តម្លៃ​ការ​ដោះ​ដូរ​កីឡាករ​បាល់ទាត់​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទាំង​10​រូប​គិត​ត្រឹម​ឆ្នាំ​2016​នេះ

១-Paul Pogba ១១៩​លាន​ដុល្លារ
ខ្សែបម្រើ​សញ្ជាតិ​បារាំង​ស្បែក​ខ្មៅ​វ័យ​២៣​រូប​នេះ​បាន​ចូល​លេង​ឱ្យ​ក្លិប Juventus នៅ​ឆ្នាំ​២០១២ និង​ផ្លាស់​មក​លេង​ឱ្យ​ក្លិប​Man Utd ឆ្នាំ​២០១៦​។ ក្នុង​ការ​បង្ហាញខ្លួន​ក្នុង​ក្លិប​សេះបង្កង់​១២៤​ប្រកួត​កន្លង​មក​រកបាន​២៨​គ្រាប់​ផង​ដែរ ។

២-Gareth Bale ១១៣​លាន​ដុល្លារ
ខ្សែបម្រើ​សញ្ជាតិ​វែ​ល វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​ចូល​លេង​ឱ្យ​ក្លិប Tottenham អស់​រយៈពេល​៦​ឆ្នាំ និង​ផ្ទេរ​មក​ក្លិប Real Madrid នៅ​ឆ្នាំ​២០១៣ ខណៈ​លេង​ក្នុង​ក្លិប​មាន់​ខ្នាយ​មាស​១៤៦​ប្រកួត Gareth Bale រកបាន​៤២​គ្រាប់​។ ចំណែក​ការ​បង្ហាញខ្លួន​៨១​ប្រកួត​ក្នុង​ក្លិប Real Madrid នា​ពេល​កន្លង​មក កីឡាករ​រូប​នេះ​រកបាន​៤៧​គ្រាប់ ។

៣-Cristiano Ronaldo ១០៦​លាន​ដុល្លារ
ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​លេង​ឱ្យ​ក្លិប Man Utd ជិត​៦​ឆ្នាំ និង​មាន​វត្តមាន​លើ​សមរភូមិ​វាលស្មៅ​ចំនួន​១៩៦​ប្រកួត រកបាន​៨៤​គ្រាប់ ។ Ronaldo បាន​ផ្ទេរ​ពី Man Utd ទៅ Real Madrid ក្នុង​ឆ្នាំ​២០០៩ ដែល​ការ​បង្ហាញខ្លួន​ក្នុង​ក្លិប​នេះ នា​ពេល​កន្លង​មក​មាន​ចំនួន​២៣៦​ប្រកួត និង​រកបាន​២៦០​គ្រាប់ ។

៤-Luis Suárez ១០៥​លាន​ដុល្លារ
ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​ផ្លាស់​ពី​ក្លិប​ហង្ស​ក្រហម Liverpool ទៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona ក្នុង​ឆ្នាំ​២០១៤ ។ Suárez បាន​ចូល​លេង​ឱ្យ​ក្លិប Liverpool ចំនួន​១១០​ប្រកួត​រកបាន​៦៩​គ្រាប់ ខណៈ​បង្ហាញខ្លួន​ក្នុង​ក្លិប Barcelona ៦២​ប្រកួត អាច​រកបាន​៥៦​គ្រាប់ ។

៥-Gonzalo Higuaín ១០២​លាន​ដុល្លារ
ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​ពី​ក្លិប Napoli ទៅ​ក្លិប Juventus ក្នុង​ឆ្នាំ​២០១៦ ។ ខណៈ​លេង​ក្នុង​ក្លិប Napoli រយៈពេល​៣​ឆ្នាំ Higuaín បាន​បង្ហាញខ្លួន​១០៤​ប្រកួត និង​រកបាន​៧១​គ្រាប់​។ យ៉ាងណាមិញ កីឡាករ​រូប​នេះ​រំពឹង​ថា​នឹង​រក​គ្រាប់​បាល់​ឱ្យ​បាន​កាន់តែ​ច្រើន​ជាង​ក្លិប​ចាស់​របស់​ខ្លួន ខណៈ​លេង​ក្នុង​ក្លិប​ថ្មី ក្នុង​ក្របខ័ណ្ឌ​អីុតា​លី​ស៊េ​រី A នា​រដូវ​កាល​ថ្មី​នេះ ។

៦-Neymar Jr ៩៨​លាន​ដុល្លារ
ខ្សែប្រយុទ្ធ​មុខស្រស់ សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​ផ្ទេរ​ពី​ក្លិប Santos ទៅ​ក្លិប Barcelona ក្នុង​ឆ្នាំ​២០១៣ ។ ខណៈ​លេង​ក្នុង​ក្លិប Santos រយៈពេល​៤​ឆ្នាំ Neymar បង្ហាញខ្លួន​ចំនួន​១០៣​ប្រកួត រកបាន​៥៤​គ្រាប់ ឯ​នៅ​ក្លិប Barcelona ចំនួន​៩៣​ប្រកួត រកបាន​៥៥​គ្រាប់ ។

៧-James Rodríguez ៩០​លាន​ដុល្លារ
ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​កូ​ឡុំ​ប៊ី វ័យ​២៥​រូប​នេះ បាន​ផ្លាស់​ពី​ក្លិប Monaco មក​លេង​ឱ្យ​ក្លិប Real Madrid នៅ​ឆ្នាំ​២០១៤ ។ Rodríguez ធ្លាប់​បាន​បង្ហាញខ្លួន​ក្នុង​ក្លិប Monaco ចំនួន ៣៤​ប្រកួត រកបាន​១១​គ្រាប់ ខណៈ​លេង​ឱ្យ​ក្លិប Real Madrid ចំនួន​៥៥​ប្រកួត រកបាន​២០​គ្រាប់ ។

៨-Ángel Di María ៨៥​លាន​ដុល្លារ
ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន វ័យ​២៨​ឆ្នាំ​រូប​នេះ បាន​ផ្លាស់​ពី​ក្លិប Real Madrid ទៅ​ក្លិប Man Utd ក្នុង​ឆ្នាំ​២០១៤ ក្នុង​តម្លៃ​៨៥​លាន​ដុល្លារ ដែល​ជា​តម្លៃ​ខ្ពស់​ជាង​ពេល​ផ្ទេរ​ទៅ​លេង​ឱ្យ​ក្លិប Paris SG នៅ​ឆ្នាំ​២០១៥ ។ Di María ធ្លាប់​បង្ហាញខ្លួន​នៅ​ក្នុង​ក្លិប Man Utd ចំនួន​២៧​ប្រកួត ប៉ុន្តែ​រកបាន​តែ​៣​គ្រាប់​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Paris SG ចំនួន​២៨​ប្រកួត រកបាន​១០​គ្រាប់ ។

៩-Kevin De Bruyne ៨៥​លាន​ដុល្លារ
ខ្សែបម្រើ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​ផ្ទេរ​ពី​ក្លិប Wolfsburg ទៅ​ក្លិប Man City នៅ​ឆ្នាំ​២០១៥ ។ ខណៈ​លេង​ក្នុង​ក្លិប Wolfsburg រយៈពេល​មួយ​ឆ្នាំ​មុន​ការ​ផ្លាស់​ប្តូរ​នេះ De Bruyne បង្ហាញខ្លួន​ចំនួន​៥១​ប្រកួត រកបាន​១៣​គ្រាប់ ។ រីឯ​ការ​បង្ហាញខ្លួន​ក្នុង​ក្លិប Man City នា​ពេល​កន្លង​មកនេះ ចំនួន​២៦​ប្រកួត​រកបាន​៧​គ្រាប់ ។

១០-Zinedine Zidane ៨៥​លាន​ដុល្លារ
អតីត​ខ្សែប្រយុទ្ធ​ក្លិប Real Madrid និង​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្លិប​ស្តេច​ស​នេះ​ផង​នោះ ធ្លាប់​ផ្ទេរ​ពី​ក្លិប Juventus មក​លេង​ក្នុង​ក្លិប Real Madrid នៅ​ឆ្នាំ​២០០១ ក្នុង​តម្លៃ​៨៥​លាន​ដុល្លារ ។ Zidane ធ្លាប់​បង្ហាញខ្លួន​ក្នុង​ក្លិប Real Madrid ចំនួន​១៥៥​ប្រកួត និង​រកបាន ៣៧​គ្រាប់ ៕