ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ បញ្ជា​ឲ្យ​កូនចៅ​ដើរ​ប្រមូល​លុយ​តាម​ផ្ទះ​និង​ឃ្លាំង​ស្តុក​ទំនិញ​យ៉ាង​ទទឹងទិស​

ថ្មីៗ​នេះ​លោក ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច កំពុង​ត្រូវបាន​ឈ្មួញ​និង​អាជីវករ​មួយចំនួន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំងក្លា ពី​រឿង​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ដើរ​ជំរិត​ទារលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ពិត បញ្ញា បាន​បញ្ជា​ឲ្យ​កូនចៅ​ដើរ​ឆែកឆេរ​តាម​ផ្ទះ​និង​ឃ្លាំង​ស្តុក​ទំនិញ​តូចៗ​ដើម្បី​ពិនិត្យមើល​ពន្ធគយ ឆែក​រក​ស្លាក​សញ្ញា​ក្លែងបន្លំ បន្ទាប់មក​តម្រូវ​ឲ្យ​បង់ប្រាក់​ប្រចាំខែ​ទៀតផង​។ អ្នកដើរ​ទារលុយ​តាម​ផ្ទះ​និង​ឃ្លាំង​ស្តុក​ទំនិញ​តូចៗ​មាន​ពីរ​ក្រុម គឺ​មួយក្រុម​តម្រូវ​ឲ្យ​បង់លុយ​ពី​១០០​ដល់​៥០០​ដុល្លារ​ក្នុង​មួយខែ ចំណែក​មួយក្រុម​ទៀត​តម្រូវ​ឲ្យ​បង់លុយ​១​ឆ្នាំ​២០០​ដុល្លារ​តាម​ឃ្លាំង​តូច​ឬ​ធំ​។

អាជីវករ​និង​ឈ្មួញ​ដែល​ទទួល​ទំនិញ​ពី​ឈ្មួញ​ធំៗ​យកមក​លក់​បន្តបាន​ឲ្យ​ដឹងថា មាន​កូនចៅ​របស់លោក​ស្នងការរង ពិត បញ្ញា ម្នាក់​ឈ្មោះ សុខ លី គឺជា​អ្នក​ដើររក​ទីតាំង​ស្តុក​ទំនិញ​ដើម្បី​ប្រមូល​ផលប្រយោជន៍​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​គឃ្លើន​។ ទង្វើ​របស់​មន្ត្រីនគរបាល​ក្រោម​ការគ្រប់គ្រង​ពី​សំណាក់​លោក ពិត បញ្ញា គឺ​មិន​ញញើត​ទៅនឹង​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះឡើយ​។ ជាក់ស្ដែង​សូម្បីតែ​ឈ្មួញ​តូចតាច​និង​អាជីវករ​មាន​ស្តុក​ទំនិញ ឬ​ឥ​វ៉ាន់​បន្តិចបន្តួច​ក្នុងផ្ទះ ឬ​ក្នុង​ឃ្លាំង​តែងតែ​ត្រូវ​លោក ពិត បញ្ញា ប្រើ​កូនចៅ​ឲ្យ​មក​ឆែកឆេរ​ជា​បន្តបន្ទាប់ ប៉ុន្តែ​គេ​មិន​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​នោះទេ​។ ប្រការនេះ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ខ្លះ​ផង​ព្រោះ​ទង្វើ​របស់លោក​ស្នងការ​រង ពិត បញ្ញា កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​ឈ្មួញ​និង​អាជីវករ​តូចតាច​។

តាម​ការអះអាង​របស់​ឈ្មួញ​និង​អាជីវករ​តូចតាច​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​ពួកគាត់​ទទួល​ទំនិញ​ពី​ឈ្មួញ​ធំៗ​យកមក​លក់​បន្ត​ដោយ​មិនបាន​ដឹងថា ជា​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ឬ​មាន​អ្វី​ផ្សេង​នោះទេ ព្រោះ​គេ​ធានា​ដឹក​ដល់ផ្ទះ​។ ឥឡូវនេះ​នៅពេល​កូនចៅ​លោក ពិត បញ្ញា ចុះមក​ឆែកឆេរ​ជាប្រចាំ​ហើយ​តម្រូវ​ឲ្យ​បង់លុយ​តាម​ការកំណត់​នោះ គឺ​ពួកគាត់​ស្ទើរតែ​លែង​ហ៊ាន​ទទួល​ទំនិញ​យកមក​ស្តុក​ទុក​ក្នុងផ្ទះ​ឬ​ស្តុក​ទុក​ក្នុង​ឃ្លាំង ដើម្បី​លក់​បន្ត​ដូច​មុន​ទៀតឡើយ​។ ដោយហេតុថា បើ​គិតពី​ប្រាក់ចំណេញ​និង​ប្រាក់​ដែល​កូនចៅ​លោក ពិត បញ្ញា តម្រូវ​ឲ្យ​បង់​គឺ​ពួកគាត់​ត្រូវ​ខាត់​អស់​ចុង​អស់​ដើម​តែម្តង ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​និង​ចាត់វិធានការ​ជាបន្ទាន់ កុំ​ឲ្យ​លោក ពិត បញ្ញា និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

Net-Savoeunលោក នេត សាវឿន អគ្កស្នងការនគរបាលជាតិ Pic238