ឃើញ​ដំរី​ជុះ កុំ​ព្យាយាម​ជុះ​តាម​ដំរី សម្ភារ​ទំនើបៗ​បាន​អូស​ទាញ​យុវវ័យ​ខ្លះ​ឲ្យ​ភ្លើត​ភ្លើន

ឃើញ​ដំរី​ជុះ កុំ​ព្យាយាម​ជុះ​តាម​ដំរី សម្ភារ​ទំនើបៗ​បាន​អូស​ទាញ​យុវវ័យ​ខ្លះ​ឲ្យ​ភ្លើត​ភ្លើន

ការរស់នៅក្នុងយុគសម័យទំនើបកម្មនិងបច្ចេកវិទ្យាទំនើប យុវជនត្រូវតែខិតខំដើរឲ្យទាន់ ថ្វីដ្បិតតែវាលំបាក ឬត្រដាបត្រដួសយ៉ាងណាក៏ដោយ។ បច្ចុប្បន្ននេះ ម៉ូតូ រថយន្ដ គ្រឿងអលង្ការ សម្ភារប្រើប្រាស់ ជាពិសេស ទូរស័ព្ទដៃទំនើបៗ សុទ្ធតែជាក្ដីប៉ងប្រាថ្នារបស់យុវវ័យគ្រប់ៗរូប។ស្របពេល យុវវ័យមួយចំនួនដែលមិនមែនជាកូនអ្នកមាន ឬក៏គ្មានប្រាក់ចំណូលខ្ពស់ ចង់សម្របខ្លួនទៅក្នុងពិភពបច្ចេកវិទ្យាទំនើប តើពួកគេគួរតែជម្នះទិញទូរស័ព្ទទំនើបមួយគ្រឿងតម្លៃស្នើនឹងប្រាក់ បៀវត្សរ៍គេ ៤ ទៅ ៥ ខែដែរឬទេ? តើវាពិតជាចាំបាច់ណាស់មែនទេ?ឧទាហរណ៍ជាក់ស្ដែង កញ្ញា សោម និមល វ័យ ២០ឆ្នាំ ជាបុគ្គលិកហាងលក់គ្រឿងទេសមួយដែលមានកាន់ទូរស័ព្ទ អាយហ្វូន ក្នុង ដៃបានប្រាប់ពីបំណងរបស់ខ្លួនថា៖ «ខ្ញុំទិញទូរស័ព្ទនេះតាមរយៈសេវាកម្មបង់រំលស់ជារៀងរាល់ខែ ពីព្រោះខ្ញុំគ្មានលុយទិញវាតែម្ដងបានទេ»។

កញ្ញាបានឲ្យដឹងថា កញ្ញាទទួលបានប្រាក់ខែត្រឹមតែ ១០០ ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្ដែគាត់នៅតែខំប្រឹងបែងចែកប្រាក់មួយផ្នែកសម្រាប់សេវាកម្មបង់រំលស់។កញ្ញាបានបន្ដថា៖ «ពេលខ្លះ ខ្ញុំមានការខ្វះខាតដែរ នៅពេលខ្ញុំត្រូវយកលុយទៅបង់រំលស់។ ដូច្នេះ ខ្ញុំតែងតែខ្វះខាតនូវរាល់ការចំណាយលើសម្លៀកបំពាក់ និងម្ហូបអាហារជាដើម»។កញ្ញា និមល បានបន្ថែមថា៖ «ខ្ញុំទិញទូរស័ព្ទនេះដើម្បីតែនិយាយ និងលេងហ្គេមប៉ុណ្ណោះ។ ខ្ញុំអត់ចេះប្រើអីច្រើនទេ ប៉ុន្តែនៅពេលខ្ញុំមានវា វាមើលទៅឡូយហើយពេលយើងលើកទូរស័ព្ទមកប្រើម្តងៗ វាមិនធ្វើឲ្យយើងខ្មាសគេ»។

រីឯលោក កាន បូរ៉ា អាយុ ២៣ឆ្នាំ ជាកម្មកររោងចក្រដែលកំពុងតែត្រូវបង់រំលស់ទូរស័ព្ទដៃ បានប្រាប់ថា៖ «ខ្ញុំទិញទូរស័ព្ទទំនើបនេះ ខ្ញុំត្រូវចាយត្បិតត្បៀតណាស់ បើមិនដូច្នោះទេចាយអត់គ្រប់ទេ។ ខ្ញុំទិញទូរស័ព្ទគ្រាន់ទុកថតរូប និងនិយាយប៉ុណ្ណោះ មិនមានអ្វីច្រើនទេពីព្រោះខ្ញុំមិនចេះភាសាអង់គ្លេស ហើយអត់សូវដឹងពីកម្មវិធីច្រើន។ តែពេលមានវាប្រើ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងទាន់សម័យនិងកាលីប»។

បើតាមសម្តីរបស់កញ្ញា និមល និងលោក បូរ៉ា និងការសង្កេតផ្ទាល់ទៅលើស្ថានភាពសង្គមបច្ចុប្បន្ន យើងឃើញថា មនុស្សមួយចំនួនផ្តោតយ៉ាងខ្លាំងទៅលើសោភណភាព និងភាពទំនើបនៃសម្ភារនិយម។ ប៉ុន្តែពួកគាត់មិនបានប្រើសម្ភារទំនើប និងមានតម្លៃខ្ពស់ទាំងនោះឲ្យសមនឹងសក្តានុពលរបស់វានោះទេ។ ពួកគាត់ព្យាយាមធ្វើយ៉ាងណាឲ្យតែបានវាមកប្រើប្រាស់ ស្របពេលពួកគាត់ត្រូវចំណាយច្រើន និងចេះប្រើប្រយោជន៍តិច។

ចំពោះ លោក មាស សារិត អាយុ ៥៥ឆ្នាំ ជាមន្ត្រីរាជការ និងជាឪពុកម្នាក់បានឲ្យដឹងថា៖ «ខ្ញុំឃើញមែន! ជាពិសេស យុវជន ពួកគាត់ចូលចិត្តលេងម៉ូដ ម៉ាកទូរស័ព្ទណាស់ ទាំងវាមានតម្លៃថ្លៃ។ កូនខ្ញុំក៏វាទារទិញដែរ ប៉ុន្តែខ្ញុំមិនទិញឲ្យទេ ព្រោះគិតថាពួកវាអត់ទាន់ចេះប្រើវាឲ្យមានប្រយោជន៍ទេ បានត្រឹមតែយកទៅអួតមិត្តភក្តិគ្នាប៉ុណ្ណោះ»។

ទាក់ទងទៅនឹង បញ្ហានេះ លោក ខាន់ ចិន្តា ជាសាស្ដ្រាចារ្យបញ្ចប់ថា្នក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ បានលើកឡើងថា៖ «ខ្ញុំចង់ឲ្យពួកគាត់ពិចារណានូវពាក្យសម្ដីរបស់អ្នកជំនាញក្នុង ហិរញ្ញវត្ថុមួយរូបឈ្មោះ វ៉រ រិនបុសហ្វិត ដែលបាននិយាយថា ប្រសិនបើអ្នកទិញរបស់ដែលអ្នកមិនត្រូវការចាំបាច់ អ្នកនឹងលក់វាចេញក្នុងពេលឆាប់ៗ។ ក្នុងនេះខ្ញុំចង់សង្កត់បញ្ជាក់ថា ទូរស័ព្ទស្មាតហ្វូនទាំងឡាយ អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកសិក្សាទូទៅ។ ដូច្នេះប្រសិនបើយើងទិញទូរស័ព្ទស្មាតហ្វូនគ្រាន់តែដើម្បីនិយាយ យើងគួរតែពិចារណាទិញតែទូរស័ព្ទធម្មតាទៅបានហើយ»។

ឃើញ​ដំរី​ជុះ កុំ​ព្យាយាម​ជុះ​តាម​ដំរី សម្ភារ​ទំនើបៗ​បាន​អូស​ទាញ​យុវវ័យ​ខ្លះ​ឲ្យ​ភ្លើត​ភ្លើន
ប៉ុន្ដែលោក ម៉ម សុធារិទ្ធិ អាយុ ២៥ឆ្នាំ ជាបុគ្គលិកនៃធនាគារមួយនៅក្នុងទីក្រុងភ្នំពេញបាននិយាយថា៖ «មុននឹងខ្ញុំទិញបង់រំលស់ទូរស័ព្ទនេះខ្ញុំគិតថា វាមានប្រយោជន៍ច្រើនសម្រាប់ការងារនិងការសិក្សាខ្ញុំ ពីព្រោះវាតូច និងមានល្បឿនលឿន។ គ្រាន់តែភ្ជាប់អ៊ីនធឺណិត ខ្ញុំអាចធ្វើការទាក់ទងគ្នាបានយ៉ាងស្រួលក្នុងបណ្តាញព័ត៌មាន សង្គម ហើយអាចផ្ញើឯកសារ និងរូបភាពបានដោយមិនបាច់ប្រើកុំព្យូទ័រ»។

ចំពោះទស្សនៈផ្ទាល់ របស់កញ្ញាណា ជាបុគ្គលិកនៃក្រុមហ៊ុនបង់រំលស់មួយនៅក្នុងទីក្រុង ភ្នំពេញ បានឲ្យ ដឹងថា ចំនួនអតិថិជនដែលទិញសម្ភារទំនើបតាមរយៈសេវាកម្មបង់រំលស់បានកើន ឡើងគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុន។កញ្ញាបានប្រាប់ថា៖ «អតិថិជនដែលជ្រើសរើសសេវាកម្មនេះមានដូចជា ទូរស័ព្ទ អាយហ្វូន អាយផេត ឬអាយផតជាដើម»។កំណើន នេះមិនមែនបញ្ជាក់ថា វាគឺជាកត្តាដែលបណ្តាលឲ្យយុវជនមួយចំនួនត្រេកត្រអាលនឹងការ ប្រើប្រាស់លុយកាក់ទៅទិញរបស់របរទំនើបដោយខុសទិសដៅនោះទេ។ ផ្ទុយទៅវិញ ការសម្រេចចិត្តទាំងឡាយក៏នៅតែស្ថិតទៅលើយុវជនខ្លួនឯងផ្ទាល់ដដែលទេ។

លោក រ័ត្ន វឌ្ឍនា ជាសាស្រ្តាចារ្យផ្នែកម៉ាក្រូសេដ្ឋកិច្ចនាវិទ្យាស្ថាន ភាសាបរទេស បានមាន យោបល់ទាក់ទងនឹងបញ្ហានេះថា៖ «ខ្ញុំយល់ថា យើងមិនអាចបន្ទោសប្រព័ន្ធបង់រំលស់ដែលអាចធ្វើឲ្យយុវជនយើងមួយចំនួនភ្លើតភ្លើននឹងការប្រើប្រាស់របស់របរទំនើបទេ។ទោះបីជាពួកគេ ចង់បានរបស់អ្វីមួយ ដោយមិនបង់រំលស់ក៏ដោយ ក៏ពួកគេត្រូវសន្សំដែរ។ ដូច្នេះពួកគេក៏ត្រូវតែកាត់បន្ថយការចំណាយប្រចាំថ្ងៃដូចតែគ្នាទេ។ ធាតុពិតដែលយុវជនមួយចំនួនទិញរបស់របរទំនើបដោយមិនយល់ពី អត្ថប្រយោជន៍វានោះគឺបណ្តាលមកពីបុគ្គលផ្ទាល់ខ្លួនដែលពួកគាត់ចង់បានសម្ភារថ្លៃលើសពីសមត្ថភាពរបស់ពួកគាត់ដើម្បីឡូយ ឬកាលីប និងកត្តាបរិស្ថានជុំវិញដែលពួកគាត់ឃើញមិត្តភក្តិប្រើរបស់ទំនើប ខ្លួនក៏សម្រេចចិត្តធ្វើតាមគ្នា»។

ជាចុងក្រោយ លោក រ័ត្ន វឌ្ឍនា បានផ្តល់ជាគំនិតយោបល់ដល់យុវជនថា៖ «ខ្ញុំសូមឲ្យយុវជនទាំងអស់ត្រូវតែគិតមុននឹងធ្វើអ្វីមួយ បើសិនជាគាត់អាចរកលុយខ្លួនឯងបានហើយគាត់ចង់បានរបស់របរទំនើប នោះ វាជារឿងមួយដែលប្រសើរ។ មុននឹងទិញរបស់អ្វីយើងត្រូវគិតក្នុងន័យសេដ្ឋកិច្ចយើងមិនមែន គម្រិះនោះទេ តែយើងត្រូវគិត ពីព្រោះលុយយើងរកមកវាពិបាកណាស់។ ដូច្នេះយើងត្រូវទិញរបស់មកប្រើប្រាស់ឲ្យសមនឹងតម្លៃរបស់វា មិនមែនគ្រាន់តែដើម្បីឡូយ និងទាន់សម័យនោះទេ»៕

ប្រភព ៖ postkhmer

  • ឃើញ​ដំរី​ជុះ កុំ​ព្យាយាម​ជុះ​តាម​ដំរី សម្ភារ​ទំនើបៗ​បាន​អូស​ទាញ​យុវវ័យ​ខ្លះ​ឲ្យ​ភ្លើត​ភ្លើន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:កំសាន្ត
Tags: