កម្លាំងកងអង្គរក្សនិង​អាវុធ​យុទ្ធ​ភ័​ណ្ឌ គួរ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​

នៅក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​០៨ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានប្រកាស​ជា​សាធារណៈ​បញ្ជា​ឲ្យ​កង​អង្គរក្ស​ទាំងអស់​ការពារ​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមគ្រួសារ ហើយ​ទប់ស្កាត់​ឲ្យ​បានជា​ដាច់ខាត​នូវ​បដិវត្តន៍​ពណ៌​។ តាមរយៈ​សេចក្ដីប្រកាស​ជា​សាធារណៈ​របស់លោក ប៉ុល សារឿន បានបង្ហាញ​ថា​កង​អង្គរក្ស​ទាំងអស់ ព្រមទាំង​អាវុធ​យុទ្ធ​ភ័​ណ្ឌ​សព្វបែបយ៉ាង​នៅក្នុង​ទីបញ្ជាការ​នៃ​កង​អង្គរក្ស ត្រូវ​ប្រើប្រាស់​ដើម្បី​ការពារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមគ្រួសារ មិនមែន​សម្រាប់​ការពារ​បូរណភាព​ទឹកដី​នោះទេ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​នៅពេលដែល​កម្លាំងប្រដាប់អាវុធ និង​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ត្រូវបាន​ទុក​ត្រៀម​ប្រើប្រាស់​ដើម្បី​ការពារ​អំណាច​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ក្រុម​អ្នកសង្កេតការណ៍​ជុំវិញ​ស្ថានភាព​នយោបាយ​និង​បញ្ហា​ទឹកដី​កម្ពុជា បាន​លើកឡើងថា កងទ័ព​គួរ​មាន​តួនាទី​ស្របតាម​រដ្ឋធម្មនុញ្ញ​ក្នុង​បញ្ហា​ការពារ​បូរណភាព​ទឹកដី​កុំ​ឲ្យ​បរទេសជិតខាង​រំលោភបំពាន និង​ការពារ​ប្រជាពលរដ្ឋ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ស្របទៅតាម​ស្ថានភាព​ជាក់ស្ដែង​។ មានន័យថា​ក្នុងការ​គ្រប់គ្រង​អំណាច គឺ​អ្នកនយោបាយ​គួរ​ប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត ហើយ​គោរព​ទៅតាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ធ្វើយ៉ាងណា​ចៀសវាង​កុំ​ឲ្យ​មាន​អ​ស្ថិ​រិ​ភាព​នយោបាយ​កើតឡើង ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គមជាតិ និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​។ លើស​នេះ​ទៅទៀត​កងទ័ព​គួរ​ពិនិត្យឡើងវិញ​អំពី​តួនាទី​របស់ខ្លួន ព្រោះ​បច្ចុប្បន្ន​ហាក់ដូចជា​ពុំមាន​ភាគី​ឬ​ក្រុម​ណាមួយ​ដែល​ប៉ុនប៉ង​ផ្ដួលរំលំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញពី​អំណាច​នោះទេ ហើយ​ការផ្លាស់ប្ដូរ​អាចធ្វើ​ទៅតាម​រយៈ​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​។

សូមបញ្ជាក់ថា នៅក្នុង​ពិធី​រំលឹក​ខួប​គម្រប់​២០​ឆ្នាំ​នៃ​ការបង្កើត​កងវរសេនាតូច​លេខ​២៤៦ និង​ខួប​៨​ឆ្នាំ​នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​បន្ទាយ​ទួល​ក្រសាំង ក្រុង​តាខ្មៅ កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ គឺមាន​ការបង្ហាញ​នូវ​កងកម្លាំង​អង្គរក្ស​ជាច្រើន​ផែន​ខុសៗ​គ្នា និង​មាន​រថក្រោះ រថពាសដែក ឧទ្ធម្ភាគចក្រ រថយន្ត​សង្គ្រោះ និង​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដទៃទៀត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​គួរ​ឲ្យ​ចាប់អារម្មណ៍​។ នៅក្នុង​បន្ទាយ​ទួល​ក្រសាំង តាម​ពិនិត្យ​ជាក់ស្ដែង​មាន​កង​យោធា និង​សម្ភារៈ​សឹក​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដូច្នេះ​ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​កម្លាំង​និង​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ ដើម្បី​ការពារ​បូរណភាព​ទឹកដី​តាម​ព្រំដែន គឺជា​ប្រការ​សំខាន់បំផុត​ដើម្បី​កុំ​ឲ្យ​ប្រទេសជិតខាង​ចេះតែ​គឃ្លើន​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​រាល់​សុន្ទរកថា​របស់​មេបញ្ជាកា​រ​យោធា​ជាន់ខ្ពស់​នៅក្នុង​ពិធី​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ សុទ្ធតែ​បាន​ជំរុញ​ឲ្យ​កម្លាំង​អង្គរក្ស​ទាំងអស់​ប្ដេជ្ញា​ការពារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមគ្រួសារ ហើយ​បង្ក្រាប​ឲ្យ​ខាងតែបាន​នូវ​បដិវត្តន៍​ពណ៌​។ ជុំវិញ​បញ្ហា​នេះ​ក្រុមអ្នកវិភាគ​នយោបាយ​បាន​លើកឡើងថា ប្រទេស​កម្ពុជា​មានតែ​បោះឆ្នោត​គ្រប់​អាណត្តិ​តាម​ការគ្រោងទុក ដូច្នេះ​បើ​ការផ្លាស់ប្ដូរ​មេដឹកនាំ​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​ត្រឹមត្រូវ​និង​យុត្តិធម៌ គឺជា​រឿង​ប្រសើរ​ណាស់​ទៅហើយ ព្រោះ​គ្មាន​ហេតុផល​អ្វីដែល​ភាគី​ណាមួយ​ឬ​គណបក្ស​ណាមួយ​មានលទ្ធភាព​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួលរំលំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​ទេ​។ កត្តា​សំខាន់​នៅក្នុង​ដំណាក់​ការ​នេះ គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​បញ្ជូន​កម្លាំង​កង​អង្គរក្ស​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់ខ្លួន​ទៅ​ដាក់ពង្រាយ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ដើម្បី​ត្រៀម​ការពារ​បូរណភាព​ទឹកដី​ទើប​ជា​រឿង​ត្រឹមត្រូវ​ពិតប្រាកដ​៕

14233857_189695328118102_1074353022_o 14233532_189696318118003_687367746_o 14215650_189696144784687_841419832_o 14247925_189695974784704_2097105420_o 14233767_189695821451386_1936008100_o 14191685_189695588118076_834643959_o
​ ​