ត​ពាក់​ស្លាក់​(​ខ​.​ម​) នោះ បាន​ដឹកស្រូវ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ តែ​ខាងក្រោម​ស្រូវ​គឺ​មាន​សុទ្ធតែ​ជា​ប្រភេទ​ឈើ​ទាំងអស់ ចំនួន ១៥​ដុំ​។ ប្រភព​បន្ត​ថា យើង​មិន​ទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ​ថា​អ្នក​ណា​ជា​ម្ចាស់​ឈើ​ព្រោះ​ចាប់​អ្នកបើកបរ​មិន​បាន ។ ក្រោយ​ពី​ឆែកឆេរ​ចប់​សព្វគ្រប់ កងរាជអាវុធហត្ថ​ស្រុក​ព្រះស្តេច ក៏​បាន​ប្រគល់​ឈើ​ទាំងនោះ​ទៅ​ឱ្យ​រដ្ឋបាល​ព្រៃឈើ ស្រុក​បាភ្នំ​ជា​អ្នក​ចាត់ចែង​បន្ត ។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋបាល​ព្រៃឈើ​ស្រុក​បាភ្នំ​បានឱ្យ​ដឹង​ថា ឈើ​ដែល​ចាប់​បាន​ទាំង​អស់នេះ​មិនមែន​ជា​ឈើប្រណិត​នោះ​ទេ តែ​ជា​ឈើ​កម្រ​ម្យ៉ាង​ដែល​គេ​ហៅ​ថា​ឈើ ម្រេច ឬ​ឈើ​រាជ​ស្កុល ហើយ​ឈើ​ទាំង​អស់នោះ​មាន​ចំនួន ១៥​ដុំ ស្មើនឹង ១៥.៧៥​ម៉ែត្រគូប ។ បើ​តាម​ប្រភព​ក្រៅផ្លូវការ​មួយ​បានឱ្យ​ដឹង​ថា រថយន្ត​ឈើ​ពាក់​ស្លាក (​ខ​.​ម​) នេះ គឺជា​របស់​មន្ត្រី កងរាជអាវុធហត្ថ​ម្នាក់​នៅ​ខេត្តព្រៃវែង ហើយ​ឈើ​នេះ​ទៀត​សោត​ក៏​ជា​ឈើ​ដែល​ត្រូវ​បាន​កាត់​ទុក​មក​ជា​យូរ​មក​ហើយ ដែល​ត្រូវ​បាន​ដឹក​មក​ស្តុក​ទុក​នៅ​ទីប្រជុំជន​អ្នក​លឿង​។

ហើយដោយ​មានឱកាស​ល្អ​ម្ចាស់​ក៏​បាន​ដឹកឈើ​ប្រណិត​ទាំងនេះ​លោត​ឆត្រ​បម្រុង​ឆ្លង​ដែន​ចូល​ប្រទេស​វៀតណាម តែ​មិន​បាន​សម្រេច​ក៏​ដឹក​ត្រឡប់​មក​វិញ ហើយ​ក៏​ត្រូវ​ជាប់អន្ទាក់​របស់​កងរាជអាវុធហត្ថ​ស្រុក​ព្រះស្តេច​តែ​ម្តង​ទៅ ៕