បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​ស្រុក​ក្រគរ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្បាល​ទាហាន និង​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ២៣០​នាក់​បាននាំគ្នា​ផ្ដិតមេដៃ​លើ​ឯកសារ​គាំទ្រ​ពាក្យបណ្ដឹង​ប្រឆាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​យោធា​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ព្រៃឈើ ក៏ដូចជា​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​នៅ​ចំណុច​ភ្នំ​តា​កុច តាម​អំពើ​ចិត្ត​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងពីរ បានគ្រោង​ជួបពិភាក្សា​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុមអ្នកច្បាប់​ពី​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ដែល​កំពុង​កើតឡើង​ឥតឈប់ឈរ​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ចាត់វិធានការ​ទៅលើ​ក្រុម​ជនល្មើស​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ឈើ​តុំ និង​ឃុំ​ស្វាយស បាន​ឲ្យ​ដឹងថា​ដីព្រៃ​ប្រមាណ​៥០០​ហិកតា​នៅ​ជើងភ្នំ​តា​កុច ត្រូវ​បំផ្លាញ​ស្ទើរ​អស់​ទៅហើយ មិនឃើញ​មាន​មន្ត្រី​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ តំណាង​ប្រជាពលរដ្ឋ​ឃុំ​ឈើ​តុំ បាន​ឲ្យ​ដឹងថា​ពាក្យបណ្ដឹង​របស់​ពួកគាត់​នាពេល​កន្លងមក​ដែល​ដាក់ចូល​សាលាខេត្ត​ពោធិ៍សាត់ តុលាការខេត្ត​ពោធិ៍សាត់ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តាំងពី​ខែកក្កដា ឆ្នាំ​២០១៥ មិនទាន់​ឃើញ​អាជ្ញាធរខេត្ត​ពោធិ៍សាត់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​គ្រោង​តវ៉ា​ជាថ្មីទៀត​ដើម្បី​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​។

តាម​ការ​បង្ហើប​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ ក៏ដូចជា​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​មានដូចជា មន្ត្រី​យោធា​ឈ្មោះ ចាន់ បារាំង និង​មេភូមិ​អ​ន្សា​ចំបក់ លោក ខ្លឹម ពៅ ព្រមទាំង​អ្នក​ជាប់​ពាក់ព័ន្ធ​មួយចំនួនទៀត​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ដីព្រៃ​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា​ត្រូវបាន​បំផ្លាញ​និង​ទន្ទ្រាន​កាន់កាប់​ស្ទើរតែ​ទាំងស្រុង​។ ប្រសិនបើ​អាជ្ញាធរខេត្ត​ពោធិ៍សាត់ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​ដីព្រៃ​ទាំងនោះ​ត្រូវ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​ឯកជន​អស់​ជាមិនខាន ហើយ​ព្រៃឈើ​ត្រូវ​វិនាស​សាបសូន្យ​តែម្តង​៕

mqdefaultលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ e7de35fa-a505-43c5-908b-4ccb50bff28e