អាមេរិកថារុស្ស៊ីក្រឡាស់សម្តីធ្វើឲ្យការចរចាលើសំណុំរឿងស៊ីរីមិនទទួលជោគជ័យ

កិច្ចព្រមព្រៀម រវាងអាមេរិក និងរុស្ស៊ី លើសំណុំរឿងស៊ីរី ដែលគេដាក់ក្តីសង្ឃឹមថានឹងអាចរកឃើញ នៅក្នុងអំឡុងជំនួបកំពូល G20 នៅក្នុងប្រទេសចិននោះ នៅទីបំផុតទៅ មិនអាចចេញជារូបរាងឡើងបាននោះទេ។ នេះបើតាមការប្រកាសឲ្យដឹងរបស់មន្រ្តីរដ្ឋាភិបាលអាមេរិក ដោយបានចោទរុស្ស៊ីថា គឺជាអ្នកក្រឡាស់សម្តី ដែលធ្វើឲ្យការចរចាត្រូវជាប់គាំង។

គិតមកទល់នឹងព្រឹកថ្ងៃអាទិត្យ អ្វីៗហាក់ដំណើរការទៅដោយរលូនប្រកបដោយក្តីសង្ឃឹម ដោយលោកអូបាម៉ាបានប្រកាសឲ្យដឹងថា មន្រ្តីអាមេរិក និងរុស្ស៊ីចរចាគ្នាដោយគ្មានពេលសម្រាក នៅក្រៅជំនួបកំពូល G20 ដើម្បីស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី ហើយមន្រ្តីក្រសួងការបរទេសអាមេរិកវិញបានបញ្ជាក់ថា ភាគីទាំងពីរចរចាជិតត្រូវរ៉ូវគ្នាហើយថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវប្រកាសជាសាធារណៈ ដោយលោកចន ឃែរី រដ្ឋមន្រ្តីការបរទេសអាមេរិក និងលោកស៊ែរហ្គៃ ឡាវរ៉ូហ្វ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី។

ក៏ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក អាមេរិកបានប្រកាសឲ្យដឹងថា កិច្ចព្រមព្រៀងលើសំណុំរឿងស៊ីរីនេះ មិនអាចចេញជារូបរាងបានទេនៅពេលនេះ ដោយបានចោទភាគីរុស្ស៊ីថាបានក្រឡាស់ពាក្យសម្តី ទៅលើចំណុចដែលបានត្រូវរ៉ូវគ្នារួចទៅហើយ។ ទោះជាយ៉ាងណា មន្រ្តីក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោកចន ឃែរី និងលោកស៊ែរហ្គៃ ឡាវរ៉ូហ្វ នឹងបន្តជួបជជែកគ្នាជាថ្មីម្តងទៀត នៅថ្ងៃចន្ទនេះ។

រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ឃើញមានប្រតិកម្មណាមួយ ពីខាងរុស្ស៊ី ទាក់ទងនឹងការលើកឡើងរបស់អាមេរិកនេះទេ។

គួររំឭកឡើងវិញថា រុស្ស៊ី និងអាមេរិក ដែលគាំទ្រគូបដិបក្ខនៅក្នុងសង្រ្គាមស៊ីវិលស៊ីរី គឺរុស្ស៊ី គាំទ្ររដ្ឋាភិបាល ហើយអាមេរិកគាំទ្រក្រុមឧទ្ទាម ធ្លាប់បានចរចាគ្នាឈានដល់ការចុះកិច្ចព្រមព្រៀងឈប់បាញ់ជាច្រើនលើករួចមកហើយ ក៏ប៉ុន្តែ រាល់លើក បទឈប់បាញ់នេះមិនត្រូវបានអនុវត្តពេញលេញនោះទេ នៅលើដីជាក់ស្តែង។

កាលពីថ្ងៃអាទិត្យ លោកអូបាម៉ាបានទទួលស្គាល់ច្បាស់ៗថា បទឈប់បាញ់ដែលគេធ្លាប់បានព្រមព្រៀងគ្នាកាលពីមុន លែងមានសុពលភាពអ្វីទៀតហើយនៅលើដីជាក់ស្តែង ហើយលោកក៏ហាក់បង្ហាញនូវមន្ទិលសង្ស័យផងដែរថា កិច្ចព្រមព្រៀងឈប់បាញ់ណាមួយថ្មីទៀត បើទោះបីជាគេអាចចរចាចេញរួច ក៏មិនប្រាកដថាអាចនឹងត្រូវគូភាគីជម្លោះអនុវត្តបានពេញលេញនោះដែរ។ ក៏ប៉ុន្តែ បើទោះបីជាមានសង្ឃឹមតិចតួចយ៉ាងណាក៏ដោយ ការចរចាលើបទឈប់បាញ់នៅស៊ីរីនេះគួរតែត្រូវបន្តធ្វើ ដើម្បីបន្ធូរបន្ថយទុក្ខវេទនារបស់ស្រ្តី និងកុមារ ព្រមទាំងជនស៊ីវិលស្លូតត្រង់ផ្សេងទៀត ដែលកំពុងរស់នៅក្នុងតំបន់សង្រ្គាម៕

ប្រភព៖ RFI


Related Posts