ស្ងាត់ៗ លេចចេញរថយន្តពាក់ស្លាកលេខខេមរភូមិន្ទលួចបង្កប់ដឹកឈើប្រណីតខុសច្បាប់កក្រើកខេត្តព្រៃវែង

សេចក្តីរាយការណ៍ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រៃវែងបានឲ្យដឹងថា នាពេលព្រឹកព្រលឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តបានស្រាវជ្រាវ និងស្ទាក់ចាប់បានរថយន្តដឹកឈើប្រណីតមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ 02.3-4546 នៅត្រង់ចំណុចផ្លូវបំបែក ក្នុងស្រុកព្រះស្តេច ដោយសមត្ថកិច្ចបានឆែកឆេររកឃើញឈើប្រណីតជាច្រើនដុំដាក់បង្កប់ពីក្រោមទំនិញផ្សេងៗ។

ស្ងាត់ៗ លេចចេញរថយន្តពាក់ស្លាកលេខខេមរភូមិន្ទលួចបង្កប់ដឹកឈើប្រណីតខុសច្បាប់កក្រើកខេត្តព្រៃវែង

ឈើប្រណីតខុសច្បាប់ដែលសមត្ថកិច្ចចាប់បាននេះមិនទាន់បានដឹងចំនួនពិតប្រាកដនៅឡើយ ពីព្រោះរង់ចាំឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តព្រៃវែង ធ្វើការវាស់វែងរួចរាល់ ដើម្បីឈានទៅកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់បន្ត។

មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកឃ្លាំមើលកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា អនុលោមតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ និងប្រកាសរបស់ក្រសួងការពារជាតិលេខ០៦៤/២០០៩ប្រក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការចេញប័ណ្ណ ស្លាកលេខចរាចរ និងសញ្ញាសម្គាល់ស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ បានចង្អុលបង្ហាញថា រថយន្តល្មើសដឹកឈើប្រណីតខុសច្បាប់ដែលពាក់ស្លាកលេខខេមរភូមិន្ទ 02.3-4546 គឺជារថយន្តគ្រប់គ្រងដោយក្រសួងការពារជាតិ មានឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជារដ្ឋមន្ត្រី និងប្រើប្រាស់ក្នុងស្ថាប័នកងឯកភាពអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មានឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ប៉ុល សារឿន ជាអគ្គមេបញ្ជាការ។ ដូច្នេះ ប្រសិនបើសមត្ថកិច្ចមានឆន្ទៈចង់ស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តល្មើសក្នុងសំណុំរឿងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទដឹកឈើខុសច្បាប់បង្កឲ្យប៉ះពាល់ដល់កិត្យានុភាពកងយោពលខេមរភូមិន្ទនេះថា ដឹកឲ្យឈ្មួញមួយណា ឬដឹកឲ្យអ្នកធំមានអំណាចមួយណាមិនពិបាកឡើយ គឺបារម្ភក្រែងមិនចង់អង្កេតស្រាវជ្រាវ និងចាត់ការតាមច្បាប់ប៉ុណ្ណោះ៕

ប្រភព៖ DTN7


Related Posts