ប្រាក់​ខែ​តិច ឬ​ក៏​យុវជន​ចាយ​ច្រើន​ពេក?

ប្រាក់​ខែ​តិច ឬ​ក៏​យុវជន​ចាយ​ច្រើន​ពេក?

ភ្នំពេញៈ នៅរៀងរាល់ដើមខែ នៅតាមភោជនីយដ្ឋាន ផ្សារទំនើប និងកន្លែងកម្សាន្តនានា ពោរពេញទៅដោយក្រុមយុវវ័យមួយចំនួនដែលមានការងារធ្វើ ទើបតែនឹងបើកប្រាក់ខែរបស់ខ្លួន។ ក៏ប៉ុន្តែ ស្ទើរតែចុងខែចូលមកដល់មិនទាន់ផង គេតែងតែលឺយុវជនទាំងនោះជាច្រើនរអ៊ូថា អស់លុយចាយ។

តើបញ្ហានេះបណ្តាលមកពីប្រាក់ខែតិចពេកចាយមិនគ្រាន់ ឬ ក្រុមយុវជនខ្លួនឯងចាយខ្ជះខ្ជាយពេក ជាហេតុធ្វើឲ្យពួកគេមិនអាចសន្សំប្រាក់ដើម្បីវិនិយោគលើអ្វីផ្សេងៗបាន?

លោក ឈាង សុផាន់ណា សហគ្រិនវ័យក្មេងមួយរូប និងជាប្រធានក្រុមហ៊ុន Sevensys Corporaion បានឲ្យដឹងថា កត្តានេះបណ្តាលមកពីប្រាក់ខែរបស់ប្រជាជន ជាពិសេស យុវវ័យដែលស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការងារ នៅមានកម្រិតទាប ស្របពេលដែលរបស់នានាមានតម្លៃថ្លៃ។

លោកនិយាយថា៖ «ដោយសារតែសេដ្ឋកិច្ចយើងនៅកំពុងតែអភិវឌ្ឍ ធ្វើឲ្យប្រាក់ខែនៅតិច ហើយការនាំចូលច្រើនជាងនាំចេញ នាំឲ្យទំនិញ និងសេវាកម្មជាច្រើនមានតម្លៃថ្លៃ។ នៅស្រុកខ្មែរ ចាយសន្សំបំផុតក៏អស់មួយថ្ងៃ ៥ ដុល្លារដែរ នេះមិនទាន់គិតពីការសន្សំផង»។

លោកបន្តថា៖ «នេះជាឧបសគ្គមួយចំពោះការសន្សំដើម្បីវិនិយោគ។ សម្រាប់អ្នកធ្វើការធម្មតានៅកម្ពុជា គឺពិបាកសន្សំប្រាក់ខែរបស់ខ្លួនណាស់ ព្រោះការចំណាយច្រើនពេក»។

យោងតាមការឲ្យដឹងរបស់ធនាគារពិភពលោក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់ទៅជាង ៧ ភាគរយយ៉ាងណាក្តី ជញ្ជីងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាផ្អៀងទៅខាងការនាំចូល ខណៈប្រជាជនជាច្រើនដែលបានងើបចេញផុតពីភាពក្រីក្រ «មានជីវភាពលើសកម្រិតក្រីក្រក្នុងកម្រិតតូចតែប៉ុណ្ណោះ» ជាមួយនឹងប្រាក់ខែជាមធ្យមខ្ទង់ ១០០ ដុល្លារ។

ដោយឡែក លោក សុខ សុភមង្គល សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Codingate ដែលបានទទួលពានរង្វាន់វ័យឆ្លាតបច្ចេកវិទ្យារបស់សហគ្រិនវ័យក្មេង បានអះអាងថា ការចាយប្រាក់ខែសល់ ឬមិនសល់អាស្រ័យទៅលើផ្នត់គំនិត និងស្មារតីសន្សំសំចៃរបស់យុវជន ជាជាងសេដ្ឋកិច្ចរបស់ប្រទេស។

លោកថា៖ «បើទោះបីជាប្រាក់ខែច្រើនប៉ុណ្ណាក៏ដោយ ឲ្យតែចាយមិនចេះគិត គឺពិតជាមិនសល់សម្រាប់សន្សំនោះទេ។… និន្នាការចូលចិត្តការកម្សាន្តសប្បាយ និងទិញទំនិញប្រចាំថ្ងៃ គឺជាឧបសគ្គ សម្រាប់បងប្អូនយុវវ័យក្នុងការសន្សំដើមទុន និងការបង្កើតជាអាជីវកម្ម»។

លោកបន្តថា៖ «ប្រសិនជាយើងចាយដោយសន្សំសំចៃ មានផែនការច្បាស់លាស់ កុំចេះតែឃើញទិញៗ ពិតជាសល់ប្រាក់សន្សំ។ ទោះបីជាមានតិចតួចក្តី យូរៗទៅគង់តែអាចមានគ្រប់គ្រាន់សម្រាប់ការវិនិយោគ។ មធ្យោបាយល្អបំផុត គឺការបណ្តុះបណ្តាលផ្នត់គំនិតយុវវ័យឲ្យចេះសន្សំប្រាក់ពីក្មេង»។

លោក សុខ សុភមង្គលបានបង្ហើបថា ក្រុមហ៊ុនរបស់លោកកំពុងតែធ្វើការអភិវឌ្ឍកម្មវិធីទូរស័ព្ទជាភាសាខ្មែរមួយ ដែលនឹងជួយទៅដល់ការកត់ត្រាចំណូលចំណាយ និងផែនការសន្សំប្រាក់ ដែលអាចជួយយុវជនកម្ពុជាឲ្យចេះរៀបចំគម្រោងហិរញ្ញវត្ថុ ដែលជាផ្នែកដ៏សំខាន់នៃការកសាងមុខជំនួញ ពីវ័យក្មេងឡើងទៅ៕

ប្រភព ៖ postkhmer