​លោក កឹម សុខា ប្តេជ្ញា​តស៊ូ​ដោយ​សន្តិវិធី​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ថ្មីៗ​នេះ បានបញ្ជាក់​ថា​លោក​ប្ដេជ្ញាចិត្ត​បន្ដ​ការតស៊ូ​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា​ជាមួយ​បងប្អូន ទោះបី​ប្រឈមមុខ​នឹង​ការគំរាមកំហែង​យ៉ាងណាក៏ដោយ គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ជាមួយគ្នា ដោយ​សន្ដិវិធី សម្រាប់​ឲ្យ​ខ្មែរ​យើង​អាច​រួមរស់​ដោយ​សុខដុមរមនា​។ លោក​សង្កេតឃើញថា រហូតមកដល់​បច្ចុប្បន្ន​នេះ ខ្មែរ​យើង​នៅតែ​បន្ដ​ឈ្លោះ​គ្នា ហែក​ហូរ​គ្នា គុំកួន​សងសឹក​គ្នា និង បែកបាក់​គ្នា​កាន់តែ​ធ្ងន់​ទៅៗ​។​

​ឆ្លើយតប​នឹង​ការ​ថ្លែង​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព ព្រមទាំង​បងប្អូន​កម្មករ​-​កម្មការិនី ដែល​បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ លោក កឹម សុខា កាលពីពេល​ថ្មីៗ​នេះ​បាន​ប្ដេជ្ញាចិត្ត​គាំទ្រ​នូវ​គោលជំហរ​របស់លោក និង​ចូលរួម​ជាមួយ​លោក ដើម្បី​បុព្វហេតុ​ខាងលើ ព្រមទាំង​ប្ដេជ្ញាចិត្ត ការពារ​អភ័យឯកសិទ្ធិសភា រដ្ឋធម្មនុញ្ញ មិន​ឲ្យ​គេ​រំលោភបំពាន​ជាដាច់ខាត​។​

​គួររំលឹកថា កន្លងមក​ប្រធាន​ស្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាងថា ចាប់​តាំង​ទសវត្សរ៍​ទី​៩០​មក ជីវិត​នយោបាយ​របស់​លោក​មិនដែល​រួចផុត​ពី​ការ​ឆាឆៅ​របស់​គួ​ប្រកួត​ឡើយ​។ លោក កឹម សុខា បន្តថា រហូតមកដល់​បច្ចុប្បន្ន​នេះ លោក​នៅតែ​រង​សម្ពាធ​និង​ការ​ព្យាបាទ​ពី​អ្នកដទៃ ដើម្បី​បំបាក់​ប្រជាប្រិយភាព​ក្នុង​ឆាកនយោបាយ​កម្ពុជា​។​

​លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា លោក​ហាក់ដូច​ស៊ាំ​ទៅហើយ ចំពោះ​ទិដ្ឋភាព​នៃ​ការយាយី​បែបនេះ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​លោក​កាន់តែ​រឹងមាំ​និង​តស៊ូ​ទៅវិញ ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​គោលដៅ​ក្នុងការ​ដឹកនាំ​ប្រទេស​នៅពេល​ខាងមុខ​។ លោក កឹម សុខា បាន​ពន្យល់ថា មូលហេតុ​ដែល​គួ​បដិបក្ខ​ព្យាយាម​តា​មក​រុក​ទន្ទ្រាន​ជីវិត​នយោបាយ​របស់លោក​ដូច្នេះ ដោយសារតែ​លោក​បាន​ឈរលើ​គោលជំហរ​ទុក​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​៕

14225481_1451081504909144_4689672607320295456_n 14141973_1451081484909146_8997094933580798134_n