លោក សម រង្ស៊ី រិះគន់​សមត្ថកិច្ច​ដែល​ហាមឃាត់​ការ​ដង្ហែ​ញត្តិ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះ បាន​សម្តែង​ការសោកស្តាយ និង​រិះគន់​ទៅលើ​សកម្មភាព​របស់​ក​ង​កម្លាំងចម្រុះ និង​ប្រដាប់​ដោយ​អាវុធ​ដែល​បាន​ហាមឃាត់​ការ​ដង្ហែ​ញត្តិ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​។ សកម្មភាព​ហាមឃាត់​របស់​សមត្ថកិច្ច​ចម្រុះ ត្រូវបាន​គេ​វាយតម្លៃថា​បាន​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញមតិ​ដែលជា​គោលការណ៍​គ្រឹះ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ​នៅ​ប្រទេស​កម្ពុជា​។​

លោក សម រង្ស៊ី បាន​បញ្ជាក់ថា​ព្រឹក​នេះ អាជ្ញាធរ​បានដាក់​រនាំង​បិទផ្លូវ​ជាតិ​លេខ ២ ជុំវិញ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្រប​ពេលដែល​ក្រុមតំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រៀម​ហែ​ញ្ញត្តិ​ទៅ​ដាក់​នៅតាម​ស្ថានទូត​នានា នៃ​បណ្តា​ប្រទេស​ជា​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​។​
​ ​ចំណែក លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បញ្ជាក់ដែរថា ទោះ​មានការ​ហាមឃាត់​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ហែ​ដដែល​ទៅតាម​ការគ្រោងទុក ប៉ុន្តែ​អ្នក​ដែល​ហែ​នោះ គឺ​តំណាងរាស្ត្រ​ទាំង​៥៥​នាក់ ហើយ​អាជ្ញាធរ​មានការ​យល់ច្រឡំ រហូត​បិទ​បា​រ៉ា​ស់​យ៉ាងនេះ ធ្វើ​ឲ្យ​មានការ​តានតឹង​ទៅវិញ​។​

គួរ​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សជំទាស់​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួមការ​ដង្ហែ​ក្បួន​ឲ្យ​បាន​ច្រើន​កុះករ​នៅថ្ងៃនេះ ដើម្បី​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដើម្បី​ឲ្យ​បាន​ជ្រាបថា​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ចេញពី​គន្លង​ប្រជាធិបតេយ្យ ខណៈដែល​អាជ្ញាធរ​បានប្រកាសថា​នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​ដង្ហែ​ក្បួន​នោះ​។​

​ខ្លឹមសារ​នៃ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​លោក អេង ឆៃអ៊ាង បញ្ជាក់ថា​នឹង​បង្ហាញ​ទៅ​បណ្តា​ប្រទេស​ជា​ហត្ថលេខី​ឱ្យ​ជ្រាប​ច្បាស់​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ននេះ​កំពុង​ឃ្លាត​ចាក​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាពិសេស​ទាក់ទង​ទៅនឹង​ដំណើរការ​នៃ​ការអនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​
​ ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា​គោលបំណង​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយគត់​គឺ​ចង់​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ដែល​អាច​ទទួលយកបាន​ពី​គ្រប់ភាគី ហើយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន និង​ប្រធានស្តីទី​លោក កឹម សុខា អាចធ្វើ​សកម្មភាព​នយោបាយ​បាន​រលូន​ល្អ​៕

2-CNRP_1 fn-2016-09-05-07-03-55-0 fn-2016-09-05-08-18-50-0