ការ​ចំណាយ​មូលធន​របស់​ជប៉ុន​បន្ត​ចុះ​ខ្សោយ​ក្នុង​ត្រីមាស​ទី​2

ប្រទេស​ជប៉ុន ៖ ទិន្នន័យ​ការ​ចំណាយ​មូលធន​របស់​ជប៉ុន​ក្នុង​ត្រីមាស​ទី​២ នៅ​តែ​បន្ត​ចុះ​ខ្សោយ​ជាង​អ្វី​ដែល​បាន​ព្យាករណ៍​ទុក ខណៈ​ប្រាក់​ចំណេញ​របស់​អាជីវកម្ម​ធ្លាក់​ចុះ ក្នុង​ពេល​ដែល​អាជីវកម្ម​ត្បិតត្បៀត​ការ​ចំណាយ ដោយសារ​ភាពរឹងមាំ​នៃ​តម្លៃ​ប្រាក់​យេ​ន និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​តាម​ផ្ទះ និង​នៅ​បរទេស ។

ក្នុង​ឆ្នាំ​មុន បើ​ទោះជា​មានការ​ព្យាករ​ពី​អ្នកវិភាគ​ថា នឹង​កើនឡើង​៥,៥%​ពិតមែន ក៏​ការ​ចំណាយ​ក្នុង​ប្រទេស​បាន​កើនឡើង​តែ​៣,១%​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​បាន​ធ្លាក់​ចុះ​១០%​ក្នុង​ត្រីមាស​ទី​២ ខណៈ​បរិមាណ​ការ​លក់​បាន​ធ្លាក់​ចុះ​៣,៥%  ។

ទោះជា​មានការ​ខិតខំ​ប្រឹងប្រែង​ពី​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe ក្តី ក៏​ការ​ឡើង​នៃ​តម្លៃ​ប្រាក់​យេ​ន​ក្នុងឆ្នាំនេះ បាន​ធ្វើ​ឲ្យ​អាជីវកម្ម​ក្នុងស្រុក​មាន​ភាព​ស្ទាក់ស្ទើរ​ដើម្បី​បង្កើន​ការ​ចំណាយ​របស់​ខ្លួន ។ ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ភាព​លំបាក​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ព្យាយាម​របស់​លោក Abe ក្នុង​ការ​បង្កើន​ល្បឿន​សេដ្ឋកិច្ច និង​ព្យាយាម​ដាស់តឿន​ក្រុមហ៊ុន​ឲ្យ​ដំឡើង​ប្រាក់បៀវត្ស និង​បង្កើន​ការ​វិនិយោគ​ក្នុងស្រុក ។ ប៉ុន្តែ​ការ​កើនឡើង​នៃ​ការ​វិនិយោគ រួម​ជាមួយ​កញ្ចប់​ជំនួយ​ពី​រដ្ឋាភិបាល​ប្រមាណ​២៨​ទ្រី​លាន​យេ​ន អាច​ជំរុញ​ឲ្យ​តម្រូវការ​ក្នុងស្រុក​កើនឡើង ។

អ្នកវិភាគ​សេដ្ឋកិច្ច​នៃ Standard Chartered Bank របស់​ហុងកុង អ្នក​នាង Betty Rui Wang បាន​និយាយ​ថា ៖ « ផលិតករ​ជនជាតិ​ជប៉ុន​ធំ​ៗ​ជា​ច្រើន គឺជា​អ្នក​នាំ​ចេញ ។ ដូច្នេះ ខ្ញុំ​គិត​ថា ការ​កើនឡើង​នៃ​តម្លៃ​ប្រាក់​យេ​ន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​នាំ​ចេញ​ខ្លាំង​ណាស់ » ។

នាង​បន្ត​ថា ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​តម្លៃ​ប្រាក់​ក្នុង​ទីផ្សារ គឺ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ពិបាក​សម្រប​ខ្លួន​តាម និង​មាន​ផល​ប៉ះពាល់​ដល់​ស្មារតី​ជំនួញ ។ សាជីវកម្ម​ជា​ច្រើន​នៅ​តែ​មិន​ទាន់​ជឿជាក់​ថា តម្រូវការ​នឹង​កើន​មក​វិញ មាន​ន័យ​ថា ក្រុមហ៊ុន​នៅ​តែ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​វិនិយោគ​ក្នុងស្រុក ៕