ក្រសួងសុខាភិបាល​​​របស់​​​កម្ពុជា ស្នើ​​​ឲ្យ​​​ប្រជាពលរដ្ឋ​​​ទូទាំង​​​ប្រទេស​​​ជួយ​​​ទប់ស្កាត់​​​ការផ្ទុះ​​​ករណី​​​ជំងឺហ្ស៊ីកា

យោងតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រ បានឱ្យដឹងថា ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋជួយទប់ស្កាត់ការផ្ទុះករណីជំងឺហ្ស៊ីកានៅក្នុងប្រទេសកម្ពុជា ខណៈចំនួនករណីជំងឺនេះនៅក្នុងតំបន់បានកើនឡើងខ្លាំងនៅឆ្នាំនេះ។ ក្រសួងបានស្នើឱ្យប្រជាពលរដ្ឋចៀសវាងធ្វើយ៉ាងណាកុំឱ្យមូសខាំតាមរយៈការកម្ចាត់ទឹកដក់នៅក្នុង និងនៅជុំវិញផ្ទះ ពាក់អាវដៃវែង និងស្លៀកខោជើងវែង ហើយដេកក្នុងមុង។ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនទាន់ឃើញករណីវីរុសចម្លងតាមមូសនេះណាមួយនៅឡើយទេចាប់តាំងពីឆ្នាំ២០១០មក ប៉ុន្តែដោយសារមានករណីជំងឺនេះជាច្រើននៅក្នុងប្រទេសថៃ និងប្រទេសសិង្ហបុរីនៅឆ្នាំនេះ ក្រសួងមានការព្រួយបារម្ភខ្លាចជំងឺនេះឆ្លងរាលដាល។ លោកបានមានប្រសាសន៍ថា “ប្រសិនបើវាឆ្លងលឿន វានឹងរំខានដល់ការរស់នៅ ការងាររបស់យើង និងធ្វើឱ្យយើងអស់លុយកាក់”។ យោងតាមសេចក្តីរាយរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា នៅឆ្នាំនេះប្រទេសថៃ បានរាយការណ៍អំពីករណីជំងឺហ្ស៊ីកា៩៧ចំនួនករណី ចំណែកឯប្រទេសសិង្ហបុរី២៤២ករណី ប្រទេសវៀតណាម ពីរករណី និងប្រទេសម៉ាឡេស៊ី មួយករណី។ វេជ្ជបណ្ឌិត លី សុវណ្ណ មានប្រសាសន៍ថា ទោះបីជាជំងឺហ្ស៊ីកាអាចព្យាបាលបានក្ដី ក៏ក្រសួងសុខាភិបាលកំពុងតែឃ្លាំមើលការរាលដាលនៃជំងឺនេះនៅក្នុងបណ្ដាប្រទេសជិតខាង។លោកបានបន្ថែមថា រដ្ឋាភិបាលបានដំឡើងម៉ាស៊ីនស្គែនកម្ដៅនៅតាមអាកាសយានដ្ឋានអន្តរជាតិ និងច្រកព្រំដែនគោកសំខាន់ៗ រួមមានបាវិត និងប៉ោយប៉ែតជាដើម៕ សុខុម © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed […]

The post ក្រសួងសុខាភិបាល​​​របស់​​​កម្ពុជា ស្នើ​​​ឲ្យ​​​ប្រជាពលរដ្ឋ​​​ទូទាំង​​​ប្រទេស​​​ជួយ​​​ទប់ស្កាត់​​​ការផ្ទុះ​​​ករណី​​​ជំងឺហ្ស៊ីកា appeared first on The Cambodia Daily.