ក្រឡេកមើល​ទៅ​យោធា ​លោក ​ហ៊ុន សែន ​ជួប​សមមិត្តចាស់

នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រឡេកមើលមេទ័ពកំពូលៗដូចជាអគ្គមេបញ្ជាការ លោក ប៉ុល សារឿន ឬអគ្គមេបញ្ជាការរងរបស់លោកគឺ លោក គន់ គីម និងលោក មាស សភា នោះ លោកឃើញពួកគាត់ដែលលោកបានរួមការបង្ហូរឈាម កិច្ចការលំបាកៗបែកញើសហូរញើសនិងការបង្ហូរទឹកភ្នែករយៈពេលបួនទសវត្សរ៍ និងការឡើងកាន់អំណាចមិនទំនងជានឹងកើតឡើង។ ជាជនកុម្មុយនិស្តវ័យក្មេង ពួកគេបានភៀសខ្លួនពីការបោសសម្អាតរបស់ប៉ុល ពត រត់ចូលព្រៃ ដោយពឹងអនាគតរបស់គេទៅលើវៀតណាមដែលលុកលុយ។ពួកគាត់ត្រូវចាត់ទុកក្នុងទសវត្សរ៍ឆ្នាំ១៩៨០ថាជាអាយ៉ងក្រុងហាណូយដោយប្រទេសលោកខាងលិច រាជវង្សានុវង្សនិងមេដឹកនាំបក្សប្រឆាំងសព្វថ្ងៃនេះគឺលោក សម រង្ស៊ី និងលោក កឹម សុខា។ រយៈពេលមួយទសវត្សរ៍ ពួកគាត់បានធ្វើសង្គ្រាមបង្ហូរឈាមប្រឆាំងភាគីដែលគាំទ្រដោយសហរដ្ឋអាមេរិកដែលគាំទ្រលោក រង្ស៊ីនិងលោក សុខា ក្នុងបណ្តាមន្ត្រីជាន់ខ្ពស់ផ្សេងទៀត មុននឹងមានសន្តិភាពដែលធ្វើឲ្យពួកគាត់ផ្លាស់ប្តូរពីការតស៊ូប្រដាប់អាវុធទៅជាការបង្កើននិងការការពារទ្រព្យសម្បត្តិដ៏សម្ញែង។ ដូច្នេះ នៅពេលដែលមេទ័ពធំៗសន្យាជាសាធារណៈ ដូចជានាយឧត្តមសេនីយ៍ គីម បាននិយាយក្នុងកិច្ចសម្ភាសមួយកាលពីថ្ងៃច័ន្ទថា មេទ័ពនៅអព្យាក្រឹតរវាងលោក ហ៊ុន សែន និងគូប្រឆាំងនយោបាយធំៗរបស់លោកនោះ វាអាចទំនងជាសេចក្តីអះអាងគួរឲ្យមានមន្ទិលសង្ស័យ។ លោក សុផល អ៊ា អ្្នកនិពន្ធនិងជាអ្នកស្រាវជ្រាវបាននិយាយអំពីទំនាក់ទំនងគណបក្សកាន់អំណាចជាមួយយោធាថា “ពួកគាត់ជាមនុស្សដែលបានចែកបារីគ្នាជក់ នៅពេលដែលគេគ្មានអ្វីសោះ ហើយកម្ពុជាជារដ្ឋក្រៅសង្គម”។ លោកបាននិយាយថា “ប្រភេទនៃចំណងនេះជាគោលការណ៍មិនអាចបែកចេញពីគ្នាបានទេ។ ពួកគាត់ដឹងថា ពួកគាត់ត្រូវជួយគ្នាទៅវិញទៅមក”។ លោក អ៊ា អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “ការពឹងផ្អែកលើជំនួយនៅកម្ពុជានិងជាសាស្ត្រាចារ្យរងផ្នែកការទូតនិងកិច្ចការពិភពលោកនៅមហាវិទ្យាល័យអុកស៊ីដិនថលក្នុងក្រុងឡូសអានជេឡេសបាននិយាយថា វាជាប្រវត្តិសាស្ត្រមួយដែលរឹងមាំ ដោយសមមិត្តទាំងឡាយមើលឃើញការជាប់ទាក់ទងរបស់គេជាចំណុចមួយដែលហួសពីការព្រួយបារម្ភរាល់ថ្ងៃ។ លោក អ៊ា បាននិយាយថា “នោះជាហេតុនៅពេលដែលគេមានគ្រោះថ្នាក់រថយន្តបុកគ្នា គេនិយាយថា គ្នាយើងទេ ហើយក៏ស្រុះស្រួលគ្នា ដូចគ្នានឹងនៅតំបន់ខាងត្បូងអាមេរិកដែរ”។ ការទាក់ទងគ្នាចាក់ឫសជ្រៅ ដោយមានប្រវត្តិចែករំលែកជួយគ្នាទៅវិញទៅមក។ នាយឧត្តមសេនីយ៍ គីម នាយឧត្តមសេនីយ៍ សារឿន និងនាយឧត្តមសេនីយ៍ សុភា គឺជាសមាជិកគណៈអចិន្ត្រៃយ៍មានសមាសភាព៣៤នាក់ដ៏មានឥទ្ធិពលរបស់បក្សប្រជាជនកម្ពុជាកាន់អំណាច រួមទាំងលោក ហ៊ុន សែន និងលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិដ៏យូរឆ្នាំដែរ។ អគ្គមេបញ្ជាការរងផ្សេងទៀត មានដូចជា ជា តារា និងសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏មានឫសគល់របស់គេនៅក្នុងជំនាន់លោក ហ៊ុន សែន ដែរក្នុងឆ្នាំ១៩៧៩ ហើយក៏ស្ថិតនៅក្នុងគណៈកម្មាធិការកណ្តាលដ៏ធំរបស់គណបក្សប្រជាជនកម្ពុជាដែរ។ នាយឧត្តមសេនីយ៍ គីម ក៏ជាទីប្រឹក្សាជំនិតបំផុតម្នាក់ក្នុងបណ្តាទីប្រឹក្សាជំនិតទាំងអស់របស់លោក ហ៊ុន សែន ដែរ ចំណែកឯឧត្តមសេនីយ៍ភាគច្រើនបានធ្វើយុទ្ធនាការឲ្យគណបក្សប្រជាជនកម្ពុជា នៅពេលដែលការបោះឆ្នោតចូលមកដល់។ រឿងនេះកើតឡើង ទោះបីជាមានច្បាប់ដែលគ្រប់គ្រងយោធានិងគណបក្សនយោបាយនានាដែលចែងថា កម្លាំងប្រដាប់អាវុធត្រូវតែនៅអព្យាក្រឹតខាងនយោបាយក៏ដោយ។ នាយឧត្តមសេនីយ៍ តារា មានបញ្ហាកាលពីឆ្នាំមុន ក្រោយពីប្រកាសនៅឯអគារការិយាល័យលោក ហ៊ុន សែន ថា យោធាជារបស់គណបក្សប្រជាជនកម្ពុជា ពីព្រោះស្ថាប័នបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា ជាសារមួយដែលលោកបាននិយាយថា បានលើកឡើងដោយលោកនាយករដ្ឋមន្ត្រី។ នាយឧត្តមសេនីយ៍ តារា បាននិយាយកាលពីខែកក្កដា ឆ្នាំ២០១៥ថា “ខ្ញុំចាំសំដីនេះនៅថ្ងៃទី២៣ ខែកក្កដា ប្រសិនបើយើងនិយាយឲ្យត្រឹមត្រូវនោះ កងទ័ពជារបស់គណបក្សប្រជាជនកម្ពុជា ពីព្រោះសម្តេចតេជោ [លោក ហ៊ុន សែន] យកចិត្តទុកដាក់ [ចំពោះកងទ័ព] ហើយដឹកនាំកងទ័ព”។ នាយឧត្តមសេនីយ៍រូបនេះបាននិយាយថា “កងទ័ពជារបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែកងទ័ពក៏មានភារកិច្ចផ្សេងទៀតគឺ ការពារច្បាប់រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដែលបានបង្កើតឡើងតាមរយៈការបោះឆ្នោត”។ កាលពីឆ្នាំមុន នាយឧត្តមសេនីយ៍ គីម បានជួយដឹកនាំយុទ្ធនាការដោយជោគជ័យដែលប្រកាសលើកដំបូងដោយលោក ហ៊ុន សែន ដើម្បីដកលោក សុខា ចេញពីតំណែងអនុប្រធានសភាជាតិ នៅពេលដែលកងទ័ពបានប្រមូលផ្តុំគ្នាដើម្បីបុព្វហេតុនេះនៅតាមព្រំដែនថៃ។ ដោយអះអាងថា មានអព្យាក្រឹតភាពក្នុងពេលសម្ភាសកាលពីថ្ងៃច័ន្ទ ជាមួយហ្រេ្វសញ៉ូវ នាយឧត្តមសេនីយ៍ គីម ទំនងជាប្រឹងប្រែងតិចតួច ដើម្បីធ្វើឲ្យអ្នកស្តាប់ជឿលើសេចក្តីស្មោះត្រង់របស់លោក។ នាយឧត្តមសេនីយ៍ គីម បាននិយាយដោយសន្យាថា នឹងចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ប្រសិនបើមានសំណើថា “កងទ័ពអព្យាក្រឹតបានតែជាមួយគណបក្សនយោបាយ ប៉ុន្តែគេមិនអាចអព្យាក្រឹតជាមួយរាជរដ្ឋាភិបាលបានទេ គេមិនអាចអព្យាក្រឹតជាមួយនាយករដ្ឋមន្រ្តីដែលកំពុងកាន់អំណាច និងជានាយករដ្ឋមន្រ្តីស្របច្បាប់ដែលប្រជាជនបោះឆ្នោតឱ្យទេ។ លោកបាននិយាយថា “បើ កឹម សុខា ជាមួយនឹង សម រង្ស៊ី ជាអ្នកទោសព្រហ្មទណ្ឌ ត្រូវតែប្រគល់ខ្លួនឱ្យគេចាប់ដាក់ទោសទៅតាមច្បាប់។ ខ្ញុំត្រូវតែមានវិធានការ ឱ្យតែមានសំណូមពរពីតុលាការ កម្លាំងប្រដាប់អាវុធយើងនឹងធានាចាប់ខ្លួន”។ ក្នុងករណីណាក៏ដោយ ការសន្យាដ៏ម៉ឺងមាត់របស់ឧត្តមសេនីយ៍ គីម ក្នុងការរក្សាភក្តីភាពរបស់លោកទៅនឹងនាយករដ្ឋមន្ត្រីស្របច្បាប់ដែលបោះឆ្នោតឲ្យដោយប្រជាពលរដ្ឋ គឺជាចំណុចមួយដែលគណបក្សប្រឆាំងសង្ឃឹមថា នឹងនៅតែចងដៃកងទ័ព ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៨។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាមន្ត្រីគណបក្សប្រឆាំងដ៏លេចធ្លោ ដែលបានរិះគន់ប្រឆាំងអ្វីដែលព្រះអង្គយល់ថា ភក្តីភាពរបស់យោធាមានទៅលើគណបក្សប្រជាជនកម្ពុជាជាជាងលើព្រះមហាក្សត្រ បានមានបន្ទូលថា “តាមខ្ញុំដឹង នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះ ខ្ញុំសង្ឃឹមថា គាត់នឹងធ្វើតាមអ្វីដែលគាត់និយាយ”។ ព្រះអង្គបានមានបន្ទូលថា ការដោះស្រាយជាមួយកងទ័ពដែលស្មោះនឹងគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតឆ្នាំ២០១៨ គឺជាផ្នែកនៃ “ការពិភាក្សារាល់ថ្ងៃរបស់យើង” ប៉ុន្តែ ព្រះអង្គបដិសេធមិនមានបន្ទូលច្បាស់លាស់ទេ ផ្ទុយទៅវិញព្រះអង្គបានមានបន្ទូលថា មេបញ្ជាការទាំងអស់ដូចជា នាយឧត្តមសេនីយ៍ គីម អាចនៅតែរឹងរូស។ ព្រះអង្គមានបន្ទូលថា “តើវាទំនងឬមិនទំនងក៏ដោយ យើងនឹងចាំមើល ហើយយើងនឹងចាំមើលថាតើគាត់នឹងមានកងឯកភាពខ្លះគាំទ្រឬយ៉ាងណា ពីព្រោះខ្ញុំមិនគិតថា កងទ័ពទាំងមូលនឹងអនុវត្តតាមទេ។ខ្ញុំចាំមើលថា តើមានកងឯកភាពប៉ុន្មានដែលគាត់អាចដឹកនាំ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់”។ គណបក្សប្រជាជនកម្ពុជាបានសន្យាម្តងហើយម្តងទៀតថា ខ្លួននឹងគោរពការចាញ់ឆ្នោត ប៉ុន្តែ អ្នកសង្កេតការណ៍ជាច្រើននៅតែមានមន្ទិលសង្ស័យថា លោក ហ៊ុន សែន នឹងលះបង់ចោលអាណាចក្រដែលលោកបានកសាងឡើងដោយងាយៗនោះទេ។ កាលពីថ្ងៃពុធ នាយឧត្តមសេនីយ៍ សារឿន អគ្គមេបញ្ជាការកងទ័ពបាននិយាយថា លោកមិនអាចធ្វើអត្ថាធិប្បាយ ថាតើឧត្តមសេនីយ៍ដែលស្និទ្ធនឹងលោក ហ៊ុន សែន អាចចេញមកគាំទ្ររដ្ឋាភិបាលគណបក្សសង្គ្រោះជាតិឬយ៉ាងណាទេ ប្រសិនបើគណបក្សនេះឈ្នះឆ្នោតក្នុងរយៈពេលពីរឆ្នាំទៀតនោះ។ នាយឧត្តមសេនីយ៍ សារឿន បាននិយាយដោយបដិសេធមិនអត្ថាធិប្បាយ ថាតើវាជាការលំបាកសម្រាប់យោធាក្នុងការនៅជាអព្យាក្រឹត នៅពេលដែលពាក់ព័ន្ធនឹងមិត្តចាស់ថា “ចំពោះសំណួរនេះ ខ្ញុំមិនអាចផ្តល់ចម្លើយពេលនេះបានទេ ហើយសំណួរនេះមិនគួរសួរក្នុងពេលនេះដែរ ព្រោះមិនទាន់ដល់ពេលទេ”។ នាយឧត្តមសេនីយ៍រូបនេះបាននិយាយថា “មិនអត្ថាធិប្បាយទេ។ តាមធម្មតា កងទ័ពការពារជាតិនិងមាតុភូមិ”។ លោក ហ៊ុន សែន មិនស្ទាក់ស្ទើរក្នុងការប្រើយោធាដើម្បីគាំទ្រការគ្រប់គ្រងរបស់លោកទេ ជាពិសេសបំផុតបានពឹងអ្នកគាំទ្រស្មោះរបស់លោកអំឡុងពេលមានការប្រយុទ្ធប្រដាប់អាវុធនាខែកក្កដា ឆ្នាំ១៩៩៧ ដែលបានពង្រឹងអំណាចរបស់លោក ហើយក៏លើកឡើងអំពីសន្តិភាព និងការគំរាមប្រើទ័ពក្នុងពេលធ្វើសុន្ទរកថាជារឿយៗរបស់លោកដែរ។ ទោះជាយ៉ាងនេះក្តី លោក លី ម័រហ្គេនបេសឺ ដែលស្រាវជ្រាវការបោះឆ្នោតស្ថិតក្រោមអំណាចផ្តាច់ការនានានៅឯសាកលវិទ្យាល័យហ្គ្រិហ្វហ្វិតប្រទេសអូស្ត្រាលីនិយាយថា វាមិនច្បាស់ថា តើមានអ្វីច្រើនជាងការគ្រាន់តែគំរាមប្រើកងប្រដាប់អាវុធដែលនឹងត្រូវការ ដើម្បីពង្រឹងអំណាចគណបក្សប្រជាជនកម្ពុជាឬយ៉ាងណាទេ។ […]

The post ក្រឡេកមើល​ទៅ​យោធា ​លោក ​ហ៊ុន សែន ​ជួប​សមមិត្តចាស់ appeared first on The Cambodia Daily.