ប៉ុនប៉ង​ជា​ច្រើន​លើក​តែ​មិន​បាន​សម្រេច ទីបំផុត​…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្រលាញ់​នារី​ម្នាក់​តែ​នារី​ម្នាក់​នោះ​មិន​ព្រមស្រលាញ់​វិញទេ ​ធ្វើ​ឲ្យ​បុរស​រូប​នេះ​មាន​បំណង​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ជា​ច្រើន​លើក​តែ​មិន​បាន​សម្រេច តែ​ទីបំផុត​បាន​ចងក​សម្លាប់​ខ្លួន​លើ​ដើម​ដូង​ស្លាប់​យ៉ាង​គួរ​ឲ្យ​អាណិត ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់ ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្រោយ​សាលា​បឋម​សិក្សា​សាមគ្គី ស្ថិត​ក្នុងភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បុរស​ដែល​ចងក​សម្លាប់​ខ្លួន​មានឈ្មោះ ហម មក​រា ហៅ គួ​យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​លី​សែង ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​មិត្តភក្ដិ​ជន​រង​គ្រោះ​ឈ្មោះ ជា សុ​ភ័​ក្រ ហៅ តោ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​របស់​គេ​ម្នាក់​ឈ្មោះ ឡា​ច សំភព ហៅ កណ្ដៀ នៅ​ក្រោយ​ផ្ទះបាយ​របស់​គេ ។ ក្រោយមក​គេ​ឃើញ​ជន​រង​គ្រោះ​ដើរ​កាន់​ដប​ស្រា ហើយ​និយាយ​តែ​ម្នាក់ឯង​ដើរមក​ជិត​រូបគេ គេ​ក៏​បាន​សួរ​ថា ឯង​ឆ្កួត​ទេ​អី​ដើរ​និយាយ​តែ​ម្នាក់ឯង​នឹង ពេល​នោះ​ជន​រង​គ្រោះ​បាន​ឆ្លើយ​តប​វិញ​ថា ឯង​យល់​អត់បើ​ឯង​មិន​យល់​ទេ​ទុក​ឲ្យ​អញ​ជា​អ្នក​យល់ ហើយ​ក្រោយមក​ជន​រង​គ្រោះ​បាន​ដើរ​ចេញ​ទៅ​បាត់​ទៅ ។

ប្រភព​បន្ត​ទៀត​ថា ក្រោយមក​ឈ្មោះ សុ​ភ័​ក្រ ហៅ តោ បាន​ដើរទៅ​ផឹកស្រា​នៅ​ក្នុងភូមិ​ជាមួយ​មិត្ត​របស់​គេ​ម្នាក់​ទៀត មួយសន្ទុះ​ក្រោយមក​ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ជួប​ជាមួយ​និង​បុរស​ម្នាក់​ដែល​អង្គុយ​ផឹក​ជាមួយ​ជន​រង​គ្រោះ​នោះ ក៏​បាន​សួរ​ទៅ​កាន់​ឈ្មោះ ឡា​ច សំភព ថា មាន​ឃើញ​ជន​រង​គ្រោះ​អត់ ពេល​នោះ​ឈ្មោះ ឡា​ច សំភព ក៏​បាន​ដើរ​រក​ជន​រង​គ្រោះ​រហូត​ដល់​ចំណុច​ច​កើតហេតុ​ក៏​ប្រទះ​ឃើញ​ចងក​និង​វ​ល្លិ៍​ដ​ដឹ​ត​ដែល​ដុះ​នៅ​លើ​ដើម​ដូង​ក្នុង​ដី​ឡូត៍​មួយ​ដែល​នៅ​ជាប់​សាលា​បឋម​សិក្សា​សាមគ្គី​នោះ​ស្លាប់​បាត់​ទៅ​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​បានរ​ត់ទៅ​ប្រាប់​សន្តិសុខ​សាលា​ឲ្យ​ទៅ​ប្រាប់​ដល់​សាច់ញាតិ​មក​មើល​ជន​រង​គ្រោះ ។

ឈ្មោះ ចន្ទ ភា​រ៉ា បងប្រុស​បង្កើត​របស់​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ប្អូនប្រុស​របស់​គាត់​ឲ្យ​តែ​ពេល​ផឹកស្រា​ស្រវឹង​តែងតែមាន​ស្មារតី​មិនល្អ រវើរវាយ​រកតែ​ឃាត់​មិន​ឈ្នះ​នោះ​ទេ រហូត​ដល់​ស្វាង​ស្រា​ទើប​គេ​ប្រែ​មក​ជា​មាន​ស្មារតី​ធម្មតា​វិញ ហើយ​បើ​តាម​ការ​ប្រាប់​ពី​មិត្តភក្ដិ​របស់​ជន​រង​គ្រោះ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពី​មុន​មក​គឺ​បាន​ប្រាប់​ថា រូបគេ​ធ្លាប់​បាន​ស្រលាញ់​នារី​ម្នាក់ តែ​គេ​មិន​ស្រលាញ់​វិញ​ទេ ទើប​ធ្វើ​ឲ្យ​គេ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ជា​ច្រើន​លើក​តែ​មិន​បាន​សំរេច រហូត​ដល់​ថ្ងៃ​កើតហេតុ​នេះ គឺ​សង្ស័យ​តែ​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង​ហើយ​នឹកឃើញ​រឿង​ចាស់​ក៏​រត់​ទៅ​ចងក​ម្ដងទៀត​ស្លាប់​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ព្រមទាំង​សមត្ថកិច្ច​កោសល្យ​វិ​ច្ច័​យ​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ ហើយ​បាន​ពិនិត្យ​មើល​ជុំវិញ​កន្លែង​កើតហេតុ ទើប​ដឹង​ថា ជន​រង​គ្រោះ​បាន​ឡើង​ទៅ​លើដំបូល​បន្ទប់ទឹក​សាលា ហើយ​ឈោង​ទាញ​យក​វ​ល្លិ៍​ដ​ដឹ​ត​ចំនួន​បួន​សរសៃ​យក​មក​រុំ​ក​ហើយ​ទម្លាក់​ខ្លួន​ទៅ​ក្រោម បណ្ដាលឲ្យ​ផុតដង្ហើម​ស្លាប់​ភ្លាម​ៗ ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​នៅ​វត្ត​តាំង​កសាង​ខាងជើង រង់ចាំ​ការ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕