iPhone 7 ជិត​បង្ហាញ​ខ្លួន យុវវ័យ​ខ្មែរ​​​ចាប់​​អារម្មណ៍​បែប​ណា?

ព័ត៌មាន​ពី iPhone 7 កំពុង​កក្រើក​បណ្ដាញ​សង្គម ខណៈ​ការ​ប្រកាស​ផ្លូវការ​នៅ​ថ្ងៃ ៧ កញ្ញា​ខាន​ស្អែក។ ងាក​មក​យុវវ័យ​កម្ពុជា​​វិញ ចាប់​អារម្មណ៍​ខ្លាំង​យ៉ាង​ណា​ដែរ ចំពោះ​រូបរាង​និង​តម្លៃ iPhone 7 លេច​ធ្លាយ​ថ្មីៗ​នេះ។

 

iPhone 7 ជិត​បង្ហាញ​ខ្លួន យុវវ័យ​ខ្មែរ​​​ចាប់​​អារម្មណ៍​បែប​ណា?

 

លោក វិចិត្រ និស្សិត​ឆ្នាំ​ទី ២ ផ្នែក IT នៅ​សាកលវិទ្យាល័យ​ន័រតុន ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​នេះ​រូប​គេ​ចាប់​អារម្មណ៍​ឃើញ​ព័ត៌មាន​ក្នុង​ស្រុក​និង​បរទេស​ចុះ​ផ្សាយ​ច្រើន​​ទាក់ទង​នឹង iPhone 7 ពិសេស​គឺ​រូបរាង​និង​តម្លៃ។ ចំណុច​ដែល វិចិត្រ ទាក់ចិត្ត​ខ្លាំង​ចំពោះ iPhone ស៊េរី​ថ្មី​នោះ គឺ​កាមេរ៉ា​ភ្លោះ ប្លែក​ពី iPhone ស៊េរី​មុនៗ។

 

យ៉ាងណា​វិចិត្រ​នឹង​មិន​ចំណាយ​លុយ​ទៅ​ទិញ iPhone 7 តាម​បណ្ដា​ហាង​ភ្លាមៗ​នោះ​ទេ ព្រោះ​វា​នឹង​មាន​តម្លៃ​ថ្លៃ ហើយ​ជា​ការ​ខ្ជះខ្ជាយ​ប្រាក់​ថែម​ទៀត។ លោក​នឹង​រង់​ចាំ​ប្រហែល ៣ ទៅ ៤ ខែ​រហូត​ដល់​តម្លៃ​វា​រាង​ធ្លាក់​ថ្លៃ​ល្មម​ទិញ​ប្រើ។

 

ងាក​មក រក្សា បុគ្គលិក​ក្រុមហ៊ុន​ឯកជន និយាយ​ថា ចំពោះ​លោក​ផ្ទាល់​ចាប់​អារម្មណ៍ iPhone 7 ជាង​គេ​ត្រង់​ថា​គ្មាន​រន្ធ​ដោត​កាស។ យ៉ាងណា បច្ចុប្បន្ន​រក្សា​កំពុង​រង់​ចាំ​ទិញ iPhone 6s ដែល​សង្ឃឹម​ថា​នឹង​ធ្លាក់​ថ្លៃ​ក្រោយ iPhone 7 បង្ហាញ​ខ្លួន។

 

“គិត​ថា iPhone 7 តម្លៃ ៧៩០ដុល្លារ សម្រាប់​ទំហំ 32GB ដែល​បែក​ធ្លាយ​នៅ​ចិន​កន្លង​មក មើល​ទៅ​សមរម្យ តែ​បើ​ដល់​ខ្មែរ​ដឹង​តែ ១ ពាន់​អត់​ខុស​ទេ។ ចេញ iPhone 7 តែ​ខ្ញុំ​ចាំ​ទិញ 6s ឯណោះ​ទេ ព្រោះ​គិត​ថា​វា​អាច​ធ្លាក់​ថ្លៃ​ច្រើន​ល្មម​អាច​លៃលក​ទិញ​ប្រើ​បាន”។

 

ចំណែក​ឯ​ស្រី​ស្អាត ចិញ្ចើម​ក្រាស់ រ៉ាវី បុគ្គលិក​ក្រុមហ៊ុន​ឯកជន ថា​សមត្ថភាព iPhone 7 ប្រហែល​មិន​លើស​ពី iPhone 6s/6s Plus ណាស់​ណា​ទេ តែ​អ្វី​ដែល​កញ្ញា​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ​វា​មាន​ពណ៌ ខៀវ​ក្រមៅ​ទាក់ទាញ។

 

iPhone 7 ជិត​បង្ហាញ​ខ្លួន យុវវ័យ​ខ្មែរ​​​ចាប់​​អារម្មណ៍​បែប​ណា?

 

“មើល​ទៅ​គ្មាន​អី​អស្ចារ្យ​ជាង iPhone 6s+ ទេ តែ​វា​ឡូយ​ជាង​ត្រង់​អា​ពណ៌​ខៀវ​ក្រមៅ មើល​ទៅ​ពណ៌​ហ្នឹង មនុស្ស​ស្រី​កាន់​ទៅ​សិចស៊ី​បែប Highg Class តែ​ម្ដង។ បើ​មាន​លុយ នឹង​ទិញ​ប្រើ ព្រោះ​ស្រលាញ់​អា​ពណ៌​ខៀវ​ក្រមៅ​នោះ​ទៅ​វិញ​ទេ។ ឥឡូវ​កំពុង​សន្សំ​លុយ​ដែរ​ហ្នឹង​បង។ រ៉ាវី សើច។

 

iPhone 7 ដែល​នឹង​ប្រកាស​ថ្ងៃ ៧ កញ្ញា​ខាន​ស្អែក រំពឹង​ថា​នឹង​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ, RAM ធំ​ដល់​ទៅ 3GB, មេម៉ូរី 256GB, មាន​ប្រព័ន្ធ​ការពារ​ជ្រាប​ទឹក នឹង​មាន​ជម្រើស​មួយ​ពណ៌​ទៀត​គឺ ខៀវ​ក្រមៅ។

 

រង់​ចាំ​តាម​ដាន​រូបរាង​ iPhone 7 ​ទាំងអស់​គ្នា​នៅ​ថ្ងៃ ៧ កញ្ញា ម៉ោង ១០ព្រឹក​នៅ អាមេរិក ត្រូវ​នឹង​ម៉ោង ១២យប់ ថ្ងៃ​ទី ៨ កញ្ញា នៅ​កម្ពុជា។

 

ទំព័រ​ហ្វេសប៊ុក Sabay News Technology  នឹង​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ធំ​មួយ​នេះ​ដល់​ប្រិយមិត្ត។

 

ស្វែង​យល់​​ព័ត៌មាន​ច្រើន​ទៀត​អំពី iPhone 7 ចុច​ត្រង់​នេះ

 

អត្ថបទ៖ ប៉ែត ផាន់និត