ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឡាវ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៦​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន និង​ការ​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ផ្សេង​ទៀត នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​បង្ហោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា បាន​បញ្ជាក់​ថា «​ការ​ប្រជុំ​រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៦ ដែល​មាន​ជាង​១០​អង្គប្រជុំ​នៃ​ថ្នាក់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល បន្ទាប់​ពី​ការ​ប្រជុំ​រាប់​សិប​លើក​នៃ​ថ្នាក់ឧត្តម​មន្ត្រី និង​ថ្នាក់​រដ្ឋមន្ត្រី នឹង​ត្រូវ​យក​មក​អនុម័ត​នៅ​ក្នុង​អង្គប្រជុំ​នេះ​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា «​កម្ពុជា​ក្នុង​ឋានៈ​ជា​សមាជិក​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ខិតខំ​ចូលរួម​ចំណែក​ដើម្បី​ជោគជ័យ​នៃ​គ្រួសារ​អាស៊ាន អាស៊ាន​បូក​៣ អាស៊ាន​បូក​១ និង​អាស៊ី​បូព៌ា​» ៕