ក្រុម​សង្កេត​ការណ៍​ថា​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​៤​ថ្ងៃ​ក្នុង​ខេត្ត​ស្ទឹងត្រែង​មាន​លក្ខណៈ​ល្អ​ប្រសើរ

ក្រុម​អង្កេត​ការ​បោះឆ្នោត​មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​អង្កេត​របស់​គណបក្ស​នានា​នៅ​ខេត្ត​ស្ទឹងត្រែង មើល​ឃើញ​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​រយៈពេល ៤​ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ទី​៤ កញ្ញា នៅ​គ្រប់​ការិយាល័យ​ទូទាំង​ខេត្ត​ស្ទឹងត្រែង មាន​លក្ខណៈ​ប្រសើរ​ច្រើន ហើយ​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​នីមួយៗ បាន​យល់​ច្រើន​ពី​របៀប​ការងារ​របស់​ខ្លួន។ ចំណែក​ភាព​រអាក់រអួល​ផ្នែក​បច្ចេកទេស​កុំព្យូទ័រ​មាន​តិចតួច​នៅ​ឡើយ។

មន្ត្រី គ..ប នៅ​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​វិទ្យុ បិទ​បដា​តាម​ទី​សាធារណៈ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង​ចល័ត ជាដើម។ ទន្ទឹម​នឹង​នេះ ការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​របៀប​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា ការិយាល័យ​ខ្លះ​រៀបចំ​បាន​ល្អ​ច្រើន ខ្លះ​មាន​ចំណុច​ខ្វះខាត​បន្តិចបន្តួច។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ខេត្ត​ស្ទឹងត្រែង លោក ពុយ ចាន់ថាឡាក់ កត់​សម្គាល់​ថា របៀប​ធ្វើ​ការ​របស់​ក្រុម​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​នីមួយៗ​មាន​លក្ខណៈ​ប្រសើរ​ច្រើន ហើយ​ភាព​រអាក់រអួល​មាន​តិចតួច​ទេ ដោយសារ​ការី​កុំព្យូទ័រ​ប្រើប្រាស់​ឧបករណ៍​ថ្មី ហើយ​ការ​គ្រប់គ្រង​ទិន្នន័យ​ទាំងអស់ ពួក​គេ​ទើប​តែ​ប្រើប្រាស់​ជា​លើក​ដំបូង​ដែរ។ តែ​យ៉ាង​ណា​ក៏ដោយ ការ​រអាក់រអួល​នេះ​ពុំ​មាន​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ទេ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុម​បច្ចេកទេស​នៃ​លេខាធិការដ្ឋាន គ..ប ខេត្ត​ស្ទឹងត្រែង ចុះ​អន្តរាគមន៍​ទាន់​ពេល។ លោក​បញ្ជាក់​ថា ការី​កុំព្យូទ័រ​នីមួយៗ​សុទ្ធតែ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ច្បាស់លាស់ មុន​នឹង​មក​ធ្វើ​ការ​នេះ៖ «រអាក់រអួល​តិចតួច​នេះ​ដោយសារ​មាន​ទំនាក់ទំនង​ល្អ​គាំទ្រ​ពី​អ្នក​បច្ចេកទេស​នៅ​លេខាធិការដ្ឋាន​បោះឆ្នោត​ខេត្ត គាត់​បាន​ជួយ​គាំទ្រ​ទាន់​ពេលវេលា ធ្វើ​ឲ្យ​ដំណើរ​ការ។ ឃុំ​មួយ​ចំនួន​តូច​អាច​មាន​ភាព​ប្រក្រតី ដំណើរ​ការ​បន្តបន្ទាប់​បាន​ជា​ល្អ​ប្រសើរ»

ពលរដ្ឋ​រស់នៅ​ឃុំ​សាមឃួយ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លោកស្រី ថាក សុធារី ចាត់​ទុក​បច្ចេកវិទ្យា​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ​ថា​មាន​លក្ខណៈ​ប្រសើរ​ច្រើន​ជាង​មុន និង​មាន​ទំនុក​ចិត្ត​ខ្ពស់។ លោកស្រី​កត់​សម្គាល់​ថា បទពិសោធន៍​កន្លង​ទៅ ប្រសិន​បើ​ពលរដ្ឋ​មិន​ចុះ​ឈ្មោះ​បោះឆ្នោត អាជ្ញាធរ​មូលដ្ឋាន​មិន​អើពើ​ជួយ​ជ្រោមជ្រែង​ធ្វើ​លិខិត​ស្នាម​នានា និង​អន្តរាគមន៍​បញ្ហា​ផ្សេងៗ​ជូន​ពលរដ្ឋ​នោះ​ទេ។ បញ្ហា​នេះ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​លោកស្រី​បារម្ភ ទើប​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​បោះឆ្នោត៖ «ឧទាហរណ៍​ថា គេ​ធ្វើ​អ្វី​ម្យ៉ាង គេ​ក៏​អត់​ហៅ​យើង គេ​ក៏​ធ្វើ​អត់​ដឹង​អត់​ឮ​រហូត មាន​រឿង​អ្វី​ម្យ៉ាង​យើង​ក៏​ពិបាក»

លេខា​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ខេត្ត​ស្ទឹងត្រែង អ្នកស្រី ម៉ៅ សុធា កត់​សម្គាល់​ថា រយៈពេល ៤​ថ្ងៃ​មក​នេះ ពលរដ្ឋ​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត និង​មន្ត្រី​ឃុំ-សង្កាត់​ដែល​ចូលរួម​រៀបចំ​កន្លែង​ចុះ​ឈ្មោះ​បាន​ប្រសើរ​ច្រើន។ លើស​ពី​នេះ របៀប​ចាត់ចែង​សណ្ដាប់ធ្នាប់ និង​ការ​រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត មាន​លក្ខណៈ​ល្អ​ដែរ។ អ្នកស្រី​ថា ការិយាល័យ​នីមួយៗ​មាន​អាជ្ញាធរ​ឃុំ-សង្កាត់​ត្រៀម​រៀបចំ​ឯកសារ​ចុះ​ឈ្មោះ​ជូន​ពលរដ្ឋ​នៅ​ពេល​ពួក​គេ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​ចុះ​ឈ្មោះ៖ «ឲ្យ​ពលរដ្ឋ​តម្រង់​ជួរ​គាត់​ហៅ​លេខ​ពីរ លេខ​បី កន្លែង​ខ្លះ​គាត់​បង់​លេខ​ឲ្យ​ចាប់​ទៀត។ អត់​មាន​រញ៉េរញ៉ៃ​អី​ទេ ហើយ​មាន​ដូច​ថា​ជា​អ្នក​ពោះ​ធំ​កូន​ខ្ចី​តូច​ហើយ ជន​ពិការ​ហ្នឹង គឺ​ខ្ញុំ​ឃើញ​ផ្ទាល់​គាត់​អនុញ្ញាត​ឲ្យ​មក​មុន»

អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ស្ទឹងត្រែង លោក សាត ស៊ិន ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ចុះ​ឈ្មោះ​កាល​ពី​ថ្ងៃ​ទី​១ និង​ទី​២ ការិយាល័យ​ឃុំ​កំភុន និង​ឃុំ​ក្បាលរមាស ស្រុក​សេសាន មាន​សមត្ថកិច្ច​ពាក់​ឯកសណ្ឋាន​បាន​ជួយ​ជ្រោមជ្រែង​ចុះ​ឈ្មោះ​ជាមួយ​ពលរដ្ឋ ផ្ទុយ​ពី​ការ​កំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ បញ្ហា​នេះ លោក​បាន​ជម្រាប​មន្ត្រី គ..ប ខេត្ត​រួច​ហើយ ដើម្បី​អន្តរាគមន៍។ លោក​ថា ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន ១.៦៨៧​នាក់​នៅ​ទូទាំង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ៣៤​ឃុំ-សង្កាត់​នៃ​ខេត្ត​ស្ទឹងត្រែង ហើយ​ភ្នាក់ងារ​នីមួយៗ​ធ្លាប់​ទទួល​បាន​ការ​បណ្តុះបណ្តាល​ពី​ក្រម​សីលធម៌​អ្នក​សង្កេតការណ៍​បោះឆ្នោត​ច្បាស់លាស់៖ «សមត្ថកិច្ច​ប៉ូលិស​គាត់​នៅ​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត។ ក្រោយ​ពី​មាន​ធ្វើ​ការ​អន្តរាគមន៍​ទៅ​លេខាធិការដ្ឋាន ក្រោយ​មក​ឃើញ​សន្តិសុខ​គាត់​ឆ្ងាយ​ពី​កន្លែង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង»

តួលេខ​បណ្ដោះអាសន្ន​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ស្ទឹងត្រែង ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បី​ថ្ងៃ​កន្លង​ទៅ​មាន​ប្រជាពលរដ្ឋ​ជាង ៧​ពាន់​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ៨​ម៉ឺន​នាក់​ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។