អេស្ប៉ាញ ត្រៀមចាប់ផ្តើមប្រជែងយកកៅអីនៅរុស្ស៊ី

ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានជួបការខកចិត្តដ៏ធំក្នុងយុទ្ធនាការ World Cup ក្នុងឆ្នាំ២០១៤ និងការធ្លាក់ចេញពីព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ បានធ្វើឲ្យតំណែង ៨ឆ្នាំរបស់លោក Vicente del Bosque ក្នុងនាមជាគ្រូបង្វឹកបញ្ចប់ផងដែរ។

Spain-player

លោក Julien Lopetegui គឺជាអ្នកដែលត្រូវដឹកនាំក្រុមជំនួសលោក Del Bosque ដើម្បីរក្សាជ័យជម្នះរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ុន្តែ គ្រូបង្វឹករូបនេះបានប្រឈមមុខនឹងការងារដ៏លំបាកមួយក្នុងការជួយឲ្យក្រុមអេស្ប៉ាញធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេល២ឆ្នាំខាងមុខទៀត ស្របពេលគូប្រកួតដ៏ខ្លាំងអ៊ីតាលីកំពុងតែរង់ចាំប្រជែងក្នុងពូលតែមួយនេះ។ ក្រុមជម្រើសជាតិអេស្ប៉ាញ មានប្រវត្ត មិនធ្លាប់ចាញ់សោះក្នុងការប្រកួតជម្រុះ World Cup ក្នុងរយៈពេល២៣ឆ្នាំ ហើយកំណត់ត្រានោះគួរតែអាចរក្សាបាន នៅពេលដែលក្រុមជម្រើសជាតិលិចតិនស្តាញ ធ្វើដំណើរទៅកាន់ទីក្រុង Leon ក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការជម្រុះ World Cup នៅរាត្រីនេះ។

យុគសម័យកាលថ្មីរបស់លោក Lopetegui គឺត្រូវតែចាប់ផ្តើមឲ្យបានល្អភ្លាមៗ ស្របពេលការធ្វើដំណើរទៅជួបក្រុមជម្រើសជាតិអ៊ីតាលី កំពុងតែរង់ចាំក្នុងការប្រកួតបន្ទាប់នៅដើមខែតុលា ហើយមានតែក្រុមឈរលេខមួយប៉ុណ្ណោះដែលមានសិទ្ធិឈានទៅជុំផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការបារម្ភផ្សេងៗ មានភាពធូរស្រាល ក្រោយពីអេស្ប៉ាញ បានកត់ត្រាជ័យជម្នះក្រៅដីក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងការប្រកួតជាលើកទី១របស់លោកក្នុងនាមជាគ្រូបង្វឹក។ ហេតុនេះ មានន័យថា លោកបាចាប់ផ្តើមបញ្ចូលកម្លាំងថ្មីរួចជាស្រេចក្នុងក្រុមរបស់លោក។ លោក Lopeteguiបានឲ្យដឹងថា៖ «កីឡាករវ័យក្មេងនៅគឺនៅទីនេះ ពីព្រោះខ្ញុំជឿជាក់ថា ពួកគេស័ក្តិនឹងមានវត្តមាន ហើយពួកគេមានសមត្ថភាព»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥នាទីទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕

ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ

07.09.11 Spain 6-0 Liechtenstein

04.09.10 Liechtenstein 0-4 Spain

07.06.07 Liechtenstein 0-2 Spain

The post អេស្ប៉ាញ ត្រៀមចាប់ផ្តើមប្រជែងយកកៅអីនៅរុស្ស៊ី appeared first on CamboSport.