ខ្លា​ឃ្មុំ​ផេនដា លែង​ជា​សត្វ​ដែល​ជិត​ផុត​ពូជ​ទៀត​ហើយ!

ខ្លា​ឃ្មុំ​ផេនដា (Giant Panda) ដែល​មនុស្ស​គ្រប់​គ្នា​ស្រលាញ់​ចូល​ចិត្ត លែង​ជា​សត្វ​ដែល​ជិត​ផុត​ពូជ​ទៀត​ហើយ បន្ទាប់​ពី​មាន​ការ​អភិរក្ស​អស់​ជា​ច្រើន​ទសវត្ស ដើម្បី​ថែរក្សា និង​ជួយ​សង្គ្រោះ​វា។ ស្ថានភាព «ជិត​ផុត​ពូជ» នៃ​សត្វ​ខ្លា​ឃ្មុំ​ផេនដា បាន​ផ្លាស់​ប្តូរ​ជា​ផ្លូវ​ការ​ទៅ​ជា «ងាយ​រង​គ្រោះ» វិញ ដោយ​សារ​តែ​ចំនួន​សត្វ​ខ្លា​ឃ្មុំ​ប្រភេទ​នេះ បាន​ស្ទុះ​ឡើង​ខ្លាំង ក្នុង​ប្រទេស​ចិន។ ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​ប្រកាស ជា​ផ្នែក​មួយ​នៃ​ការ​កែ​ប្រែ​បញ្ជី «International Union for Conservation of Nature (IUCN) Red List»។

 

ខ្លា​ឃ្មុំ​ផេនដា លែង​ជា​សត្វ​ដែល​ជិត​ផុត​ពូជ​ទៀត​ហើយ!

 

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន បាន​នាំ​យក​តួ​លេខ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៃ​ចំនួន​សត្វ​ខ្លា​ឃ្មុំ​ផេន​ដា ដោយ​ការ​ប៉ាន់​ស្មាន​ចុង​ក្រោយ​បង្អស់​បង្ហាញ​ថា ចំនួន​សត្វ​ខ្លា​ឃ្មុំ​ផេនដា​ពេញ​វ័យ មាន​រហូត​ដល់​ទៅ ១ ៨៦៤ ក្បាល។ មិន​មាន​តួ​លេខ​ច្បាស់​លាស់​នៃ​ចំនួន​កូន​ខ្លា​ឃ្មុំ​ផេនដា​ឡើយ ប៉ុន្តែ​ការ​ប៉ាន់​ប្រមាណ​ចំនួន​សរុប នៃ​សត្វ​ខ្លា​ឃ្មុំ​ផេនដា មាន​រហូត​ដល់​ទៅ ២ ០៦០ ក្បាល​ឯណោះ។

 

ទោះ​បី​ជា​យ៉ាង ការ​កែ​ប្រែ​បញ្ជី​នេះ ក៏​បាន​នាំ​មក​នូវ​ដំណឹង​អាក្រក់​ផង​ដែរ។ សត្វ​ស្វា​ភាគ​ខាង​កើត «Eastern Gorilla» បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព ជិត​ផុត​ពូជ​ធ្ងន់ធ្ងរ។ ការ​កើន​ឡើង​នៃ​ការ​ប្រមាញ់​ខុស​ច្បាប់ ធ្វើ​ឲ្យ​ចំនួន​សត្វ​ស្វា​ភាគ​ខាង​កើត កាត់​បន្ថយ​នៅ​សល់​ត្រឹម​តែ ៥ ០០០ ក្បាល​ប៉ុណ្ណោះ នៅ​ទូទាំង​ពិភព​លោក។

 

ខ្លា​ឃ្មុំ​ផេនដា លែង​ជា​សត្វ​ដែល​ជិត​ផុត​ពូជ​ទៀត​ហើយ!

 

សត្វ​ស្វា​ធំ​ដ៏​អស្ចារ្យ ៤ ក្នុង​ចំណោម ៦ ពូជ ក្នុង​នោះ​រួម​មាន សត្វ​ស្វា​ភាគ​ខាង​កើត «Eastern Gorilla» , សត្វ​ស្វា​ភាគ​ខាង​លិច «Western Gorilla» , សត្វ​ស្វា​ក្រហម «Bornean Orangutan» និង សត្វ​ស្វា​ក្រហម «Sumatran Orangutan» បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​ធ្ងន់ធ្ងរ។

 

អគ្គនាយក​នៃ​អង្គការ IUCN លោក​ស្រី Inger Andersen បាន​និយាយ​ថា «ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ដ៏​សោកសៅ ព្រោះ​តែ​បញ្ជី IUCN Red List បង្ហាញ​ថា យើង​កំពុង​តែ​បាត់​បង់​សាច់ញាតិ ដ៏​ជិត​ស្និទ្ធ​បំផុត»។ ចំនួន​សត្វ​ស្វា​ភាគ​ខាង​លិច «Western Gorilla» បាន​ធ្លាក់​ចុះ ជាង ៧០ ភាគរយ ក្នុង​រយៈ​ពេល ២ ទសវត្សរ៍។

 

គួរ​បញ្ជាក់​ថា បញ្ជី IUCN Red List មាន​រាប់​បញ្ចូល​សត្វ និង​រុក្ខជាតិ ចំនួន ៨២ ៩៥៤ ប្រភេទ។ ស្ទើរ​តែ ១ ភាគ ៣ ពោល​គឺ ២៣ ៩២៨ ប្រភេទ កំពុង​ត្រូវ​បាន​ចុះ​បញ្ជី​ដែល​ប្រឈម​នឹង​ការ​ផុត​ពូជ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC