ឆ្ងល់ ? នាំ​គ្នា​ចោមរោម​វាយ​ទាត់​ធាក់​​រហូត​សន្លប់​ស្តូក

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ចោមរោម​វាយ​ទាត់​ធាក់​ស្ទើរ​ស្លាប់​ស្ទើរ​រហូត​សន្លប់​ស្តូកស្តឹង​នៅ​ក្នុង​ភក់​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់ និង​ចោមរោម​វាយ​ទាត់​ធាក់​ស្ទើរ​ស្លាប់​ស្ទើរ​រស់​នោះ​ឈ្មោះ អៀង តារា អាយុ​៣០​ឆ្នាំ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឮ​សម្រែក​ស្រែ​កថា ចោរ​ៗ ចោរលួច​ទូរស័ព្ទ ភ្លាម​ៗ​នោះ​ស្រាប់តែ​បុរស​ខាងលើ​ត្រូវ​បាន​គេ​ចោមរោម​វាយ​ទាត់​ធាក់​ឥត​ប្រណី​រហូត​សន្លប់​ស្តូក​នៅ​ក្នុង​ភក់ ។

ប្រភព​បន្ត​ទៀត​ថា ចំណែក​សមត្ថកិច្ច​បាន​ត្រឹមតែ​ហៅ​រថយន្ត​សង្គ្រោះ​មក​ជួយ​ដឹក​បុរស​នោះ​ទៅ​សង្គ្រោះ​ឲ្យ​បាន​លឿន​ប៉ុណ្ណោះ ដោយ​ពុំ​បាន​សួរនាំ​រក​ខុស​ត្រូវ​ឡើយ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ចេញ​មុខ​ដាក់​ពាក្យបណ្ដឹង​ដែរ ធ្វើ​ឲ្យ​បុរស​ខាងលើ​បាន​ត្រឹមតែ​ដេកពេទ្យ​ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់​ឡើយ ៕