សុខភាពកាន់តែទ្រុឌទ្រោម បើធ្វើការងារដែលខ្លួនមិនពេញចិត្ត

6 Videos


ភាពមិនពេញចិត្តនឹងការងារក្នុងចំណោមមនុស្សវ័យជាង ២០ឆ្នាំ និង ៣០ឆ្នាំ អាចធ្វើអោយប៉ះពាល់ដល់ សុខភាពនិងជួបវិបត្តិផ្លូវអារម្មណ៍ នៅពេលពួកគេឈានចូលវ័យ ៤០ឆ្នាំ នេះបើយោងតាមការសិក្សាមួយ បានអោយដឹង ។

លោក Jonathan Dirlam អ្នកសិក្សាមកពីសាកលវិទ្យាល័យ Ohio State University នៅសហរដ្ឋ អាមេរិចបានអោយដឹងថា តាមលទ្ធផលនៃការសិក្សាគឺវាពិតជាប៉ះពាល់ដល់សុខភាពរបស់មនុស្សទូទៅពិតមែនប្រសិនបើគេធ្វើការងារដែលមិនពេញចិត្ត ។ ចំពោះអ្នកទាំងនោះ ពួកគេច្រើនមានអារម្មណ៍តានតឹង ព្រួយបារម្ភ និងមានបញ្ហាពិបាកដំណេក ដែលផលប៉ះពាល់ទាំងនេះហើយ នឹងនាំអោយឈានទៅកើតបញ្ហាឈឺឆ្អឹងខ្នង និងផ្តាសាយញឹកញាប់ក៏មាន ។

ដោយឡែកវាក៏ធ្វើអោយកើតនូវអារម្មណ៍អន្ទះសារ ដែលវានឹងធ្វើអោយឈានទៅកើតជំងឺ បេះដូង និងបញ្ហាសុខភាពបន្ទាប់បន្សំជាច្រើន ។ ការសិក្សានេះ គឺគេបានអនុវត្តទៅលើមនុស្សដែលមានអាយុចាប់ពី៣៩ឆ្នាំឡើងទៅ ដោយបានសាកសួរ និងធ្វើតេស្តពីស្ថានភាពការងារនិងប្រវត្តិសុខភាពកាលពីពួកគេមានអាយុ ២៥ឆ្នាំឡើងទៅ ។

ជាលទ្ធផលចំនួន ៤៥% យល់ថាពួកគេពិតជាមិនពេញចិត្តនឹងការងារដែលពួកគេចាប់ផ្តើមក្រោយពេលចេញពីសាលារៀន ហើយ ២៣% កើតមានទំនោចង់ប្តូរការងារ ជាបន្តបន្ទាប់ ។ ក្នុងនោះ មានតែ ១៥% ទេ ដែលមានការពេញចិត្តនឹងការងាររបស់ពួកគេ ។  លទ្ធផលនៃការសិក្សានេះត្រូវបានយកមកធ្វើបទបង្ហាញនៅកិច្ចប្រជុំប្រចាំឆ្នាំ American Sociological Association នៅ Seattle កាលពីពេលថ្មីៗនេះ ៕ សុផល