G20៖ វិបត្តិសកលលោកគ្រប់វិស័យ ដែលមេដឹកនាំធំៗត្រូវជជែកគ្នានៅហាងចូវ

កិច្ចប្រជុំកំពូលG20 គឺជាឱកាសដែលមេដឹកនាំនៃបណ្តាប្រទេស មានសេដ្ឋកិច្ចនាំមុខទាំងអស់ ជួបពិភាក្សាជជែកគ្នាលើបញ្ហាសេដ្ឋកិច្ចសកល និងរកវិធីដើម្បីជម្រុញកំណើនសេដ្ឋកិច្ចឲ្យបានខ្ពស់។ តែជាទូទៅកិច្ចប្រជុំនេះ ក៏បានក្លាយជាវេទិកាមិនផ្លូវការ ដែលមេដឹកនាំធំៗ បានជួបនិយាយគ្នា ដាច់ដោយឡែក លើបញ្ហានានា ដូចជាវិបត្តិការទូត សង្រ្គាម រឺបញ្ហាការកើនឡើងកំដៅផែនដីជាដើម។ ថ្ងៃទី៤ កញ្ញានេះ គឺទីក្រុងហាងចូវ ប្រទេសចិន គឺជាអ្នករៀបចំទទួលកិច្ចប្រជុំកំពូលG20នេះ ដែលមានវត្តមាន មេដឹកនាំធំៗ ប្រមាណជាជិត៤០នាក់។

ជំនួបក្រៅផ្លូវការ ក្តៅជាងកិច្ចប្រជុំកំពូល៖

ជំនួបកំពូលប្រទេសសេដ្ឋកិច្ចនាំមុខ ឬដែលយើងហៅកាត់ថា G20 នេះ គឺជាការប្រជុំរវាងមេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខទាំងអស់១៩ បូកថែមជាមួយនិងសហភាពអឺរ៉ុបមួយទៀត ដើម្បីពិភាក្សាគ្នាពីបញ្ហាសេដ្ឋកិច្ច និង ការដោះដូរពាណិជ្ជកម្ម។ ជាការពិត ជំនួបកំពូលនេះ គឺបានក្លាយជាវេទិកា ជជែកគ្នាក្រៅផ្លូវការរវាងមេដឹកនាំធំៗ ក្រៅអំពីអ្វីដែលមានចែងនៅក្នុងរបៀបវារៈនៃការប្រជុំ។

ជាងនេះទៅទៀត ឆ្នាំ២០១៦នេះ គឺជាឆ្នាំដែលពិភពលោកយើង ជួបបញ្ហាច្រើនណាស់។ មិនថាវិបត្តិសេដ្ឋកិច្ច វិបត្តិជនភៀសខ្លួន សង្រ្គាមនៅស៊ីរី និងនៅអ៊ីរ៉ាក់ ព្រមទាំងបញ្ហាអាកាសធាតុជាដើម។ គឺទាំងអស់នេះហើយ ដែលកំពុងតែធ្វើឲ្យជំនួបកំពូលនេះ ពុះកញ្ជ្រោលក្តៅគគុក។ ជាក់ស្តែង មុនពេលបើកការប្រជុំ លោកបារ៉ាក់អូបាម៉ា និងលោកស៊ីជីនពីង បានជួបគ្នាតទល់ ហើយបានស្រុះស្រួលគ្នា ធ្វើការប្រកាសរួមគ្នាពីការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីការកាត់បន្ថយកំដៅផែនដី។ ដំណឹងនេះ គឺជាដំណឹងល្អណាស់ ដែលធ្វើឲ្យមេដឹកនាំទាំងអស់អបអរសាទរ។

មានជំនួប មិនផ្លូវការច្រើនណាស់។ តួយ៉ាងជំនួបរវាងលោកប្រធានាធិបតីពូទីន ជាមួយលោកស្រីអង់ហ្គេឡា មែគែល និងលោកហ្វ្រង់ស័រ ហូឡង់ ដើម្បីនិយាយអំពីបញ្ហាទណ្ឌកម្មសេដ្ឋកិច្ច ទាក់ទិននឹងវិបត្តិនៅអ៊ុយក្រែន។ សំណុំរឿងក្តៅមួយទៀត គឺវិបត្តិនៅស៊ីរី។ គេសង្ឃឹមយ៉ាងខ្លាំង ថាលោកអូបាម៉ា នឹងឆ្លៀតជួបគ្នាមួយទល់នឹងមួយ ជាមួយលោកពូទីន។ មេដឹកនាំទាំងពីរ ត្រូវស្រុះស្រួលគ្នា លើគោលជំហរ ដើម្បីដោះស្រាយវិបត្តិស៊ីរី បញ្ចប់សង្រ្គាម ហើយនឹងយកឈ្នះលើក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម។ ដូចយើងដឹងហើយ ថារហូតមកដល់ពេលនេះ មហាអំណាចទាំងពីរ ធ្វើអន្តរាគមន៍នៅស៊ីរី រៀងៗខ្លួន ហើយមានគំនិតខ្វែងគ្នាច្រើនណាស់។

សំណុំរឿងមួយទៀតដែលសំខាន់ដែរ គឺវិបត្តិការទូតរវាងតួកគី និងសហរដ្ឋអាមេរិក ទាក់ទិនទៅនឹងព្រឹត្តិការណ៍រដ្ឋប្រហារមិនបានសម្រេចនៅតួកគី។ តួកគីដែលទាមទារឲ្យសហរដ្ឋអាមេរិក ប្រគល់ខ្លួនលោក Fathullah Gülen នោះ បានផ្លោងពាក្យចោទប្រកាន់រដ្ឋាភិបាលអាមេរិកច្រើនណាស់ កន្លងមក។ តាមការឲ្យដឹង លោកអូបាម៉ា បានជួបចាប់ដៃជាមួយលោក អ៊ែរដូហ្កាន់ នៅថ្ងៃបើកការប្រជុំ ហើយលោកអូបាម៉ា បានប្រកាសថារដ្ឋាភិបាលអាមេរិក រងចាំជួយតួកគីជានិច្ចក្នុងការរកយុត្តិធម៌ ចាប់អ្នកមេគំនិតរដ្ឋប្រហារ។ ចំណែកលោកអ៊ែរដូហ្កាន់វិញ បានថ្លែងអរគុណលោកអូបាម៉ា ហើយសន្យាផ្តល់ឯកសារ និងភស្តុតាងបន្ថែមទៀត។

ទាក់ទិននឹងតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ សំណុំរឿងកូរ៉េខាងជើង ក៏គឺជាចំណុចក្តៅមួយដែរ ក្នុងឱកាសនេះ។ តាមការគ្រោងទុក លោកស្រី ប៉ាក់ គិនហឺ ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថានឹងជួបលោកស៊ី ជីនពីង មួយទល់មួយ ដើម្បីពន្យល់ខាងរដ្ឋាភិបាលចិនឲ្យយល់ អំពីភាពចាំបាច់ ក្នុងការដាក់តាំងប្រព័ន្ធការពារគ្រាប់មីស៊ីលរបស់អាមេរិក នៅលើដីកូរ៉េខាងត្បូង។ រហូតមកដល់ពេលនេះ ចិនប្រឆាំងនឹងគម្រោងនេះជាដាច់ខាតតែម្តង។

Brexit និង TAFTA ចំណុចរសើបនៃសេដ្ឋកិច្ចសកល៖
ក្នុងសំណុំរឿងសេដ្ឋកិច្ច ក៏មានបញ្ហាច្រើនណាស់ដែរ។ កំណើនសេដ្ឋកិច្ចសកលលោក បានដើរយឺតណាស់។ តាមការព្យាករណ៍ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឆ្នាំ២០១៦នេះ កំណើនសេដ្ឋកិច្ចសកលរួម មានតែ៣%ទេ។ មូលហេតុនៃវិបត្តិនេះ គឺដោយសារតែកំរិតនៃការបោះទុនវិនិយោគបានថយចុះ។ ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ច នេះ ក្រុមប្រទេសG20 បានជួបពិភាក្សាគ្នាច្រើនលើកមកហើយ ចុងក្រោយបង្អស់គឺកាលពីខែកក្កដា រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ តែកន្លងមក លទ្ធផលពិភាក្សា គឺមិនបានលទ្ធផលអ្វីច្រើនទេ គ្រាន់តែបានធ្វើការកត់សម្គាល់ពីបញ្ហា តែប៉ុណ្ណោះ។

ឆ្នាំ២០១៥ និង ២០១៦នេះ ទីផ្សារសេដ្ឋកិច្ចសកលភាវូបនីយកម្ម និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ មានភាពរង្គោះរង្គើខ្លាំងណាស់។ រង្គោះរង្គើទីមួយដោយសារវិបត្តិហិរញ្ញវត្ថុរបស់ចិន។ ហើយបញ្ហាធំទីពីរ គឺការដើរចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប។ ទោះអង់គ្លេសមិនទាន់ចេញជាស្ថាពរក៏ដោយ តែបញ្ហានេះបានបង្កជាការមិនទុកចិត្តដល់អ្នកវិនិយោគ ហើយដែលធ្វើឲ្យផ្សារភាគហ៊ុននៅតែមិននឹងន។

ក្នុងសំណុំរឿងសេដ្ឋកិច្ចមួយទៀត គឺទាក់ទងនឹងការចរចាធ្វើសន្ធិសញ្ញាដោះដូរពាណិជ្ជកម្មសេរី អន្តរអាត្លង់ទិក រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ការចរចាបាននៅជាប់គាំង ហើយមិនត្រឹមតែប៉ុណ្ណោះ អាល្លឺម៉ង់ និងបារាំងបានបញ្ចេញគោលជំហរកាន់តែច្បាស់ថា គេមិនចង់ចរចាសម្រេចវាដោយតក់ក្រហល់ទេ។ ដូចយើងដឹងហើយ ថាលោកអូបាម៉ា នៅសល់ពេលតែប៉ុន្មានខែទៀតទេ ហើយរដ្ឋាភិបាលលោក ចង់បង្ខំសហភាពអឺរ៉ុបឲ្យសម្រេចសន្ធិសញ្ញានេះ មុនចប់អាណាត្តិ។

ដោយឡែក បញ្ហានេះ បានក្លាយជាសង្រ្គាមពាក្យសំដីរវាងលោក Jean-Claude Juncker ប្រធានគណកម្មការអឺរ៉ុប និងលោកស្រី Teresa May នាយករដ្ឋមន្ត្រីអង់គ្លេសទៀតផង។ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងថាអង់គ្លេស នឹងចាប់ផ្តើមចរចាដាច់ដោយឡែក ជាមួយសហរដ្ឋអាមេរិក។ តែលោក ប្រធានគណកម្មការអឺរ៉ុប បានបញ្ជាក់ច្បាស់ៗថា សម្រាប់ពេលនេះ ការចរចាសន្ធិសញ្ញានេះ ត្រូវតែធ្វើក្នុងក្របខណ្ឌអឺរ៉ុប ហើយអង់គ្លេសត្រូវតែគោរព ដរាបណាខ្លួន មិនទាន់ដើរចេញជាស្ថាពរពីសហភាពអឺរ៉ុប ទេនោះ។

ក្រៅពីបញ្ហាទាំងអស់នេះ ថ្នាក់ដឹកនាំធំៗ មានគម្រោងជជែកគ្នាពីបញ្ហាពន្ធដារ និងការទប់ស្កាល់រាល់សកម្មភាពគេចពន្ធ របស់ក្រុមហ៊ុនអន្តរជាតិធំៗ។ មិនថា ក្នុងបញ្ហាពន្ធដារ រឺបញ្ហាដោះដូរពាណិជ្ជកម្មសេរី លោកស៊ី ជីនពីង បានអំពាវនាវឲ្យមានការសហការ ផ្តល់ដំណឹង នឹងធ្វើការរួមគ្នា ជាជាងការយករួចខ្លួន ការពារតែផលប្រយោជន៍រៀងៗខ្លួន។ ដោយឡែក តួកគី និង រុស្ស៊ី បានប្រកាសរួមគ្នា មុននេះបន្តិចថា គេនឹងបង្កើតមូលនិធិវិនិយោគរួមគ្នាមួយ ដើម្បី បោះទុនវិនិយោគនានារវាងប្រទេសទាំងពីរ ដែលទើបតែក្លាយជាមិត្តនឹងគ្នា។

វាជាការទទួលខុសត្រូវធំណាស់ ក្នុងនាមម្ចាស់ផ្ទះ ដែលត្រូវទទួលមេដឹកនាំធំៗពិភពលោក ដល់ទៅជិត៤០នាក់ ព្រមពេលតែមួយ។ ជាការទទួលខុសត្រូវធំ ហើយក៏ជាមុខមាត់ធំណាស់ដែររបស់ចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បីកសាងមុខមាត់ និងឈរជើងឲ្យរឹងមាំនៅលើឆាកអន្តរជាតិ។ ចិនចង់ប្រាប់គេថា ខ្លួនមានតួនាទីសំខាន់ណាស់ ដើម្បីដោះស្រាយរាល់បញ្ហានានា លើសកលលោក មិនថាកិច្ចការសេដ្ឋកិច្ច រឺនយោបាយការបរទេសទេ។ មួយវិញទៀតចិន ត្រូវការកសាងមុខមាត់ ខណៈដែលកេរ្តិ៍ឈ្មោះខ្លួន កំពុងតែស្អុយដោយសាតែវិបត្តិនៅក្នុងដែនសមុទ្រចិនខាងត្បូង។

តាមការផ្តល់ដំណឹងពីអ្នករាយការណ៍ព័ត៌មានបារាំង ប្រចាំការនៅហាងចូវ គឺបានសង្កេតឃើញថា រដ្ឋាភិបាលចិន បានប្រើគ្រប់មធ្យោបាយ ដើម្បីបង្ហាញប្រាប់គណប្រតិភូទាំងអស់ ថាចិនគឺជាប្រទេសគំរូគ្រប់វិស័យ។ តែតាមការពិត រដ្ឋាភិបាលចិន បានបញ្ជាឲ្យផ្អាករោងចក្រនៅជុំវិញក្រុង ដើម្បីកុំឲ្យមានផ្សែងបំពុលបរិយាកាស ហើយមិនត្រឹមតែប៉ុណ្ណោះ បានទាំងបង្ខំកម្មករចំណាកស្រុក ឲ្យចេញពីទីក្រុងហាងចូវទៀតផង ដើម្បីធ្វើឲ្យទីក្រុងស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អ។

យើងឃើញថា ទាំងអស់នេះ វាមិនខុសពីឆាកល្ខោនបំភាន់ភ្នែកទេ។ យ៉ាងណាក៏ដោយ យើងសង្ឃឹមថា រាល់ការសន្យារបស់រដ្ឋាភិបាលចិនទាក់ទិននឹងការដោះស្រាយវិបត្តិសកលលោកនានា វាមិនមែនជាការបំភ័នភ្នែកដូចអញ្ចឹងទៅចុះ!

ប្រភព៖ RFI


Related Posts