ព័ត៌មាន​ចុង​ក្រោយ​បង្អស់​ពី iPhone 7 ​​ប្រកាស​ថ្ងៃ​ពុធ​នេះ

​អ្នក​វិភាគ​ដ៏​ល្បី​ឈ្មោះ​​លោក​ Ming-Chi Kuo បាន​បញ្ចេញ​ព័ត៌មាន​ចុង​ក្រោយ​មួយ​ ទាក់​ទង​នឹង​ចំណុច​ពិសេស​របស់​ iPhone 7 និង​ 7 Plus ដែល​បង្ហាញ​វត្តមាន​ផ្លូវ​ការ​នា​ថ្ងៃ​ទី​ ៧ កញ្ញា​ ខាង​មុខ។

 

ព័ត៌មាន​ចុង​ក្រោយ​បង្អស់​ពី iPhone 7 ​​ប្រកាស​ថ្ងៃ​ពុធ​នេះ

 

​លោក​ Kuo បាន​លើក​ឡើង​ពី​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​លើ iPhone ជំនាន់​ថ្មី​ ប៉ុន្តែ​ដោយ​សារ​តែ​វា​មាន​រូបរាង​ស្រដៀង​នឹង​ iPhone 6s ហេតុ​នេះ​អ្នក​ប្រើ​ប្រាស់​ធម្មតា​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​ពី​ការ​ផ្លាស់​ប្ដូរ​ឡើយ។

 

@ បន្ទះ​ Chip A10 ៖ ផលិត​ដោយ​ក្រុមហ៊ុន​ TSMC ដែល​មាន​ល្បឿន​ដល់​ ២,៤- ២,៥ GHz លឿន​ជាង​បន្ទះ​ Chip A9 លើ iPhone 6s ល្បឿន​ត្រឹម​ ១,៨ GHz ហើយ​ថែម​ទាំង​លឿន​ជាង​​បន្ទះ​ Chip A9x លើ​ iPad Pro។

 

@ អង្គ​ផ្ទុក​ទិន្នន័យ ៖ ទាំង​ iPhone 7 និង 7 Plus មាន​អង្គ​ផ្ទុក​បី​ជម្រើស​ ៣២ GB, ១២៨ GB និង ២៥៦ GB។ ចំពោះ​ iPhone 7 Plus នឹង​មាន​ RAM ដល់​ ៣ GB ដើម្បី​ទ្រាំ​ទ្រ​កាមេរ៉ា​ភ្លោះ​ ចំណែក​ iPhone 7 នៅ​តែ​មាន​ RAM ២ GB ដដែល។

 

@ ពណ៌​ប្រាំ​ជម្រើស ៖ រួម​មាន​ ពណ៌​ប្រាក់, មាស, ស៊ី​ជម្ពូ​ រួម​ជា​មួយ​ពណ៌​ ខ្មៅ​ងងឹត (Dark Black)​ ដែល​​ចូល​មក​ជំនួស​ពណ៌ ប្រផេះ​ (Space Gray)។ ពណ៌​ទី​ប្រាំ ជា​ពណ៌​​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ Piano Black (ខ្មៅ​រលោង) ក៏​នឹង​មាន​ផ្ដល់​ជា​ជម្រើស​ដែរ។

 

ព័ត៌មាន​ចុង​ក្រោយ​បង្អស់​ពី iPhone 7 ​​ប្រកាស​ថ្ងៃ​ពុធ​នេះ

 

@ មុខ​ងារ​ធន់​នឹង​ទឹក​កម្រិត​ IPX7 ៖ ដូច​​មាន​លើ​ Apple Watch ដែល​អាច​ធន់​នឹង​ដំណក់​ទឹក ហើយ​អាច​នៅ​ក្នុង​ទឹក​បាន​ជម្រៅ​ដល់​ ១ ម៉ែត្រ។

 

@ គ្មាន​រន្ធ​ដោត​កាស​ 3.5mm ៖ កាស​​ដែល​មាន​ Connector ប្រភេទ 3.5mm នឹង​​ជំនួស​ដោយ​កាស​ប្រភេទ​ Lightning ដែល​ត​ភ្ជាប់​តាម​រន្ធ​ Lightning របស់​ទូរសព្ទ។ ការ​ដក​រន្ធ​កាស​នេះ​អាច​ជួយ​ឲ្យ​រន្ធ​បំពង​សំឡេង​មាន​គុណភាព​ប្រសើរ​ជាង​មុន។

 

ព័ត៌មាន​ចុង​ក្រោយ​បង្អស់​ពី iPhone 7 ​​ប្រកាស​ថ្ងៃ​ពុធ​នេះ

 

@ រន្ធ​ស្ដាប់​ការ​សន្ទនា​ទូរសព្ទ​ ៖ នឹង​បម្លែង​ទៅ​ជា​រន្ធ​បំពង​សំឡេង​វិញ ដែល​ការ​ធ្វើ​ដូចនេះ​នឹង​អាច​បង្កើត​ជា​សំឡេង​ Stero មួយ​នៅ​ពេល​​ប្រើ​ប្រាស់​ទូរសព្ទ​ជា​លក្ខណៈ​ផ្ដេក។

 

@ ប៊ូតុង​ Home ប្រភេទ​ថ្មី​ ៖ មិន​ចាំ​បាច់​ប្រើ​កម្លាំង​ចុច​ដូច​ប៊ូតុង​មុនៗ​ គ្រាន់​តែ​ដាក់​ដៃ​ពី​លើ​​រួម​ជា​មួយ​សម្ពាធ​បន្តិច​ វា​​នឹង​ចុច​ប្រៀប​ដូច​ជា​ 3D Touch លើ​អេក្រង់​ដែរ។

 

@ បច្ចេកវិទ្យា​ Wide Color Displays ៖ ដូច​មាន​នៅ​លើ iPad Pro ដែល​អាច​បង្ហាញ​​រូបភាព​ពណ៌​មាន​គុណភាព​ប្រសើរ​ជាង​មុន។

 

@ កាមេរ៉ា​ភ្លោះ​នៅ​លើ iPhone 7 Plus ៖ កាមេរ៉ា​ទាំង​ពីរ​នឹង​មាន​ទំហំ​ ១២ MP ដោយ​​មាន​មួយ​ជា​ប្រភេទ​កាមេរ៉ា​ Wide-Angle ដែល​មាន​ Pixel ទំហំ​ធំ រួម​ជា​មួយ​បច្ចេកវិទ្យា​រក្សា​លំនឹង​រូបភាព ចំណែក​មួយ​ទៀត​នឹង​​មាន​ឡេន​ជា​ប្រភេទ​​ Telephoto ដែល​មាន​ Pixel ទំហំ​តូច។

 

ព័ត៌មាន​ចុង​ក្រោយ​បង្អស់​ពី iPhone 7 ​​ប្រកាស​ថ្ងៃ​ពុធ​នេះ

 

@ ភ្លើង​ LED ខាង​ក្រោយ ៖ ​នឹង​មាន​ដល់​ទៅ​ ៤ គ្រាប់ (ពីរ​ជា​ប្រភេទ​ Cool និង​ពីរ​ទៀត​ជា​ប្រភេទ​ Warm) រួម​ជា​មួយ​ Sensor ភ្លើង​ថ្មី​ អាច​រួម​គ្នា​បង្កើត​ជា​រូបភាព​ដែល​មាន​គុណភាព​ល្អ​មួយ។

 

@ ភ្លើង​ Sensor អាច​នឹង​មាន​ការ​ប្រែ​ប្រួល ៖ ប្រែ​ពី​ប្រភេទ​ LED ទៅ​ជា​ឡាស៊ែរ​ ដែល​អាច​ឆ្លើយ​តប​បាន​រហ័ស និង​ ចំណាំ​​កាយ​វិការ​បាន​ល្អ​ជាង​មុន។

 

​​​​​​​​​ក្រៅ​ពី​ចំណុច​ពិសេស​ទាំង​នេះ​លោក Kuo ក៏​បាន​វិភាគ​ដែរ​ថា​​ចំនួន​លក់​ចេញ​របស់​ iPhone 7 ​ត្រឹម​ចុង​ឆ្នាំ​នេះ​នឹង​​មាន​ត្រឹម​ ៦០-៦៥ លាន​គ្រឿង​ តិច​ជាង​ចំនួន​លក់ iPhone 6s កាល​ពី​ឆ្នាំ​មុន​មាន​ដល់​ ៨២ លាន​គ្រឿង៕​​​

 

 

ចុច​អាន៖ ចង់​ដឹង​អត់​ថា​ក្នុង​ប្រអប់​ iPhone 7 មាន​ផ្ទុក​អី​ខ្លះ?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors​​​​​​