Neymar ដួល​ដាច់​ផ្ងារ ដោយសារ​អ្នកគាំទ្រ​រត់​ចូល​ទីលាន

Neymar Jr ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​របស់​ក្លឹប​ FC Barcelona ​បាន​ដួល​ផ្ងាក​ក្រោយ​ ​ដោយសារ​អ្នកគាំទ្រ​រត់​ចូល​ក្នុង​​ទីលាន អំឡុង​ពេល​​ហ្វឹកហាត់​កាល​ពី​ម្សិល​មិញ។

 

Neymar ដួល​ដាច់​ផ្ងារ ដោយសារ​អ្នកគាំទ្រ​រត់​ចូល​ទីលាន

 

ប្រេស៊ីល​ជា​ប្រទេស​មួយ​ ​ដែល​ស្រលាញ់​វិស័យ​បាល់ទាត់​ខ្លាំង​បំផុត ប៉ុន្តែ​ក្រោយ​​ឈឺចាប់​​នៅ​ World Cup 2014 និង​ធ្លាក់​​ពី Copa America 2016 ត្រឹម​វគ្គ​​ចែក​ពូល ធ្វើ​ឲ្យ​អ្នកគាំទ្រ​​របស់​ប្រទេស​មួយ​នេះ​ ​​ខក​ចិត្ត​ខ្លាំង​បំផុត។ យ៉ាងណាក្ដី បន្ទាប់​ពី​ឈ្នះ​មេដាយ​មាស​អូឡាំពិក​កាល​ខែ​មុន​ Neymar ​បាន​ក្លាយ​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​អ្នកគាំទ្រ​ប្រេស៊ីល​ជា​ថ្មី​ម្ដង​ទៀត។

 

អំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​ប៉ះ​កូឡុំប៊ី ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup 2018 ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​ Neymar និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ​បាន​ចេញ​ហ្វឹកហាត់​នៅ​​ទីក្រុង​ Manaus ​ប្រទេស​ប្រេស៊ីល​ ខណៈ​ដែល​អ្នកគាំទ្រ​ប្រហែល​១៥០០០​នាក់​បាន​ទៅ​​ទស្សនា​ផង​ដែរ។​អំឡុង​ពេល​នោះ មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​រត់​ចូល​ទៅ​ទីលាន​ ដើម្បី​​ចង់​ជួប​ Neymar ផ្ទាល់ ​ហើយ​ពួកគេ​ក៏​បាន​រត់​សំដៅ​ទៅ​រក​ និង​បុក​កីឡាករ​វ័យ​២៤​ឆ្នាំ​ដួល​លើ​ទីលាន​តែ​ម្ដង៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals