ហេតុផល ៥ យ៉ាង ស្ត្រីមិនគួរបារម្ភពីវ័យមិនទាន់រៀបការ

6 Videos


ប្រធានបទរៀបការហាក់មានកម្តៅក្តៅគគុកសម្រាប់ស្ត្រីពេញវ័យ និង កាន់តែក្តៅគគុកសម្រាប់ស្ត្រីឈានចូលវ័យពី ២៥ ទៅ៣០ ។ ក្តីកង្វល់មួយនេះ នឹងពុំសូវខ្លាំងក្លាប៉ុន្មានទេសម្រាប់ស្ត្រី ប្រសិនបើគ្មានការរុញច្រានពីក្រុមគ្រួសារ ក្រសែភ្នែកអ្នកផង និងការយល់ឃើញជារួមនៃសង្គមទាំងមូល ។ សុភាពនារីគ្រប់រូប ប្រាកដជាធ្លាប់ប្រឈមនឹងសំណួររំខានមួយចំនួន ដូចជាតើពេលណាទើបរៀបការ ? កុំរើសគូស្រករពេក ? ចង់នៅយូរដល់ណាទៀត? ចង់នៅសៅកែមែន ? ឬសំណួរប្រហាក់ប្រហែលនេះ ។

តើអ្នកពិតជាគិតសង្ឃឹមថាអ្នកនឹងឈប់លឺសំណួរបែបនេះមែនទេ ប្រសិនបើអ្នករៀបការហើយ ? ជឿចុះថាមិនអាចទេ ព្រោះថា ក្រោយពេលរៀបការអ្នកក៏នឹងលឺសំណួរផ្សេងៗតែក្នុងន័យរំខានចិត្តដដែលៗ ដូចជា តើពេលណាទើបមានកូន ? តើគិតចង់យកកូនប៉ុន្មាន ? តើប្តីឯងមានដើរក្រៅទេ ?

តិច ឬច្រើនស្ត្រី ក៏ដូចជាបុរស តែងជួបនឹងបញ្ហាស្នេហាខកចិត្ត ត្រូវភាគីម្ខាងបដិសេធ មានមន្ទិលច្រើនចំពោះគូស្នេហ៍ ខកចិត្តញឹកញាប់ ការបែកបាក់ដោយសន្តិវិធី ការបែកបាក់ដោយរកាំរកូស ឬការបែកដោយមិនបានលាក៏មាន ដែលបញ្ហាទាំងនេះពុំមានអ្នកណាអាចយល់ពីជម្រៅចិត្តរបស់អ្នកឡើយ ហើយក៏មិនបានដឹងថាអ្នកត្រូវចំណាយពេលប៉ុន្មានទើបអាចរើសផ្គុំបេះដូងខ្ទេច
ខ្ទីទាំងនោះ ឱ្យដូចដើមវិញបាន មុននឹងចាប់ផ្តើមស្រលាញ់មនុស្សម្នាក់ទៀត ។

សម្រាប់អ្នកនៅលីវយូរ ដែលគេច្រើនដាក់ងារថាជាស្រីសៅកែនោះ អាចមានជម្រើសពីរសម្រាប់ខ្លួនឯង ទី ១ សម្ងំគិតខូចចិត្ត អស់សង្ឃឹមទន្ទឹងរង់ចាំមិនដឹងថាពេលណាទើបដល់គូរដូចក្តីប្រាថ្នា រិះគន់ខ្លួនឯង គិតថាខ្លួនពិតជាបរាជ័យដែលមិនអាចរកបានគូគាប់ល្អម្នាក់ ទី២ សាងជីវិតឯកាឱ្យប្រសើរឡើងមុននឹងជួបគូរបស់អ្នក ស្រឡាញ់អ្នកជុំវិញខ្លួន ស្វែងរកការងារនឹងនរ អភិវឌ្ឍខ្លួន និងរៀបចំផែនការជីវិត ដោយមិនរំពឹងតែរឿងរៀបការតែម្យ៉ាង ។

ហេតុផល ៥ យ៉ាង ដែលអ្នកគួរតែឈប់បារម្ភពីវ័យនៅលីវរបស់អ្នកទៀត ៖

១. កុំបារម្ភ ! អ្នកប្រាកដជាបានជួបបុរសដែលស័ក្តិសម
នៅប្រទេសអភិវឌ្ឍន៍អត្រារៀបការបានធ្លាក់ចុះក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែពុំមានន័យថាអ្នកនៅលីវនោះ គ្មានគូនោះទេ ។ ភាគច្រើនពួកគេមានគូហើយតែមិនទាន់រៀបការ ចំណែកវ័យដែលគេរៀបការនោះ គឺពី ៤០ ទៅ ៥០ ឆ្នាំ គឺនៅពេលដែលពួកគេបានយល់ចិត្តគ្នាជ្រាលជ្រៅហើយ ។ នេះពុំមែនជាការលើកទឹកចិត្តឱ្យអ្នកត្រូវរៀបការនៅវ័យ ៤០ ទេ ប៉ុន្តែជាសញ្ញាប្រាប់ថាមិនទាន់ហួសពេលទេ !

២. ពេលវេលាអាចផ្លាស់ប្តូរការយល់ឃើញពីជីវិតគូ
មនុស្សប្រុសក្នុងវ័យ ២០ ទៅ ៣០ អាចនឹងសម្លឹងរកស្ត្រីស្រស់ស្អាត ចំណែកស្ត្រីក៏នឹងសំឡឹងបុរសសង្ហាមាឌធំ ។ ប៉ុន្តែបើសិនជាអ្នកសាកសួរគូស្នេហ៍វ័យចំណាស់ ដូចជា ម៉ាក់ប៉ា ឬ លោកយាយលោកតា ពួកគាត់ប្រាកដជាឱ្យតម្លៃទៅលើការចេះគោរពគ្នា អត្តចរិត ភាពចុះសម្រុង និង ការចែករំលែកសុខទុក្ខគ្នាច្រើនជាង ។ នេះមានន័យថា ពេលវេលានឹងបង្រៀនអ្នកឱ្យស្វែងយល់ពីខ្លួនឯង ថាតើអ្នកចង់បានគូជីវិតមកដើម្បីអ្វី ? តើមនុស្សបែបណាដែលស័ក្តិសមនឹងអ្នក ?

៣. ស្នេហាពុំអាស្រ័យនឹងភាពល្អឥតខ្ចោះទេ 
តើអ្នកធ្លាប់លឺសំណួរចោទឡើងថា “ហេតុអ្វីបានជាឯងឆ្លាតក៏ឆ្លាត ស្អាតក៏ស្អាត តែបែរជាគ្មានគូ?”  ចំណុចនេះ អាចជាតម្រុយឱ្យគេគិតថាអ្នកមានបញ្ហា ដូចជា ស្រឡាញ់ភេទដូចគ្នា មានរោគប្រចាំកាយ ឬ មានអត្តចរិតមិនល្អ ។ ការពិតនោះ អ្នកគ្រាន់តែមិនទាន់ជួបមនុស្សដែលអ្នកស្រលាញ់ គឺមិនអាស្រ័យថាគេជាអ្នកមានឬក្រ សង្ហាឬមិនសង្ហាទេ ។

៤. អាពាហ៍ពិពាហ៍ពុំមែនជាទីបញ្ចប់នៃបញ្ហាទេ
ការរៀបការអាចនឹងធ្វើឱ្យជីវិតប្រសើរឡើងផ្នែកហិរញ្ញវត្ថុ និង បំពេញកាតព្វកិច្ចផ្លូវច្បាប់ ប៉ុន្តែតើនេះពិតជាធានានូវសុភមង្គលជីវិតទាំងស្រុងមែនទេ ? ចម្លើយមាន ២ ៖ ១ ) បើសិនជាជីវិតគូរបស់អ្នករលូននោះវានឹងផ្តល់ផលល្អទាំងសុខភាពផ្លូវកាយ និង ផ្លូវចិត្ត និង ២) បើសិនជាមិនរលូន ជីវិតប្រៀបមិនបាននឹងការនៅលីវផង ។ មានមនុស្សមិនតិចទេ ដែលរៀបការហើយស្តាយក្រោយ ចង់លែងក៏ពិបាក ចង់បន្តក៏ពិបាក ហើយពួកគាត់បានប្រាប់ថាបើមានជម្រើសគាត់សុខចិត្តមិនរៀបការល្អជាង ។

៥. ភាពនៅលីវក៏មានចំណុចល្អច្រើនដែរ
អត្ថប្រយោជន៍មួយចំនួនដែលអ្នកនៅលីវអាចសម្រេចបានច្រើនជាង អ្នកមានជីវិតគូ ដូចជា ការសម្រេចគោលដៅការងារ ការសម្រេចចិត្តឯករាជ្យ សេរីភាពក្នុងការរស់នៅគ្មានបន្ទុកជាប់ខ្លួន ទម្លាប់រស់នៅរីករាយនឹងអ្វីដែលខ្លួនចូលចិត្ត ដូចជា អានសៀវភៅ មើលទូរទស្សន៍ ញ៉ាំអាហារពេលល្ងាច ដើរកម្សាន្តជាមួយមិត្តភក្តិ ធ្វើដំណើរផ្សងព្រេង ហើយកិច្ចការទាំងនេះ ធ្វើឱ្យពួកគេទទួលបានសុភមង្គលផ្លូវចិត្ត មិនចាញ់អ្នកមានគ្រួសារនោះទេ ៕

លក្ខិណា