ផ្អើល​ឈូឆរ​នាំ​គ្នា​ចុះ​វាយ​កញ្ចក់​រថយន្ត រួច​អូស​ឡើងគោក

ខេត្ត​បន្ទាយមានជ័យ​ ៖ បុរស​៣​នាក់​បាន​​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ផ្អើល​ឈូឆរ​នាំ​គ្នា​ចុះ​វាយ​កញ្ចក់​រថយន្ត​ទម្រាំ​បើកទ្វារ​រថយន្ត​បាន ​រួច​ប្រឹង​អូស​ឡើង​លើគោក​ដោយសារ​បើកឡាន​ហួស​ល្បឿន​ជ្រុល​ចង្កូត​ធ្លាក់ទឹក​ប្រឡាយ​ចេញ​មិន​រួច ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខាងជើង​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 2A-4805 ជិះ​គ្នា​៣​នាក់​បាន​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ឡើង​វ៉ា​ជែង​រថយន្ត​ធុន​ធំ​១​គ្រឿង​យ៉ាង​លឿន ក៏​ស្រាប់​វាក់​ជាមួយ​រថយន្ត​កាម​រី​១​គ្រឿង​ទៀត ពេល​នោះ​អ្នកបើកបរ​ក៏​បួង​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ក្រឡាប់​ធ្លាក់​ចូល​ទឹក​ប្រឡាយ​ដែល​មាន​ជម្រៅ​ជ្រៅ ទ្វារ​រថយន្ត​មិន​អាច​ដំណើរការ​បាន ។ រយៈពេល​ប្រហែល​១០​នាទី​ក្រោយ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​នាំ​គ្នា​ចុះ​ជួយ​អន្តរាគមន៍​ទម្រាំ​វាយ​កញ្ចក់​រថយន្ត​បែក បើកទ្វារ​ជួយ​សង្គ្រោះ តែ​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ឈ្លក់ទឹក ភ្លាម​ៗ​នោះ​មិនដឹង​ស្លាប់ ឬ​រស់​ឡើយ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​សង្ស័យ​សាច់ញាតិ​បាន​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទាំង​៣​នាក់​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ តែ​ជា​អកុសល​អ្នក​ទាំង​៣​នាក់​បាន​ស្លាប់​តាំងពី​នៅ​ក្នុង​រថយន្ត​ដោយ​ឈ្លក់ទឹក​ថប់ដង្ហើម ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ហ៊ុយ ឡា​សាំង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​កា​កូ​ឡា នៅ​ភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី​, ២-​ឈ្មោះ សេន តុលា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​កា​កូ​ឡា នៅ​ភូមិ​ព្រែកជីក ឃុំ​បត់​ត្រង់ ស្រុក​ម​ង្គ​ឡ​បូ​រី​, ៣-​ឈ្មោះ ជុ ជាតិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​ភូមិ​បត់​ត្រង់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ៕