កូនស្រី​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​

សកម្មជន​ព្រៃឈើ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​ឈ្មួញ​ឈ្មោះ ស្រី ពេជ្រ នៅតែ​អាច​បន្តសកម្មភាព​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​កែវ​សីមា ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​ស្រុក​កែវ​សីមា និង​ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​ឈ្មោះ ស្រី ពេជ្រ អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​អាង​ឪពុក​ឈ្មោះ ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ដែលជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត គ្រាន់តែ​ឮឈ្មោះ​ឧ​ត្ត​ម​សេនីយ៍ ឃិន ម៉េង ស្រេង ពួកគេ​ដកថយ​ទៅហើយ​ព្រោះ​ឥទ្ធិពល​របស់លោក ឃិន ម៉េង​ស្រេង នៅក្នុង​ខេត្តមណ្ឌលគិរី មិនធម្មតា​ឡើយ​។

សូមបញ្ជាក់ថា​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​ការពារ​និង​តំបន់​អភិរក្ស​នៅ​ស្រុក​អូររាំង ក៏ដូចជា​ស្រុក​កែវ​សីមា កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក ព្រោះ​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​មន្ត្រីក្រោមឱវាទ មិន​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ ហេតុនេះហើយ​ទើប​មានការ​សង្ស័យថា​លោក វង់ សុក្រ​សិរី មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឈ្មួញ​ឈ្មោះ ស្រី ពេជ្រ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​ក្នុងស្រុក​អូររាំង និង​ស្រុក​កែវ​សីមា ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ស្រី ពេជ្រ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។

ប្រភពពី​ឈ្មួញ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី កំពុង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​ឈ្មោះ ស្រី ពេជ្រ ដែលជា​កូនស្រី​របស់ខ្លួន​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ឈើ​ដែល​ឈ្មួញ​ឈ្មោះ ស្រី ពេជ្រ ប្រមូល​ទិញ​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​នោះ​មានដូចជា បេង នាងនួន ធ្នង់ សុ​ក្រំ ផ្ចឹក​ជាដើម ហើយ​ឈើ​ប្រភេទ​នេះ​នៅក្នុង​ព្រៃ​សហគមន៍ ព្រៃ​ដែន​ជម្រក​សត្វ ក៏ដូចជា​តំបន់​អភិរក្ស​នៃ​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​រហូតមក​ដល់ពេលនេះ ឈ្មួញ​ឈ្មោះ ស្រី ពេជ្រ នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​ឪពុក​របស់ខ្លួន​ជា​មេ​យោធា​ខេត្តមណ្ឌលគិរី ធ្វើជា​បង្អែក​ដ៏​រឹងមាំ​រួចទៅហើយ​៕

oraing-timber d-srey-pich1-500x309 Image1លោក ឃិន ម៉េងស្រេង មេបញ្ជាកាយោធារខេត្តមណ្ឌលគិរី