បើក​ឆាក​គូបូតា ឡៅ ចន្ទ្រា ផ្តួល​ សោភ័ណ្ឌ​ទឹក​៣ ខណៈ​២​គូ​ទៀត​ឈ្នះ​ពិន្ទុ​

ករ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​ប្រដាល់​លេខ​១​គូបូតា​រដូវ​កាល​​ទី​៦​បាន​ចាប់​ផ្តើម​កាល​ពី​ម្សិល​មិញ​​បាន​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​បាយ័ន​បឹងស្នោរ​តាម​រយៈ​ជើង​ខ្លាំង​​កម្ពុជា​ និង​ថៃ​ទាំង​៣​គូ​តែ​ម្តង។

 

បើក​ឆាក​គូបូតា ឡៅ ចន្ទ្រា ផ្តួល​ សោភ័ណ្ឌ​ទឹក​៣ ខណៈ​២​គូ​ទៀត​ឈ្នះ​ពិន្ទុ​ កីឡាករ និងគណៈអធិបតី

 

ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​ លោក​គីទីប៊ុនតន​ អគ្គនាយក​ក្រុម​ហ៊ុន​គូបូតា​បាន​លើក​ឡើង​ថា ​ដោយ​សារ​មាន​គាំទ្រ​ខ្លាំង​ពី​អ្នក​ស្នេហា​ប្រដាល់​កម្ពុជា​​ និង​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត​៥​រដូវ​កាល​កន្លង​មក​ទើប​ក្រុម​ហ៊ុន​របស់​លោក​សម្រេច​រៀប​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​ទី​៦​ដែល​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ដល់​វិស័យ​កីឡា​ប្រដាល់​កម្ពុជា។

 

ចំណែក​លោក​នាង​ ស៊ីវុត្ថា​បាន​​​បង្ហាញ​ពី​​រូប​មន្ត​នៃ​ការ​ប្រកួត​ថា រដូវ​កាល​​ទី​៦​នេះ​ប្រជុំ​ដោយ​ជើង​ខ្លាំង​ជួរ​មុខ​ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​ គីឡូក្រាម​ទាំង​អស់​ក្នុង​នោះ​កីឡាករ​កម្ពុជា​៤​រូប​ និង​កីឡាករ​ថៃ​២​រូប។ ការ​ប្រកួត​ត្រូវ​ធ្វើ​ឡើង​លក្ខណៈ​វិល​ជុំ​សន្សំ​ពិន្ទុ​គឺ​កីឡាករ​ម្នាក់​ត្រូវ​ប្រកួត​៥​ដង​ដែល​មាន​ន័យ​ថា ត្រូវ​ប៉ះ​ទាំង​កីឡាករ​កម្ពុជា​ និង​កីឡាករ​ថៃ​សម្រាប់​វគ្គ​សន្សំ​ពិន្ទុ។

 

លោក​បន្ត​ថា បន្ទាប់​ពី​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចប់​ កីឡាករ​២​នាក់​ដែល​មាន​ពិន្ទុ​ទាប​ជាង​គេ​ត្រូវ​ធ្លាក់​ចេញ​ និង​កីឡាករ​​ដែល​មាន​ពិន្ទុ​ខ្ពស់​៤​រូប​ត្រូវ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​ អ្នក​លេខ​១​ត្រូវ​ជួប​អ្នក​លេង​៤​ ខណៈ​អ្នក​លេខ​២​ត្រូវ​ជួប​អ្នក​លេខ​៣។ អ្នក​ឈ្នះ​វគ្គ​នេះ​ត្រូវ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់​ដែល​មាន​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​ និង​លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​៣​ពាន់​ដុល្លារ​អាមេរិក។

 

បើក​ឆាក​គូបូតា ឡៅ ចន្ទ្រា ផ្តួល​ សោភ័ណ្ឌ​ទឹក​៣ ខណៈ​២​គូ​ទៀត​ឈ្នះ​ពិន្ទុ​ បេក្ខភាពទាំង៦រូប

 

ការ​ប្រកួត​គូ​ទី​១​ អ្នក​លេង​រន្ទៈ​ជើង​ សុខ សុវណ្ណ បាន​រង​បរាជ័យ​ដោយ​ពិន្ទុ​ បន្ទាប់​ពី​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ទាំង​៥​ទឹក​ ហើយ​ចៅ​ក្រម​ទាំង​៥​បាន​សម្រេច​ផ្តល់​ពិន្ទុ​ឲ្យ ឈឿន ឆៃដែន​ទទួល​បាន​៣​ពិន្ទុ។

 

ចំណែក​ការ​ប្រកួត​គូ​ទី​​២​ ជា​ការ​ជួប​គ្នា​រវាង​អ្នក​លេង​ឆ្លង​ដែន​ថៃ​ទាំង​ពីរ​រូប។ អ្នក​ទាំង​ពីរ​បាន​វ៉ៃ​គ្នា​ដោយ​បច្ចេកទេស​ និង​មាន​សមត្ថភាព​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ​​។ ឆ្លង​កាត់​ការ​ប្រកួត​ទាំង​៥​ទឹក​ ចៅ​ក្រុម​បាន​សម្រេច​ឲ្យ​បង្គោល​ខៀវ ឈឿងម៉ៃ ផាហុយុត​ ទទួល​បាន​៣​ពិន្ទុ​លើ​កីឡាករ​ ភិតសានុលោក។

 

គូ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​សង្វៀន​ចាប់​អារម្មណ៍​ខ្លាំង​​គឺ​​​អ្នក​លេង​គុន​ខ្មែរ​ឆ្នើម​ទាំង​ពីរ​ ផល សោភ័ណ្ឌ​ និង ឡៅ ចន្ទ្រា។ ការ​ប្រកួត​នៅ​ទឹក​ទី​១​ សោភ័ណ្ឌ​ ចេញ​កណ្តាប់​ដៃ​ និង​ទាត់​ក្រោម​បាន​ច្រើន​ ហើយ​ទឹក​ទី​២​ កីឡាករ​កម្ពុជា​រូប​នេះ​នៅ​តែ​ចេញ​​ស្នៀត​បាន​ច្រើន​ ខណៈ​ ឡៅ ចន្ទ្រា​ព្យាយាម​ដក​ថយ​ ការពារ​ និង​ទាត់​សង​វិញ​មួយ​ៗ។

 

ការ​ប្រកួត​នៅ​ទឹក​ទី​៣​បាន​តែ​បន្តិច​ អ្នក​ទាំង​ពីរ​បាន​ជាប់​ទៅ​នឹង​ខ្សែ​រេញ​ ហើយ​លោក​អាជ្ញា​កណ្តាល​ខ្សែ​រេញ​ឲ្យ​អ្នក​ទាំង​ពីរ​មក​កណ្តាល។ ស្រប​ពេល​នោះ​ ឡៅ ចន្ទ្រា​បាន​វាយ​មួយ​កែង​ពេញ​លើ​ ផល សោភ័ណ្ឌ​ឲ្យ​សន្លប់​តែ​ម្តង៕

 

បើក​ឆាក​គូបូតា ឡៅ ចន្ទ្រា ផ្តួល​ សោភ័ណ្ឌ​ទឹក​៣ ខណៈ​២​គូ​ទៀត​ឈ្នះ​ពិន្ទុ​ ផល សោភ័ណ្ឌ សន្លប់

 

អត្ថបទ៖ ជាន ចាន់រ៉ា​