នាវ នារី​បញ្ច​ពិសី៖ ខ្ញុំ​ធ្វើ​ការ​ឲ្យ​គេ​១២​ឆ្នាំ ទើប​បង្កើត​បាន​​ក្រុមហ៊ុន​ខ្លួន​ឯង

ទឹក​ចិត្ត​ស្រលាញ់​ខាង​ផ្នែក​ទេសចរណ៍ បាន​ធ្វើ​ឲ្យ​អ្នក​ស្រី នាវ នារី​បញ្ច​ពិសី ខិត​ខំ​ធ្វើការ​ឲ្យ​គេ​​អស់​រយៈ​ពេល១២ឆ្នាំ​ រហូត​អាច​បើក​ក្រុមហ៊ុន​ខ្លួន​ឯង និង​ឈ្នះ​​ពាន​​រង្វាន់​សហគ្រិន វ័យ​​​​ក្មេង​ឆ្នើម​ផ្នែក​សង្គម​​ឆ្នាំ​២០១៦។ មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ ​គឺ​ដោយ​សារ​ការ​មាន​ឆន្ទៈ​​មោះមុត​ក្នុង​ការ​រៀន​សូត្រ ចង់​ដឹង​ចង់​ឮ​ច្រើន ​ បូក​រួម​នឹង​ភាព​អំណោយផល​ពី​ធម្មជាតិ​ផង ទើប​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ថ្ងៃ​នេះ។

 

នាវ នារី​បញ្ច​ពិសី៖ ខ្ញុំ​ធ្វើ​ការ​ឲ្យ​គេ​១២​ឆ្នាំ ទើប​បង្កើត​បាន​​ក្រុមហ៊ុន​ខ្លួន​ឯង
 

 

ចាប់​ផ្ដើម​ការងារ ទាំង​មិន​ចេះ​អ្វី​សោះ

 

នៅ​ឆ្នាំ​១៩៩៩ ​ ជា​​​ពេល​ដែល​អ្នក​ស្រី​ បញ្ចពិសី រៀន​ផង​ធ្វើ​ការ​ផង​។ អ្នក​ភ្នំ​ពេញ​រូប​នេះ ​បាន​ជាប់​​ចូល​បម្រើ​​ការងារ​នៅ​ក្នុង​​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ​​មួយ​ ជា​​បុគ្គលិក​បម្រើ​ការ​ទូទៅ ស្រប​ពេល​ដែល​​​​កំពុង​សិក្សា​ឆ្នាំ​ទី​៤ ​​​​​​​ផ្នែក​គ្រប់​គ្រង​នៅ​​វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង (​សកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​បច្ចុប្បន្ន​)។សហគ្រិន​​​​ឆ្នើម​ផ្នែក​សង្គម​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា ពេល​ចូល​ធ្វើ​ការ​ដំបូង ខ្លួន​ពុំ​មាន​បទ​ពិសោធន៍​ការងារ​អ្វី​នោះ​ទេ ​សូម្បី​តែ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ថត​ចម្លង ការ​​ផ្ញើ​ទូរសារ (Fax) ​ទាក់​ទង​ក្នុង​កន្លែង​​ការងារ​ជា​ដើម។ តែ​ដោយ​​​សារ​អ្នក​ស្រី​ជា​បុគ្គលិក​ម្នាក់​ដែល​ចង់​ចេះ​ចង់​ដឹង ទើប​​​គាត់​អាច​អភិវឌ្ឍ​ខ្លួន​ឲ្យ​​​​​​យល់​ពី​ការងារ​ជា​ច្រើន​យ៉ាង​ឆាប់​រហ័ស រហូត​ទទួល​បាន​ឋានៈ​ជា​​អ្នក​គ្រប់​គ្រង។

 

“…បង​​ចាប់​ផ្ដើម​ពី​ការងារ​តូច​ៗ​អ៊ី​ចឹង​មែន តែ​បង​ចង់​ចេះ​ចង់​ដឹង​​ណាស់… បង​​​អត់​ទម្លាប់​ធ្វើ​ការងារ​មួយ​ដែល​គេ​ដាក់​ឲ្យ​ដោយ​ប្រើ​ពេល​ពេញ​មួយ​ថ្ងៃ​នោះ​ទេ គឺ​បង​ប្រឹង​ធ្វើ​ការ​នោះ​ឲ្យ​លឿន​​ឆាប់​ចប់​ដើម្បី​ទៅ​យក​ការងារ​ថ្មី​មក​ធ្វើ​មួយ​ទៀត​។” ​អតីត​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​រូប​នេះ​បាន​បន្ត​ថា គាត់​តែង​សួរ​ពី​​អ្នក​រួម​ការ​ងារ​​ និង​រៀន​សូត្រ​​​​​អំពី​ការងារ​របស់​ពួក​គេ​។ ការ​ស្វែង​យល់​អំ​ពី​​ការងារ​ជា​​​ច្រើន​ទាំង​​នោះ​​ ​មិន​ត្រឹម​តែ​បាន​​ចូល​រួម​ចំណែក​​​ជួយ​ដល់​ការ​ការពារ​ប្រធាន​បទ​​សារណា​ឆ្នាំ​បញ្ចប់​​សិក្សា​ទាក់​ទង​នឹង ក្រុម​​ហ៊ុន​​ទេសចរណ៍​នោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​​អ្នកស្រី​​ជោគ​ជ័យ​ក្នុង​ការងារ​ទៀត​ផង។​​

 

ក្នុង​រយៈ​ពេល​​៦​ខែ​ អ្នក​ស្រី​បាន​ឡើង​តំណែង​​​ពី​បុគ្គលិក​ធម្មតា​​ទៅជា​​​បុគ្គលិក​ជាន់​ខ្ពស់​ (Senior Officer) ហើយ​មួយ​ឆ្នាំ​ក្រោយ​មក អ្នក​ស្រី​បាន​ក្លាយ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ម្នាក់​​ (Supervisor) នៅ​​​​​​ក្រុមហ៊ុន​។

 

​ចំណាយ​ពេល ១២​ឆ្នាំ​ក្នុង​ក្រុមហ៊ុន​តែ​មួយ

 

“…បង​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​តែ​មួយ​ហ្នឹង​ទេ​ សរុប​ទៅ​គឺ​អស់​រយៈពេល​១២​ឆ្នាំ។​ មាន​ការងារ​ជា​ច្រើន​ដែល​បង​បាន​រៀន ជាពិសេស​ ​នៅ​ពេល​ដែល​បង​បាន​ឡើង​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ (General Manager)។ មាន​អ្វីៗ​ជា​ច្រើន ដែល​ការងារ​ហ្នឹង​បាន​បង្រៀន​បង​…​” ។

 

​សហគ្រិន​​​​នារី​ឆ្នើម​​ខាង​លើ​បាន​ប្រាប់​​បន្ត​ថា អ្នក​ស្រី​បាន​ឡើង​តំណែង​ជា​បន្ត​បន្ទាប់​​​តាម​​​លំដាប់ រហូត​ក្លាយ​ជា​ប្រធាន​​​គ្រប់គ្រង​​ទូទៅ​របស់​ក្រុមហ៊ុន​ នៅ​ក្នុង​ឆ្នាំ​ទី​៧​ ហើយ​បន្ត​ការងារ​ក្នុង​តួនាទី​នេះ​អស់​រយៈ​ពេល ៥ ឆ្នាំ ទើប​ចេញ​មក​បើក​ក្រុមហ៊ុន​ខ្លួន​ឯង។ ​អ្នក​ស្រី​​​ប្រាប់​ទៀត​​ថា​ គាត់​ក៏​មាន​មោទនភាព​ផង​ដែរ​ ​ព្រោះ​នៅ​​​​សម័យ​​នោះ ភាគ​ច្រើន ​​គេ​ឲ្យ​តម្លៃ​​តែ​ទៅ​លើ​ជន​ជាតិ​​បរទេស​​ទេ​​ ទើប​​មាន​សមត្ថភាព​កាន់​តំណែង​នោះ​បាន។

 

ដោយ​ឡែក​​នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​​អ្នក​ស្រី​​​នៅ​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​តែ​មួយ​ច្រើន​ឆ្នាំ​មិន​​​ផ្លាស់​ប្ដូរ? សហគ្រិន​​រូប​នេះ បាន​តប​ថា ដោយ​សារ​តែ​​ចិត្ត​ស្រលាញ់​ការងារ​ និង​ឱកាស​​រៀន​ពី​បទ​ពិសោធន៍​ថ្មី​ៗ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ។ អ្វី​​ជា​ពិសេស​​ទៅ​ទៀត​នោះ គឺ​អ្នក​ស្រុក​កំណើត​នៅ​​ភ្នំពេញ​​រូប​នេះ ​​មាន​​ចិត្ត​ចង់​​បើក​​អាជីវកម្ម​​ដោយ​ខ្លួន​ឯង ទាក់​ទង​នឹង​វិស័យ​​ទេសចរណ៍​ ទើប​ធ្វើ​ឲ្យ​អ្នក​ស្រី​​សម្រេច​ចិត្ត​​​បន្ត​ការងារ​នៅ​ទី​នោះ។​​

 

នាវ នារី​បញ្ច​ពិសី៖ ខ្ញុំ​ធ្វើ​ការ​ឲ្យ​គេ​១២​ឆ្នាំ ទើប​បង្កើត​បាន​​ក្រុមហ៊ុន​ខ្លួន​ឯង

 

ចាប់​ផ្ដើម​បើក​​​​អាជីវកម្ម​ខ្លួន​ឯង

 

អ្នក​ស្រី បញ្ចពិសី បាន​ចាប់​ផ្ដើម​​​​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​ នៅ​ក្នុង​​ឆ្នាំ​២០១៣ ក្រោយ​លា​ឈប់​ពី​​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ចាស់​។ សម្រាប់​អាជីវកម្ម​​ដែល​អ្នក​ស្រី​កំពុង​ដំណើរ​​ការ​នេះ​ គឺ​បាន​​សហការ​ជា​មួយ​ដៃ​គូ ជា​មួយ​អតីត​ថៅកែ​​ដែល​ធ្លាប់​​ជ្រើស​រើស​អ្នក​ស្រី​ឲ្យ​ធ្វើ​ការ​​​ក្នុង​ក្រុមហ៊ុន​ចាស់ ព្រម​ទាំង​មិត្តភ័ក្ដិ​ដែល​ធ្លាប់​រួម​ការងារ​ជា​មួយ​គ្នា​។

 

ដោយ​សារ​តែ​អ្នក​ស្រី​ចំណាយ​ពេល​ច្រើន​ក្នុង​វិស័យ​​ទេសចរណ៍ និង​ចូល​រួម​ជា​មួយ​​ដៃ​គូ​សហការ​​​​​ពូកែ​ៗ​​ ព្រម​ទាំង​​មិត្តភ័ក្ដិ បាន​​ធ្វើ​ឲ្យ​អាជីវកម្ម​​​​របស់​អ្នក​ស្រី​ពុំ​សូវ​មាន​បញ្ហា​​លំបាក​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ និង​មាន​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​រលូន​ជា​បន្ត​បន្ទាប់។ នៅ​ក្នុង​ឆ្នាំ​២០១៣​នោះ អ្នក​ស្រី បញ្ចពិសី បាន​​បើក​ដំណើរ​ការ​អាជីវកម្ម​​បី​ក្នុង​ពេល​តែ​មួយ ​ក្នុង​នោះ ​​គឺ​ក្រុមហ៊ុន​ទេសចរណ៍ All Dreams (Cambodia) Co. Ltd. សណ្ឋាគារ និង ក្រុមហ៊ុន​​​ទទួល​រៀប​ចំ​​កម្មវិធី​ផ្សេងៗ​ ហើយ​បន្ត​បើក​នូវ​មុខ​ជំនួញ​ដទៃ​ទៀត ដូច​ជា​ប្រតិបត្តិករ ឥណទាន (ថវិកាហ្វាយនិន) និង​ជំនួញ​បន្ទាប់​បន្សំ​មួយ​ចំនួន​ទៀត ហើយ​ក៏​គ្រោង​បើក​បន្ថែម​នៅ​ពេល​ខាង​មុខ​ផង​ដែរ។

 

ជីវិត​ផ្ទាល់​ខ្លួន​​​

 

អ្នក​ស្រី នាវ នារី​បញ្ចពិសី មាន​ស្រុក​កំណើត​​​​នៅ​​រាជធានី​ភ្នំពេញ និង​ជា​អតីត​សិស្ស​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ។ សហគ្រិន​ឆ្នើម​រូប​នេះ បាន​បញ្ចប់​ការ​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​​ ផ្នែក​គ្រប់​គ្រង​ ​ពី​​​វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង នៅ​ឆ្នាំ​២០០០។ អ្នក​ស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​​នៅ​ឆ្នាំ​២០០៣ ហើយ​បច្ចុប្បន្ន​មាន​​កូនចំនួន​បី​នាក់៕ ​

 

ចុចអាន៖  ចំណុច​ខ្លាំង​របស់​ម្ចាស់​ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​ទាំង​៤ ឆ្នាំ​២០១៦
អត្ថបទ ៖ មាន រតនា