អ្នកវិភាគនយោបាយ៖ កងទ័ពមានភាពលំអៀង និងមិនបានការពារប្រជាជននៅឡើយ

អ្នកវិភាគនយោបាយនៅកម្ពុជាថាកងទ័ពមានភាពលំអៀង និងមិនបានការពារប្រជាជននៅឡើយទេ។ ការលើកឡើងរបស់អ្នកវិភាគនយោបាយនៅកម្ពុជានេះ គឺឆ្លើយតបទៅនឹងការប្រកាសរបស់មេបញ្ជាការរងកងយោធពលខេមរភូមិន្ទពីការការពារដាច់ខាតនូវព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

លោកបណ្ឌិត មាស នី ជាអ្នកវិភាគនយោបាយបានប្រាប់វិទ្យុបារាំងអន្តរជាតិថា លោកមិនទាន់ឃើញភស្តុតាងអ្វីជាដុំកំភួនរបស់យោធា ក្នុងការការពារប្រជាជនទេ។ ប៉ុន្តែអ្វីដែលលោកមើលឃើញក្នុងរយៈពេល២ឆ្នាំចុងក្រោយ គឺកងទ័ព ឬកងកម្លាំងប្រដាប់អាវុធត្រូវបានគេប្រើ ដើម្បីគំរាមពលរដ្ឋខ្លួនឯង ជាជាងការការពារ។

លោកថាការបង្ហាញកម្លាំងទ័ពថ្មីៗនេះ គឺបញ្ជាក់ថារដ្ឋាភិបាលមានការព្រួយបារម្ភខ្លាំង ទៅលើចលនាមហាជន។ លោកបន្ថែមថារដ្ឋាភិបាលក៏ប្រហែលសម្លឹងឃើញការប្រឈមគ្នាជាមួយនឹងកម្លាំងប្រដាប់អាវុធក្រុមផ្សេងទៀត នៅក្នុងស្ថានការណ៍នយោបាយសព្វថ្ងៃ។

លោក អ៊ូ វីរៈ ជាអ្នកវិភាគនយោបាយកម្ពុជា បានឲ្យដឹងថាការអះអាងរបស់កងទ័ពពីការការពាររដ្ឋធម្មនុញ្ញ ឬការពាររដ្ឋាភិបាលស្របច្បាប់ ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែលោកអ៊ូ វីរៈមើលឃើញថាកងកម្លាំងយោធាមានភាពលំអៀងខ្លាំងពេក ហើយអ្នកតាមដាននយោបាយនៅកម្ពុជាមិនទុកចិត្តយោធាទេ ដោយសារតែនៅមានភាពលំអៀង យោធានៅមានភាពរញ៉េរញ៉ៃ រួមទាំងការប្រើប្រាស់កម្លាំងវាយបាតុករជាដើម។ លោកអ៊ូ វីរៈ ថាបើយោធាចាប់ផ្តើមពង្រឹងភាពហ្មត់ចត់ក្នុងការងារ នោះប្រជាពលរដ្ឋនឹងឲ្យតម្លៃជាងមុន។

លោកហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងនៅព្រឹកថ្ងៃទី០៤ កញ្ញា ថា កងអង្គរក្សនឹងការពារដាច់ខាតនូវ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីរក្សាសុខសន្តិភាព និងសុវត្ថិភាព។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បញ្ជាការដ្ឋានអង្គរក្សបានប្រារព្ធពិធីរំលឹកខួប២៦ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និង ខួបលើកទី៨ឆ្នាំ នៃការបង្កើតអង្គភាពរបស់ខ្លួន ៤ កញ្ញា ឆ្នាំ២០០៩។

នេះមិនមែនជាលើកទី១ទេ ដែលមេទ័ពបានអំពាវនាវឲ្យកងទ័ពការពាររដ្ឋាភិបាលស្របច្បាប់។ កាលពីថ្ងៃទី៣ កញ្ញា លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមខ្លួនឲ្យបានល្អដើម្បីអនុវត្តបទបញ្ជាថ្នាក់លើក្នុងការការពារ និងទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត៕

ប្រភព៖ RFI


Related Posts