តើបឹងកេតអង្គរ ឬទ័ព នឹងក្លាយជាជើងឯកលីគកំពូលកម្ពុជា នៅរដូវកាលថ្មីនេះ?

(ភ្នំពេញ)៖ បន្ទាប់ពីសម្រាកមួយរយៈការប្រកួតជើងឯកលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតជាថ្មី ដែលជាសប្ដាហ៍ចុងក្រោយ នៅក្នុងសប្ដាហ៍នេះហើយ ខណៈក្រុមបឹងកេតអង្គរ និងក្រសួងការពារជាតិ(ទ័ព) នៅតែជាគូប្រជែងដ៏សំខាន់ បន្ទាប់ពីក្រុមទាំងពីរមានពិន្ទុលើសគ្នាត្រឹមតែ ១ពិន្ទុ ។ ចាំមើលតើបឹងកេត ឬទ័ព នឹងក្លាយជាជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៦នេះ?

khmerleague2

សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី១៨នេះ គឺមាន ៥គូ ប៉ុន្ដែមាន ២គូគួរឲ្យចាប់អារម្មណ៍ គឺក្រសួងការពារជាតិ ជួបក្រុមអាស៊ីអឺរ៉ុប(ថ្ងៃទី០៩ ខែកញ្ញា) និងក្រុមបឹងកេត ជួបក្រុមប៉ូលិស(ថ្ងៃទី១០ ខែកញ្ញា) ដែលជាគេចាត់ទុកជាការប្រកួតផ្ដាច់ព្រ័ត្ររបស់ក្រុមបឹងកេតអង្គរ និងការពារជាតិ ដែលត្រូវការឈ្នះរៀងៗខ្លួន ទើបមានសង្ឃឹមគ្រងតំណែងជើងឯក ។

បច្ចុប្បន្នក្រុមបឹងកេតអង្គរ កំពុងឈរកំពូលតារាងមាន ៤៤ពិន្ទុ រីឯក្រសួងការពារជាតិ ឈរលេខ២ តែមាន ៤៣ពិន្ទុ ពោលគឺខុសត្រូវគ្នា ១ពិន្ទុប៉ុណ្ណោះ ។ ដូច្នេះក្រុមខ្លាំងទាំងពីរមិនអាចធ្វេសប្រហែលចំពោះមួយប្រកួតចុងក្រោយនេះឡើយ ជាពិសេសប្រសិនបើកក្រសួងការពារជាតិ ឈ្នះអាស៊ីអឺរ៉ុប គឺបឹងកេតអង្គរ ដាច់ខាតត្រូវការឈ្នះក្រុមប៉ូលិស ។

khmerleague3

ដោយឡែកកម្មវិធីប្រកួត ៣គូផ្សេងទៀត រួមមាន៖ ថ្ងៃទី០៦ ខែកញ្ញា ក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វាកីឡដ្ឋានខេត្តស្វាយរៀង ទទួលក្រុមវេស្ទើន, ក្រុមវេស្ទើន ប៉ះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) លើទឹកដីខ្លួនៅថ្ងៃទី១០ ខែកញ្ញា និងក្រុមណាហ្គាវើល ជួបក្រុម Cambodian Tiger លើទីលានពហុកីឡដ្ឋានជាតិ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ ៕

ប្រភព៖ Khmertalking

The post តើបឹងកេតអង្គរ ឬទ័ព នឹងក្លាយជាជើងឯកលីគកំពូលកម្ពុជា នៅរដូវកាលថ្មីនេះ? appeared first on CamboSport.