សមត្ថកិច្ច​រឹប​អូស​សម្ភារៈ​របស់​សហគមន៍​បុរីកីឡា​ដែល​ត្រៀម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

កង​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ រឹប​អូស​យក​សម្ភារៈ​របស់​សហគមន៍​បុរីកីឡា​ដែល​ត្រៀម​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»។ តំណាង​សហគមន៍​បុរីកីឡា និង​មន្ត្រី​សិទ្ធិ​មនុស្ស ហៅ​ការ​រារាំង​របស់​អាជ្ញាធរ​នេះ ថា​ជា​ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ​មិន​ឲ្យ​បញ្ចេញ​មតិ និង​បំភ័យ​ប្រជាពលរដ្ឋ។

អាជ្ញាធរ​ប្រមាណ ២០​នាក់ នៅ​ថ្ងៃ​ទី​៥ កញ្ញា បាន​ដើរ​ចូល​អគារ​ដ៏​ចាស់​មួយ​ក្នុង​បុរីកីឡា ដណ្ដើម​យក​មឈូស​ស្នោ ទង់​ខ្មោច បដា និង​ក្រដាស​ពី​ប្រជាពលរដ្ឋ​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ដីធ្លី។ ពលរដ្ឋ​នៃ​សហគមន៍​នេះ គ្រោង​រៀបចំ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» គម្រប់​សប្ដាហ៍​ទី​១៨។

ប្រជា​ការពារ​ខណ្ឌ​៧មករា ចំនួន ៥​នាក់​ដែល​ស្លៀក​ពាក់​ឈុត​ពណ៌​គគីរ មាន​អាវ​ក្រោះ បាន​ហក់​ឡើង​លើ​ផ្ទះ​របស់​លោកស្រី ស ស៊ន តំណាង​សហគមន៍​បុរីកីឡា ចាប់​ហែក​ក្រដាស​ដែល​បិទ​លើ​ជញ្ជាំង​ផ្ទះ​ពណ៌​ស្លែ​មាន​ស្នាម​ប្រេះ ហើយ​បង្អួច និង​ទ្វារ​ផ្ទះ​រខិចរខើច​ដែល​សម្រាប់​ត្រៀម​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»។ នៅ​លើ​ក្រដាស​នោះ​មាន​រូប​បណ្ឌិត កែម ឡី និង​សរសេរ​សារ​ ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វែងរក​ឃាតក​ពិត​ដែល​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។

ខណៈ​អាជ្ញាធរ​រឹប​អូស​យក​សម្ភារៈ​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» អ្នក​ភូមិ​បុរីកីឡា​ដែល​មាន​ជម្លោះ​ដីធ្លី​ឈរ​ស្រែក​ដាក់​អាជ្ញាធរ ដោយ​ទាមទារ​ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ឲ្យ​ពួក​គាត់។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី ស ស៊ន ឈរ​ចង្អុល​ក្នុង​អគារ​ចាស់​មួយ​ស្ថិត​ក្នុង​បុរីកីឡា រ៉ាយរ៉ាប់​ប្រាប់​ក្រុម​កង​សន្តិសុខ​ខណ្ឌ​៧មករា ក្រោយ​ពេល​រឹប​អូស​សម្ភារៈ​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ថា អាជ្ញាធរ​គួរ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី ផ្ទះ​សម្បែង​ប្រជាជន មិន​មែន​មក​បំបិទ​មាត់​ប្រជាជន​នោះ​ទេ។ លោកស្រី​ហៅ​ការ​រារាំង​មិន​ឲ្យ​ធ្វើ​យុទ្ធនាការ​នេះ ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​របស់​គាត់ និង​ប្រជា​សហគមន៍​ទាំង​មូល។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។