ឈ្មួញ​បន្តសកម្មភាព​ដឹកឈើ​ចេញពី​បរិវេណ​ក្រុមហ៊ុន​ខ្មែរ​អង្គរ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី​ជាបន្ទាន់ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​នេះ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។ ជាក់ស្ដែង​សកម្មភាព​ដឹកឈើ​ចេញ​តាម​ច្រកព្រំដែន​ក្នុងស្រុក​អូររាំង និង​ច្រកព្រំដែន​ក្នុងស្រុក​កែវ​សីមា នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ឃុបឃិត​ជាមួយ​ឈ្មួញ​ដើម្បី​ទទួលផល​ប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ឈ្មួញ​មួយចំនួន​ជា​មន្ត្រីនគរបាល​ក្នុង​ខេត្តមណ្ឌលគិរី​ទៀតផង ហេតុនេះហើយ​ទើប​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ គឺមាន​សកម្មភាព​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ​ចេញពី​បរិវេណ​ក្រុមហ៊ុន​ខ្មែរ​អង្គរ របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ជាច្រើន​កន្លែង ជាពិសេស​ច្រករបៀង​ដែល​នៅក្បែរ​ច្រក​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា​។ លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ក៏ដូចជា​មន្ត្រី​បរិស្ថាន​ការពារ​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​នោះទេ ដោយសារតែ​ពួកគេ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។

ប្រភពពី​ឈ្មួញ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​អំឡុង​ដើមខែ​សីហា រហូតមកដល់​បច្ចុប្បន្ន​មាន​ឈ្មួញ​យួន​ជាច្រើន​នាក់មក​រង់ចាំ​ទិញ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​នៅតាម​មាត់​ច្រករបៀង និង​មាត់ច្រក​ព្រំដែន​នៃ​ស្រុក​កែវ​សីមា យ៉ាង​គគ្រឹកគគ្រេង​។ ហេតុនេះហើយ​ទើប​មាន​ក្រុម​ឈ្មួញ​ខ្មែរ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​ព្រំដែន​ស្រេច​តែ​អំពើ​ចិត្ត ព្រោះ​ឈ្មួញ​យួន​ខ្លះ​ហ៊ាន​ចំណាយលុយ​ឲ្យ​អ្នករត់​ការបើកផ្លូវ​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​ឲ្យ​ពួកគេ​ទៀតផង​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ឡើងៗ​៕

IMG_37056 IMG_37056 - Copy