សកម្មភាព​ប្លន់​ដ៏​ចម្លែក​លើ​នារី​ស្រស់​សោភា​នៅ​បុរី​ឡាយ​គង់

សកម្មភាព​ប្លន់​ដ៏​ចម្លែក​លើ​នារី​ស្រស់​សោភា​នៅ​បុរី​ឡាយ​គង់



រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​សោភា​ម្នាក់ បាន​រៀបរាប់​ប្រាប់​នគរបាល​ម្សិលមិញ​ដោយ​ទឹកមុខ​ធម្មតា ស្ដី​អំពី​សកម្មភាព​ប្លន់​ដ៏​ចម្លែក​មួយ ពិបាកធ្វើ​ឱ្យ​នគរបាល​ជឿ​ណាស់ សូ​ម្បី​អ្នក​ដទៃ​ទៀត​ដែល​ចេះ​ដឹង ក៏​ពិបាក​ជឿ​នាង​ដែរ ។

នាង​រៀបរាប់​ថា ខណៈ​ពេល​ចេញពី​កំសាន្ត​សប្បាយ​នៅ​ក្លឹ​ប Darling ស្ថិត​ក្នុង​ណា​ហ្គា​វើ​ល ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​ជិះ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ត្រូវ​បាន​ចោរ​១​ក្រុម ដែល​ជិះ​ម៉ូតូ​តាម​ពីក្រោយ ពេល​ទៅ​ដល់​ផ្ទះ ក៏​ត្រូវ​បាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​ខាងលើ ធ្វើ​សកម្មភាព​ចូល​ទៅ​ភ្ជង់​ប្លន់​ដល់​ក្នុងផ្ទះ យក​រថយន្ត​ស៊េរី​ទំនើប​នោះ រួម​ទាំង​ម៉ូតូ​១​គ្រឿង និង​រើ​កកាយ​យក​លុយ​បាន​មួយ​ចំនួន​ទៀត ។

នារី​រង​គ្រោះ​ស្នាក់​នៅ​តែ​ម្នាក់ឯង ក្នុង​បុរី​ឡាយ​គង់ បាន​អះអាង​ថា ពួក​ចោរ​មាន​គ្នា​៣​ទៅ​៤​នាក់ បាន​គេចខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ប្លន់ ។

ទោះបីជា​បែប​នេះ​ក្ដី មន្ត្រី​នគរបាល​និយាយ​ថា ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង នៅ​មិន​ទាន់​ជឿជាក់​ទាំងស្រុង​ថា ជា​ករណី​ប្លន់​ពិតប្រាកដ​ឬ​បែប​ណា​នៅឡើយ​ទេ ព្រោះ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ខាងលើ ហាក់ដូចជា​មិនសូវ​ទំនង​សោះ ដែល​មុន​ដំបូង​នាង​និយាយ​ថា ចោរ​មាន​គ្នា​៣​ទៅ​៤​នាក់ លុះ​ពេល​ក្រោយមក បាន​ប្រាប់​ថា ចោរ​មាន​តែ​២​នាក់​ប៉ុណ្ណោះ ជិះ​ម៉ូតូ​១​គ្រឿង​តាម​ប្លន់ ហើយ​ប្លន់​យក​ទាំង​ម៉ូតូ​ផង និង​រថយន្ត​ផង តើ​យក​ទៅ​ម៉េច​និង​កើត​ទៅ ? ម្យ៉ាង​នាង​បាន​ប្រាប់​ថា ពេល​ប្លន់​នោះ​ចោរ​បើករថយន្ត​ដឹក​នាង​មួយ​ជុំរក​កន្លែង​ចាក់​សាំង រួច​ទើប​ដឹក​នាង​ត្រឡប់​មក​ផ្ទះ​វិញ រួច​ទើប​គេចខ្លួន​បាត់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ម​ន្ទឹ​ល​សង្ស័យ តែ​ទោះជា​បែប​ណា កម្លាំង​នគរបាល​មិន​បាន​ព្រងើយកន្តើយ​នោះ​ទេ កំពុង​តែ​ស្វះស្វែង​ក្នុង​ការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​ផង​ដែរ ។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៤ កញ្ញា នៅ​ក្នុង​បុរី ឡាយ​គង់ ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ នារី​រង​គ្រោះ​មានឈ្មោះ ឆេ​ង កញ្ញា អាយុ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។ នាង​បាន​អះអាង​ប្រាប់​នគរបាល​ថា នាង​បាន​បាត់បង់​រថយន្ត​ម៉ាក Lexus RX-330 មួយ​គ្រឿង ម៉ូតូ​ម៉ាក ហុងដា​Click មួយ​គ្រឿង និង​លុយ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ នាង​បាន​ចេញពី​កំសាន្ត​សប្បាយ​នៅ​ក្នុង​ក្លឹ​ប Darling​នៅ​ណា​ហ្គា​វើ​ល ហើយ​បាន​បើកបរ​រថយន្ត​តែ​ម្នាក់ឯង​ត្រឡប់​មក​ផ្ទះ លុះ​ពេល​ទៅ​ដល់​ផ្ទះ​ចុះ​ពីលើ​រថយន្ត ស្រាប់តែ​ត្រូវ​ក្រុម​ចោរ​ភ្ជង់​ប្លន់​យក​រថយន្ត​និង​ម៉ូតូ​ដែល​ទុក​នៅ​ក្នុងផ្ទះ ។ បន្ទាប់​មក​ក្រុម​ចោរ​បាន​បើករថយន្ត​ដឹក​នាង​រក​កន្លែង​ចាក់​សាំង លុះ​ពេល​ចាក់​សាំង​ពេញ​ហើយ ក៏​នាំ​នាង​ត្រឡប់​មក​ផ្ទះ​វិញ រួច​ចូល​ទៅ​រើ​កកាយ​យក​ទ្រព្យសម្បត្តិ និង​លុយកាក់​មួយ​ចំនួន​ទៀត ទើប​ចាប់​នាង​ចង និង​បាន​នាំ​គ្នា​បើករថយន្ត​និង​ជិះ​ម៉ូតូ គេចខ្លួន​បាត់​អស់​ទៅ ។

ទាក់ទិន​និង​ហេតុ​ការ​ណ៏​នោះ មន្ត្រី​នគរបាល​មួយ​រូប​បាន​ឲ្យ​ដឹង​ថា នៅ​មិន​វាយតម្លៃ ឬ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ ជុំវិញ​ករណី​ប្លន់​នេះ តើ​ពិតប្រាកដ ឬ​បែប​ណា​នៅឡើយ​ទេ ព្រោះ​មុន​ដំបូង​នារី​រង​គ្រោះ​បាន​ប្រាប់​ថា ក្រុម​ចោរ​មាន​គ្នា​៣​ទៅ​៤​នាក់ ប៉ុន្តែ​ក្រោយមក​ប្រាប់​ថា មាន​គ្នា​តែ​២​នាក់​ប៉ុណ្ណោះ ហើយ​ជិះ​ម៉ូតូ​១​គ្រឿង​តាម​ប្លន់​នាង​ដល់​ក្នុងផ្ទះ ។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​មានការ​សង្ស័យ​នោះ គឺ​ត្រង់​ថា ចោរ​មាន​គ្នា​តែ​២​នាក់ ហើយ​ប្លន់​យក​រថយន្ត​ផង និង​ម៉ូតូ​ផង ចុះ​ម៉ូតូ​ដែល​ពួក​ចោរ​ជិះ​ធ្វើ​សកម្មភាព​នោះ​ទុក​នៅឯណា? ឯ​ចំណុច​មួយទៀត គឺ​នាង​ប្រាប់​ថា ក្រោយ​ពេល​ប្លន់​បាន​រថយន្ត​ហើយ ចោរ​មិន​ព្រម​គេចខ្លួន​ទេ បែរជា​បើករថយន្ត​ដឹក​នាង​មួយ​ជុំ រក​កន្លែង​ចាក់​សាំង​ពេញ​ហើយ ទើប​ដឹក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​បន្ត​ចូល​ទៅ​រើ​កកាយ​ក្នុងផ្ទះ​យក​បាន​លុយ​មួយ​ចំនួន ទើប​គេចខ្លួន​បាត់ ។ ឯ​ចំណុច​មួយទៀត នាង​និយាយ​ថា ពេល​ចោរ​ធ្វើ​សកម្មភាព​ប្លន់​នោះ បាន​សំឡុត​សួរ​នាង​ថា រថយន្ត​មួយ​គ្រឿង​នេះ ឪពុក​អញ​ទិញ​ឲ្យ​នាង​ឯង ចំណែក​ផ្ទះ​នេះ​ក៏​ឪពុក​អញ​ទិញ​ឲ្យ​មែន​ទេ ? ទាំងនេះ​គឺជា​ចំណុច​ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យ ហើយ​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​រក​ការ​ពិត​ជុំវិញ​ករណី​នេះ ដែល​កោះសន្តិភាព នឹង​តាមដាន​ដើម្បី​ផ្សាយ​ជា​បន្ត តើ​ចោរប្លន់​នាង​មែនឬ​អត់ ឬ​ក៏​ជា​រឿង​ដែល​គេ​តាម​ទារបំណុល​ឪពុក​គេ​ទេ​ដឹង ?