ដេញឡានស្លាក (ខ.ម) មួយគ្រឿងឡើង​ផ្អើល ​

ខេត្តព្រៃវែង ៖ ឈើប្រណីត​ប្រភេទ​កម្រ​ចំនួន​១៥​ដុំ ស្មើ​១៥,៧៥​ម៉ែត្រគូប បាន​ដឹក​តាម​រថយន្ត​មួយ​គ្រឿងពាក់​ស្លាក​លេខ​ខ​.​ម បាន​លោត​ឆត្រ​បម្រុងឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​ តែមិន​បាន​សម្រេច ហើយ​ក៏​មានការ​បែកធ្លាយ​រឿងរ៉ាវ​ដល់​កងរាជអាវុធហត្ថ​ស្រុក​ព្រះស្តេច ​ដេញចាប់​បាន​នៅ​ចន្លោះ​ម៉ោង​ប្រមាណ​ជា​៦​ព្រឹក​ថ្ងៃ​ទី​៤ ​កញ្ញា ​២០១៦ នៅ​ចំណុច​ភូមិ​ពា​នី ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្ត​ព្រៃ​វែង ។

បើ​តាម​កងរាជអាវុធហត្ថ​ស្រុក​ព្រះស្តេច​បានឱ្យ​ដឹង​ថា មាន​​រថយន្ត​មួយ​គ្រឿង ​បាន​ដឹកស្រូវ​ពេញ​​ខាងលើ​ តែ​បង្កប់​ទៅ​ដោយ​ឈើ​ប្រណីត​ប្រភេទ​កម្រ បាន​លោត​ឆត្រ​ឆ្លង​ដែន​បំរុង​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម តែ​មិន​អាច​ឆ្លង​ទៅ​រួច ក៏​ត្រឡប់​ក្រោយមក​វិញ ​ដោយ​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ព្រះស្តេច​ក៏​បាន​ធ្វើការ​ដេញចាប់​ ដើម្បី​ឆែកឆេរ តែ​នៅ​ក្នុង​ប្រ​ត្តិ​បត្ត​ការ​ដេញចាប់​នោះ រថយន្ត​ពាក់​ស្លាក់​ខេមរភូមិន្ទ ០២៣-៤៥៤៦ មិន​បាន​ឈប់​តាម​សម្រួល​នោះ​ទេ ​ធ្វើ​ឱ្យ​មាន​ដេញចាប់​យ៉ាង​យូរ​គួរសម ហើយ​នៅ​ពេល​ចាប់​រថយន្ត​បាន ក៏​បាត់​អ្នកបើកបរ​បាត់​ទៅ​ហើយ ។

​កម្លាំងសមត្ថកិច្ច​ក៏​បាន​អូស​យក​រថយន្ត​នោះ​​​ធ្វើការ​ឆែកឆេរ​នៅ​ខាង​មុខ​​កងរាជអាវុធហត្ថ​ស្រុង​ព្រះស្តេច និង​ក៏​បាន​រក​ឃើញ​ថា រថ​យន្ត​ពាក់​ស្លាកខ​.​ម​នោះ ​មាន​ដឹកស្រូវ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ តែ​នៅខាងក្រោម​​គឺ​មាន​សុទ្ធតែ​ជា​ប្រភេទ​ឈើ​កំរងទាំងអស់​ចំនួន​១៥
ដុំ​។ ប្រភព​បន្ត​ថា យើង​មិន​ទាន់​អាច​កំណត់​បាន​​នៅឡើយ​ទេ​ថា ​អ្នក​ណា​ជា​ម្ចាស់​ឈើ​ព្រោះ​ចាប់​អ្នកបើកបរ​មិន​បាន ។

ក្រោយ​ពី​ឆែកឆេរ​ចប់​សព្វគ្រប់​ កងរាជអាវុធហត្ថ​ស្រុក​ព្រះស្តេច​ ក៏​បាន​ប្រគល់​ឈើ​ទាំងនោះ​ ទៅ​ឱ្យ​រដ្ឋ​សង្កាត់​ព្រៃឈើ​ស្រុក​បាភ្នំ​ជា​អ្នក​ចាត់ចែង​បន្ត ។ ជាមួយ​គ្នា​នោះ​ដែរ រដ្ឋ​សង្កាត់​ព្រៃឈើ​ស្រុក​បាភ្នំ​​ឱ្យ​ដឹង​ថា ឈើ​ដែល​ចាប់​បាន​ទាំង​អស់នេះ​ មិនមែន​ជា​ឈើ​ប្រណីត​​​ទេ តែ​ជា​ឈើ​កម្រ​ម្យ៉ាងដែលគេហៅ​ថា ​ឈើ​មរិច ឬ​ឈើ​រាជ​ស្កុល ហើយ​ឈើ​ទាំង​អស់នោះ​ មាន​ចំនួន​១៥​ដុំ ស្មើរ​និង ១៥.៧៥​ម៉ែត្រគូប ។

បើ​តាម​ប្រភព​ក្រៅផ្លូវការ​មួយ​បានឱ្យ​ដឹង​ថា ​រថយន្ត​ឈើ​ពាក់​ស្លាកខ​.​ម នេះ គឺជា​របស់​មន្ត្រីPM ម្នាក់​នៅ​ខេត្តព្រៃវែង ហើយ​ឈើ​នេះ​ទៀត​សោត​ ក៏​ជា​ឈើ​ត្រូវ​បាន​កាត់​ទុក​មក​ជា​យូរ​មក​ហើយ​​ត្រូវ​បាន​ដឹក​មក​ស្តុក​ទុក​នៅ​ទីប្រជុំជន​អ្នក​លឿង ហើយដោយ​មាន​ឱកាស​ល្អ​ ម្ចាស់​ក៏​បាន​ដឹកឈើ​ប្រណីត​ទាំងនេះ​លោត​ឆត្រ ​បំរុង​ឆ្លង​ដែន​ចូល​ប្រទេស​វៀតណាម តែ​មិន​បាន​សម្រេច​ក៏​ដឹក​ត្រឡប់​មក​វិញ ហើយ​ក៏​ត្រូវ​ជាប់អន្ទាក់​របស់​កងរាជអាវុធហត្ថ​ស្រុក​ព្រះស្តេច​តែ​ម្តង​ទៅ ​។