សាន ផានិត ស្តាយក្រោយ​ចំពោះ​ការ​ធ្វើ​ឱ្យ​ជីវិត​ដុនដាប​កន្លង​មក

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សាន ផានិត បាន​សន្យា​ចំពោះ​ខ្លួនឯង​ថា​នឹង​មិន​ធ្វើ​ឱ្យ​ជីវិត​ធ្លាក់​ចុះ​ដូច​មុន​ទៀត​ទេ ប្រសិនបើ​លោក​អាច​សាង​ភាព​ល្បីល្បាញ​ឡើង​វិញ​ក្នុង​ពិភព​សិល្បៈ​ចម្រៀង ។

ការ​អះអាង​របស់​លោក​សាន ផានិត បន្ទាប់​ពី​វី​ដេ​អូ​បទ​ចម្រៀង​របស់​លោក​មាន​ចំណងជើង​ថា «​ជាប់រវល់ » ចេញ​ជា​ផ្លូវការ និង​កំពុង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន ។
លោក​សាន ផានិត បង្ហាញ​អារម្មណ៍​ចង់​សាង​ជីវិត​សា​ជា​ថ្មី បន្ទាប់​ពី​ធ្លាក់ខ្លួន​អាប់អួ​ស្ទើរ​ហៅ​មិន​ឮ​រហូត​ដល់​ញៀន​ថ្នាំ បន្ទាប់​ពី​លោក​បាត់បង់​ការ​គាំទ្រ​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារាចម្រៀង​លោក​សាន ផានិត បញ្ជាក់​ថា «​ទីក្រុង​ដ៏​ឆើតឆាយ​អើយ​បើសិនជា​ខ្ញុំ​អាច​មានឈ្មោះ​បោះ​សំឡេង​ឡើង​វិញ សម្រស់​របស់​អ្នក​មិន​អាច​ទាក់ទាញ​ខ្ញុំ​ឱ្យ​ដើរ​ចូល​ទៅ​ក្នុង​កន្លែង​ផឹកស៊ី ស្រី​ញី បន​ល្បែង ហឺ​ុ​ហា​ដូច​មុន​ឡើយ ឆ្អែតឆ្អន់​ឆាកជីវិត​ហើយ លា​ហើយ​មិត្ត​ចាស់​មិនល្អ និង​អតីតកាល​ដ៏​ខ្មៅ​ងងឹត ជា​កំហុស​របស់ខ្ញុំ​កន្លង​មក​» ។

តាម​រយៈ​សំ​ណេ​រ​នោះ​លោក​សាន ផានិត ហាក់​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​អតីតកាល​ជីវិត​ដ៏​ខ្មៅ​ងងឹត​ដែល​លោក​ធ្លាប់​ឆ្លងកាត់ ដែល​នៅ​តែ​ជា​ស្រមោល​ខ្មៅ​តាម​លោក​គ្រប់ពេលវេលា បើ​ទោះបីជា​ពេល​នេះ​លោក​កំពុង​លូតលាស់​ឡើង​វិញ​ក៏​ដោយ ។

មុន​ពេល​បង្ហាញ​វត្តមាន​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​ជា​ថ្មី ម្ចាស់​បទ «​ទូរស័ព្ទ​ប្រាប់​ផង​» លោក​សាន ផានិត ធ្លាប់​អះអាង​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​ថា រូប​លោក​ពិតជា​ធ្លាប់​ក្លាយជា​ជន​រង​គ្រោះ​ដោយ​ថ្នាំ​ញៀន​មែន ។ មូលហេតុ​គឺ​មក​ពី​ការ​សេពគប់​មិត្តភក្ដិ​ខុស ទើប​ធ្វើ​ឲ្យ​ជីវិត​ធ្លាក់​ចុះ​ដុនដាប រហូត​ដល់​ដើរ​រក​អ្នក​ស្គាល់គ្នា​សុំ​ប្រាក់​ពី​គេ ដើម្បី​ចម្អែត​ក្រពះ មួយ​ពេល​ៗ​ក៏​មាន ។

ដោយឡែក​កាលពី​អំឡុង​ឆ្នាំ​២០០២​លោក​សាន ផានិត បាន​ពើប​ប្រទេះ​ព័ត៌មាន​ដ៏​អាម៉ាស់ គឺ​ប្រភព​មួយ​អះអាង​ថា រូប​លោក​ធ្លាក់ខ្លួន​រហូត​ជិះ​ម៉ូតូឌុប និង​ញ៉ាំ​បាយ​គេ​មិន​ឲ្យ​លុយ ។

បន្ទាប់​ពី​ពើប​ប្រទេះ​ជីវិត​ដ៏​អាប់អួ​មួយរ​យៈមក លោក​សាន ផា​ន បាន​រៀបចំ​ខ្លួន​ឡើង​វិញ ហើយ​លោក​បាន​រៀប​មង្គលការ​ជា​ថ្មី​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៤ ជាមួយ​នារី​ម្នាក់​ដែល​មាន​វ័យ​ប្រមាណ​ជាង​២០​ឆ្នាំ ជា​អ្នកធ្វើការ​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ចូល​រោងការ​រួច​លោក​សាន ផានិត និង​ភរិយា​បាន​ចេញ​ទៅ​សាង​ជីវភាព​ថ្មី​លើ​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី ។ នៅ​ទីនោះ​លោក​បាន​បង្កើត​មុខរបរ​រកស៊ី​ក្រៅ​រង្វង់​សិល្បៈ ។
កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​សាន ផានិត បាន​បើក​សម្ពោធ​ហាង​កម្សាន្ត​មួយ ដោយ​បោះទុន​រួម​គ្នា​ជាមួយ​មិត្តភក្តិ​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ៕